ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា ជឿជាក់ថា ប្រសិនបើស្ថាប័នរដ្ឋ និងឯកជនបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មដូចបច្ចុប្បន្ន នោះ ការកៀរគរទុនពីផ្សារមូលបត្រកម្ពុជានឹងអាចឈានដល់១ពាន់លានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០២៦។ បើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ មកដល់ពេលនេះ មានក្រុមហ៊ុនជាច្រើនកំពុងដាក់សំណើសុំបោះផ្សាយលក់មូលបត្របំណុលជាបន្ដបន្ទាប់ក្នុងទំហំជិត ៥០លានដុល្លារ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា មកដល់ពេលនេះមានក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ចំនួន២៧ក្រុមហ៊ុន ដោយក្នុងនោះ មាន១២ក្រុមហ៊ុន បានចុះបញ្ជីជាភាគហ៊ុន និង១៥ក្រុមហ៊ុន ចុះបញ្ជីជាសញ្ញាបណ្ណ ដោយកៀរគរទុនវិនិយោគសរុបបានចំនួន ៧០៣លានដុល្លារអាម៉េរិក។ ឯកឧត្តមជឿជាក់ថា នៅក្នុងឆ្នាំ២០២៦ នឹងមានក្រុមហ៊ុនមកចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា បានចាត់ទុកវិស័យឯកជនជាប្រភពទុន និងជាចលករដ៏សំខាន់ក្នុងការជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារដល់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅដើមឆ្នាំ២០២៦នេះ ផ្សារមូលបត្រកម្ពុជា ទើបតែបានទទួលក្រុមហ៊ុនចុះបញ្ជីថ្មីមួយទៀត គឺ ក្រុមហ៊ុន ដូនពេញ អាហ្រ្គីកូ ដែលបានសម្រេចបោះផ្សាយមូលបត្របំណុលជាផ្លូវការរបស់ខ្លួន ក្នុងទំហំទឹកប្រាក់ ៤៩លានដុល្លារ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦៕
អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន