មន្ទីរពេទ្យ​សណ្ឋាគារសម្រាប់អ្នកជំងឺកូវីដ-១៩​ដែលមានលុយ

នៅថៃ «មន្ទីរពេទ្យសណ្ឋាគារ»លំដាប់ផ្កាយ បើកទទួល​​អ្នកជំងឺកូវីដ-១៩​​ដែលមានលុយ


ប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈ​មាន​ការត្អូញត្អែរ​ពីប្រជាជនថៃជុំវិញ​ការខ្វះ​គ្រែព្យាបាល​នៅតាមមន្ទីរពេទ្យ អ្នកជំងឺកូវីដ-១៩​ដែលមានលុយ​ចាយ​មិនខ្វះ មិន​បារម្ភ​អំពី​ការខ្វះ​គ្រែពេទ្យ​នោះ​ទេ ។ សណ្ឋាគារ​លំដាប់​ផ្កាយៗ នៅទីក្រុងបាងកក បាន​រៀបចំ​ប្រែក្លាយខ្លួនទៅជាមន្ទីរពេទ្យ​ប្រណីត​សម្រាប់​ទទួល​​អ្នកជំងឺ​លំដាប់វីអាយភី ដោយ​ក្នុងមួយយប់ អាចតម្លៃ​ដល់ទៅជិត ៤០០ដុល្លារ ។
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ចាក់វ់ាក់សាំងកូវីដ១៩ AstraZeneca នៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ រូបភាព៖ ហ្វេសប៊ុកផ្លូវការ រដ្ឋាភិបាលថៃ
ដោយ

សារព័ត៌មាន South China Morning Post ផ្សាយ​ថា នៅក្នុងទីក្រុង​បាងកក ប្រទេសថៃ មាន«មន្ទីរពេទ្យសណ្ឋាគារ» យ៉ាងហោចណាស់ ២៣កន្លែង ដែលបាន​បើកកាលពីពេលថ្មីៗនេះ ផ្ដល់​សេវាចត្តាឡីស័ក​លំដាប់​ VIP ដល់​អ្នកជំងឺ​កូវីដ-១៩ ដែល​សម្បូរលុយ ។ 

ជាក់ស្ដែង នៅសណ្ឋាគារ Pullman Grande នៅទីក្រុង​បាងកក បន្ទប់​ប្រហែល ២៥០បន្ទប់ នៃសណ្ឋាគារ​លំដាប់​ផ្កាយ ៥ នេះ បានរៀបចំកែប្រែទៅជា​គ្រែពេទ្យរបស់​មន្ទីរពេទ្យ​ឯកជន ធុនប៊ុរី នៅចំពេល​ដែលករណីឆ្លង​កូវីដ-១៩​បានកើនឡើង​យ៉ាងគំហុក នៅក្នុងប្រទេសថៃ ។

សណ្ឋាគារលំដាប់ផ្កាយដែលប្រែក្លាយជា​មន្ទីរពេទ្យទាំងនេះ ផ្ដល់សេវា​ចត្តាឡីស័ក​សម្រាប់​អ្នកជំងឺ​កូវីដ-១៩ ដែល​មាន​រោគសញ្ញា​ស្រាល ឬគ្មានរោគសញ្ញា​ និងដែល​ពុំមាន​បញ្ហា​សុខភាព​អ្វីទៀត ផ្សេងពីជំងឺ​កូវីដ-១៩ ។

នៅប្រទេសថៃ អ្នកជំងឺ​កូវីដ-១៩​អាចទទួល​ការព្យាបាល​នៅតាម​មន្ទីរពេទ្យរដ្ឋ​ដោយ​ឥតគិតថ្លៃ ប៉ុន្តែ ការសម្រាក​ធ្វើចត្តាឡីស័ក​នៅ​«មន្ទីរពេទ្យសណ្ឋាគារ» Pullman Grande នេះ អ្នកជំងឺ​អាច​ត្រូវ​ចំណាយ​ប្រាក់​ដល់ទៅ ១ម៉ឺន ២ពាន់បាត (ឬ ៣៨៤ដុល្លារអាមេរិក) ក្នុងមួយយប់ ។ នេះ​បើ​យោងតាម​​បុគ្គលិកថ្នាក់គ្រប់គ្រង​មួយរូប នៃ​មន្ទីរពេទ្យឯកជន ធុនប៊ុរី ហ៊ែល្សឃែ គ្រុប ។ 

ថ្មីៗនេះ ក្រុង​បាងកកក៏បាន​រៀបចំបង្កើត​មន្ទីរពេទ្យ​បណ្ដោះអាសន្ន ដែលភាគច្រើនប្រើប្រាស់​ទីតាំងសាធារណៈ ដូចជាកីឡដ្ឋាន ចំនួន ៤កន្លែង មាន​ចំនួនគ្រែ ១២៥០ ប៉ុន្តែ ចំនួន​នេះ​ត្រូវ​បានគេ​រាយការណ៍ថា មិន​ទាន់គ្រប់គ្រាន់​សម្រាប់​ទទួល​អ្នកជំងឺ​ដែលមានចំនួន​កើនឡើង​យ៉ាងគំហុក​នោះទេ ។ 

ប៉ុន្តែ ចំពោះបន្ទប់​«មន្ទីរពេទ្យសណ្ឋាគារ»វិញ គេរាយការណ៍ថា មានចំនួន​ប្រហែល ៤៩០០គ្រែ នៅក្នុងទីក្រុង​បាងកក ហើយចំនួននេះអាចនឹង​បង្កើនដល់ ៧០០០គ្រែ នៅពេល​ដ៏ខ្លីខាងមុខ ។ 

ទោះយ៉ាងណា សំណួរចោទសួរថា តើ​អ្នក​ជំងឺ​កូវីដ-១៩ដែលគ្មានរោគសញ្ញា ឬដែលឈឺស្រាលៗ មានលុយ​ពីណា ដើម្បី​ចូលសម្រាក​នៅក្នុង​មន្ទីរពេទ្យ​សណ្ឋាគារទាំងនេះ ខណៈ​មន្ទីរពេទ្យ​សាធារណៈ​កំពុង​ខ្វះគ្រែព្យាបាល ? 

វេជ្ជបណ្ឌិត​ឯកជនមួយរូប ដែល​សុំ​មិន​បញ្ចេញឈ្មោះ បាន​និយាយថា ការស្នាក់នៅចត្តាឡីស័ក​នៅក្នុង​មន្ទីរពេទ្យ​សណ្ឋាគារ (hospitel ជាពាក្យ​ផ្គុំ​គ្នារវាង hospital និង hotel) អាចចំណាយប្រាក់ដល់ទៅ ១២៨០០​ដុល្លារអាមេរិក ខណៈ​ដែល​ប្រាក់ខែ​មធ្យម​របស់​អ្នកទីក្រុងបាងកក មានត្រឹមតែ​ប្រហែល ២១០០០បាត (៦៧០ដុល្លារអាមេរិក) ប៉ុណ្ណោះ ៕




អត្ថបទបន្ទាប់


ក្រោយអ្នកឆ្លងកូវីដ-១៩កើនដល់២៧ម៉ឺននាក់ក្នុងមួយថ្ងៃឥណ្ឌាប្រកាសបិទរដ្ឋធានី ៦ថ្ងៃ

ព័ត៌មាន
ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប្រទេសឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ដល់ទៅជាង ២៧ម៉ឺននាក់ ដែលបណ្តាលឲ្យរដ្ឋាភិបាលឥណ្ឌា លោក ណារីន ដ្រាម៉ូឌី សម្រេច…

ចិនកំពុងសម្រួចមហិច្ឆតាដើម្បីក្លាយជាក្បាលម៉ាស៊ីនផ្គត់ផ្គត់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ពិភពលោក

ព័ត៌មាន
ប្រទេសចិន កំពុងសម្រួចមហិច្ឆិតានៅក្នុងឧស្សាហកម្មផលិតឱសថរបស់ខ្លួន ដើម្បីឈានទៅក្លាយខ្លួនជាក្បាលម៉ាស៊ីនដ៏ធំក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ