
ស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៥ ការនាំចេញផលិតផលសំបកកង់រថយន្តដែលជាផលិតផលថ្មីមួយរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង៩៧០លានដុល្លារមានការកើនឡើងជិត៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំប្រមាណជាង៦១០លានដុល្លារ។
លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកកំណើននាំចេញសំបកកង់រថយន្តជិត៦០% របស់កម្ពុជានេះ វាបានបង្ហាញពីភាពរីកចម្រើនរបស់វិស័យនេះ និងការទទួលបានទំនុកចិត្តខ្ពស់ពីវិនិយោគិនបរទេស និងទីផ្សារអន្តរជាតិ ចំពោះផលិតផលផលិតនៅកម្ពុជា។ អ្នកជំនាញរូបនេះបានបន្ថែមថា កំណើននាំចេញនេះ ក៏បានបង្ហាញពីភាពជោគជ័យ នៃការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា លើវិស័យឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ផងដែរ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា ដោយសារឧស្សាហកម្មផលិតសំបកកង់រថយន្ត គឺជាឧស្សាហកម្មដែលមានតម្រូវការបច្ចេកទេសខ្ពស់ និងអ្នកមានជំនាញច្បាស់លាស់ ដូច្នេះទាមទារឱ្យកម្ពុជា ចាំបាច់ត្រូវពង្រឹងខ្លួនបន្ថែមទៀត ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់ខ្លួន ក្នុងការទាក់ទាញវិនិយោគិនក្នុងវិស័យនេះបន្ថែមទៀត ដើម្បីទាញយកតម្លៃបន្ថែមខ្ពស់ពីវិស័យនេះចាក់ចូលក្នុងកំណើនសេដ្ឋកិច្ច។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនប្រាកដប្រជា តែតម្រូវការប្រើប្រាស់សំបកកង់រថយន្តនៅតែមានកំណើនខ្ពស់ ដែលជំរុញឱ្យការនាំចេញផលិតនេះពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានកំណើនជាបន្តបន្ទាប់។ បើតាមអ្នកជំនាញរូបនេះ ក្រោយឧស្សាហកម្មផលិតសំបកកង់រថយន្តនៅកម្ពុជា បានបើកដំណើរការជាបន្តបន្ទាប់ វាបានជួយស្រូបទាញទិន្នផលកៅស៊ូក្នុងស្រុករហូតដល់ប្រមាណ៣០% ទៅ៤០% នៃទិន្នផលជ័រកៅស៊ូសរុបក្នុងស្រុក ខណៈរោងចក្រផលិតសំបកកង់រថយន្តទាំងនោះ ក៏បានព្យាយាមជួយស្រូបទាញផលិតផលជ័រកៅស៊ូក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀតដែរ ប៉ុន្តែដោយសារគុណភាពជ័រកៅស៊ូមួយចំនួន មិនត្រឹមត្រូវតាមការកំណត់របស់រោងចក្រ ទើបការផ្គត់ផ្គង់ជ័រកៅស៊ូក្នុងស្រុកទៅកាន់រោងចក្រផលិតសំបកកង់រថយន្តនៅមិនទាន់អាចគ្រប់តាមតម្រូវការនៅឡើយ។
គួរជម្រាបថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងដំណើរការផលិតរបស់ខ្លួន និងរោងចក្រមួយចំនួនទៀតកំពុងដំណើរការសាងសង់ ក្រោយទទួលបានការអនុម័តគ្រោងវិនិយោគលើការបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕