កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម

ការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមធ្លាក់ចុះជិត១៦%នៅ៨ខែឆ្នាំនេះ ខណៈកង្វះដើមទុននៅតែជាបញ្ហាប្រឈមសម្រាប់វិស័យនេះ


ទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ២០២៣នេះ ហាក់មិនសូវមានភាពល្អប្រសើរនោះទេ ជាក់ស្តែងបើតាមរបាយការណ៍ផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារប្រទេសវៀតណាមក្នុងបរិមាណជាង៦០ម៉ឺនតោនធ្លាក់ចុះជិត១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះដែរ ត្រូវបានប្រធានសមាគមស្វាយចន្ទី អះអាងថា គឺដោយសារបញ្ហាអាកាសធាតុប្រែប្រួលបានធ្វើឲ្យទិន្នផលគ្រាប់ស្វាយចន្ទីធ្លាក់ចុះ ដែលមិនអាចឆ្លើយតបតាមតម្រូវការទីផ្សារ។
កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម ធ្លាក់ចុះជិត១៦% នៅ៨ខែឆ្នាំនេះ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានគូសបញ្ជាក់ថា នៅ៨ខែឆ្នាំនេះកម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានចំនួន៦៣ម៉ឺន៤ពាន់តោន ក្នុងនោះបាននាំចេញទៅវៀតណាមប្រមាណជាង៦០ម៉ឺន៧ពាន់តោនដោយគិតជាទឹកប្រាក់មានប្រមាណ៨២០លានដុល្លារ ថយចុះជិត១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ទោះបីបរិមាណនាំចេញគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះក្តី ប៉ុន្តែតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះហាក់មានស្ថានភាពល្អប្រសើរជាងឆ្នាំមុន ពោលគឺតម្លៃគ្រាប់ស្វាយចន្ទីស្ងួតនៅក្នុងខែសីហា និងខែកញ្ញានេះ មានតម្លៃល្អអាចលក់បានក្នុងតម្លៃចន្លោះពី៧ពាន់រៀលទៅ៧ពាន់៥រយរៀលក្នុងមួយគីឡូក្រាម ឬស្មើនឹង១ពាន់៩រយដុល្លាក្នុង១តោន។ នេះបើតាមការគូសបញ្ជាក់របស់លោក អួន ស៊ីឡុត។

ការនាំចេញគ្រាប់ស្វាយចន្ទីនៅ៨ខែមានការធ្លាក់ចុះនេះត្រូវបានប្រធានសមាគមរូបនេះអះអាងថា គឺដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យគុណភាពគ្រាប់ស្វាយចន្ទី និងទិន្នផលស្វាយចន្ទីធ្លាក់ចុះ គួបផ្សំផ្ទៃដីដាំដុះដំណាំស្វាយចន្ទីរបស់ប្រជាកសិករ ក៏មានការធ្លាក់ចុះដូចគ្នាដែរ។ មិនតែប៉ុណ្ណោះ ការប្រជែងទិញគ្រាប់ស្វាយចន្ទីឆៅពីសហគ្រាសនៅក្នុងស្រុក ក៏ជាកត្តាមួយដែលធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមធ្លាក់ចុះផងដែរ។

ទន្ទឹមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុធ្វើឲ្យទិន្នផលស្វាយចន្ទី និងការនាំចេញធ្លាក់ចុះ ការដាំដំណាំស្វាយចន្ទីក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរ ជាពិសេសកង្វះដើមទុនតែម្តង។ បើតាមលើកឡើងរបស់ប្រធានសមាគមខាងលើ បើទោះបីជាសមាគមស្វាយចន្ទីកម្ពុជា បានចុះអនុសារណៈយោគយល់គ្នាជាមួយធនាគារមួយចំនួនក្តី ប៉ុន្តែសម្រាប់លក្ខខ័ណ្ឌផ្តល់កម្ចីទាំងនោះនៅតែមានការពិបាកសម្រាប់ទទួលយក ដែលធ្វើឱ្យសហគ្រាសនៅក្នុងវិស័យស្វាយចន្ទីមួយចំនួននៅតែពិបាកក្នុងការទទួលបានកម្ចីទាំងនោះ។

ជាមួយគ្នានេះ លោក អួន ស៊ីឡុត សំណូមពរឱ្យមានការបន្ធូរបន្ថយនូវលក្ខខ័ណ្ឌកម្ចីមួយចំនួន ដើម្បីឱ្យខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីកម្ពុជាមានភាពប្រសើរឡើងបានលឿន។ មួយវិញទៀត លោក អួន ស៊ីឡុត ក៏ចង់ឱ្យមានការបន្ធូរបន្ថយផ្នែកពន្ធដារមួយចំនួនសម្រាប់សហគ្រាសក្នុងស្រុក ពិសេសក្នុងវិស័យស្វាយចន្ទី ដើម្បីឲ្យសហគ្រាសក្នុងវិស័យស្វាយចន្ទីអាចងើបប្រសើរឡើង។

សូមបញ្ជាក់ថា ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ សមាគមស្វាយចន្ទីកម្ពុជា ក៏បានទម្លាក់ការព្យាករទិន្នផលស្វាយចន្ទីនៅឆ្នាំ២០២៣នេះ ដោយមកនៅត្រឹមចន្លោះពី ៥០ម៉ឺនតោន ទៅ៧០ម៉ឺនតោនប៉ុណ្ណោះ ខណៈកាលពីចុងឆ្នាំ ២០២២កន្លងទៅ សមាគមស្វាយចន្ទីកម្ពុជាបានរំពឹងថា កម្ពុជាអាចផលិតគ្រាប់ឆៅចន្លោះពី ៨០ម៉ឺនតោន ទៅ១លានតោន នៅពេញមួយឆ្នាំ២០២៣នេះ។ ខណៈបច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះគ្រាប់ស្វាយចន្ទីសរុបប្រមាណ៧០ម៉ឺនហិកតា។ នេះបើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា៕




អត្ថបទបន្ទាប់


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើពាណិជ្ជកម្មមិនគួរត្រូវបានប្រើប្រាស់ជាអាវុធបំផ្លាញដល់សន្ដិសុខសេដ្ឋកិច្ចពិភពលោកនោះទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងចំៗដោយឥតលាក់លៀមថា ការធ្វើពាណិជ្ជកម្មមិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្ល…

ថ្នាក់ដឹកនាំ CVEA រំពឹងទទួលបានចំណេះដឹងថ្មីៗពីប្រទេសសមាជិកអាស៊ាន ដើម្បីអភិវឌ្ឍន៍ការវាយតម្លៃអចលវត្ថុនៅកម្ពុជាឲ្យកាន់តែប្រសើរ

ថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)នៅថ្ងៃទី១៧ កញ្ញាបានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំអ្នកវា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ