វិស័យអចលនទ្រព្យ

ថ្នាក់ដឹកនាំ CVEA រំពឹងទទួលបានចំណេះដឹងថ្មីៗពីប្រទេសសមាជិកអាស៊ាន ដើម្បីអភិវឌ្ឍន៍ការវាយតម្លៃអចលវត្ថុនៅកម្ពុជាឲ្យកាន់តែប្រសើរ


ថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)នៅថ្ងៃទី១៧ កញ្ញាបានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំអ្នកវាយតម្លៃអចលនទ្រព្យអាស៊ានលើកទី២៨ នៅម៉ាឡេស៊ី ចន្លោះពីថ្ងៃទី១៨-២០ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំ និងសមាជិក CVEA នឹងចែករំលែកបទពិសោធន៍ និងបង្ហាញពីស្ថានភាពទីផ្សារអចលនទ្រព្យនិងចំណុចសក្តានុពលរបស់កម្ពុជាដល់សមាជិកប្រមាណជាង៥០០នាក់មកពីប្រទេសក្នុងតំបន់អាស៊ាន និងលើពិភពលោក។
ថ្នាក់ដឹកនាំ និងសមាជិក CVEA ទៅចែករំលែក និងសិក្សាពីចំណុចខ្លាំងក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសសមាជិកអាស៊ាន
ដោយ

តាមរយៈកិច្ចប្រជុំ វាក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការសិក្សារៀនសូត្រពីបទពិសោធន៍និងចំណុចខ្លាំងក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសសមាជិកអាស៊ាន ដើម្បីយកចែករំលែក និងអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា គោលបំណងដែលលោកដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាននៅប្រទេសម៉ាឡេស៊ីឆ្នាំនេះ គឺដើម្បីចែករំលែកបទពិសោធន៍វាយតម្លៃក្នុងវិស័យអចលនទ្រព្យ និងស្ថានភាពអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាដើម្បីសិក្សារៀនសូត្រពីបទពិសោធន៍ និងចំណុចខ្លាំងក្នុងការវាយតម្លៃអចលនទ្រព្យរបស់ប្រទេសសមាជិកអាស៊ាន និងអ្នកចូលរួមកិច្ចប្រជុំទាំងអស់ ដើម្បីយកមកចែករំលែកបន្ត និងអភិវឌ្ឍន៍វិស័យវាយតម្លៃអចលនទ្រព្យនៅកម្ពុជា។ បើតាមការលើកឡើងរបស់ប្រធានសមាគមរូបនេះកិច្ចប្រជុំអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន គឺជាវេទិកាមួយ ដែលផ្តល់ឱកាសឲ្យប្រទេសមានចំណេះដឹងផ្នែកវាយតម្លៃអចលនទ្រព្យនៅមានកម្រិតអាចសិក្សាពីបទពិសោធន៍ និងចំណេះដឹងថ្មីៗរបស់ប្រទេស ដែលមានការរីកចម្រើនខ្លាំងលើវិស័យនេះ ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានេះលោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CPL បានចាត់ទុកការចូលរួមកិច្ចប្រជុំអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន គឺជាមោទនភាពមួយរបស់កម្ពុជាក្នុងការចែករំលែកបទពិសោធន៍ និងចំណុចសក្តានុពលរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកអាស៊ាន និងពិភពលោក ហើយវាក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការសិក្សាពីបទពិសោធន៍ល្អៗរបស់ប្រទេសទាំងនោះ ដើម្បីយកមកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។ សម្រាប់លោកឧកញ៉ា ចេង ខេង មានតែការរួបរួមគ្នាទេ ដែលអាចធ្វើឲ្យវិស័យអចលនទ្រព្យនៅតំបន់អាស៊ានកាន់តែមានភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោក។ អ្នកជំនាញរូបនេះបានចាត់ទុកវិស័យអចលនទ្រព្យ គឺជាវិស័យអាទិភាពមួយក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសេដ្ឋកិច្ចកម្ពុជា និងពិភពលោកទាំងមូល ពោលគឺកាលណាវិស័យអចលនទ្រព្យមានបញ្ហា វិស័យផ្សេងៗអាចជួបបញ្ហាដូចគ្នា។

លោក សេង សុភ័ក្ត្រ អនុប្រធានប្រតិបត្តិនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាបុគ្គលមួយរូបត្រូវចែកបទពិសោធន៍ក្នុងកិច្ចប្រជុំខាងលើបានគូសបញ្ជាក់ថា ក្នុងនាមតំណាងឱ្យ CVEA និងកម្ពុជាទាំងមូលលោកនឹងចែករំលែកពីឥទ្ធិពលនៃផលប៉ះពាល់របស់បរិស្ថានមកលើវិស័យវាយតម្លៃអចលនវត្ថុ ដោយសារពិភពលោកបច្ចុប្បន្នកំពុងយកចិត្តទុកដាក់ និងមានការព្រួយបារម្ភលើការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះលោក ស៊ា ឆៃលីន នាយក និងស្ថាបនិកក្រុមហ៊ុន Chailin Sear Realty និងជាសមាជិកគណៈកម្មការសមាគមធុរកិច្ចបានគូសបញ្ជាក់មុនចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកាន់ប្រទេសម៉ាឡេស៊ីថា នៅក្នុងកិច្ចប្រជុំខាងលើលោកនឹងលើកយកស្ថានភាពទីផ្សារអចលនទ្រព្យ GDP របស់កម្ពុជានៅឆ្នាំ២០២៣ និងចំណុចសក្តានុពលក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ចែករំលែកនៅក្នុងកិច្ចប្រជុំខាងលើ។

បើតាមការលើកឡើងរបស់លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កម្ពុជាបានក្លាយជាសមាជិករបស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាននៅឆ្នាំ២០១១។ សមាគមអ្នកវាយតម្លៃអចលវត្ថុអាស៊ាននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨១ដោយបច្ចុប្បន្នមានប្រទេសក្នុងតំបន់អាស៊ានចំនួន៨ជាសមាជិក លើកលែងតែប្រទេសឡាវ និងមីយ៉ាន់ម៉ាតែប៉ុណ្ណោះ។ គិតមកទល់ពេលនេះកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំខាងលើបានពីរលើករួចមកហើយ៕




អត្ថបទបន្ទាប់


ការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមធ្លាក់ចុះជិត១៦%នៅ៨ខែឆ្នាំនេះ ខណៈកង្វះដើមទុននៅតែជាបញ្ហាប្រឈមសម្រាប់វិស័យនេះ

ព័ត៌មាន
ទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ២០២៣នេះ ហាក់មិនសូវមានភាពល្អប្រសើរនោះទេ ជាក់ស្តែងបើតាមរបាយការណ៍ផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុ…

ក្រុមគ្រូបង្រៀននៅកូរ៉េខាងត្បូងប្រមូលផ្ដុំគ្នាតាមដងផ្លូវ ដើម្បីទាមទារការការពារសិទ្ធិពីការបំពានរបស់ឪពុកម្ដាយសិស្ស

ព័ត៌មាន
គ្រូបង្រៀន និងបុគ្គលិករបស់សាលារៀននៅកូរ៉េខាងត្បូងរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍ ដើម្បីទាមទារសិទ្ធិការការពារផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ