ការធ្វើពាណិជ្ជកម្មមិនគួរត្រូវបានប្រើប្រាស់ជាអាវុធ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើពាណិជ្ជកម្មមិនគួរត្រូវបានប្រើប្រាស់ជាអាវុធបំផ្លាញដល់សន្ដិសុខសេដ្ឋកិច្ចពិភពលោកនោះទេ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងចំៗដោយឥតលាក់លៀមថា ការធ្វើពាណិជ្ជកម្មមិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្លាញដល់សន្ដិសុខសេដ្ឋកិច្ចពិភពលោកនោះទេ។
ការធ្វើពាណិជ្ជកម្មមិនគួរត្រូវបានប្រើប្រាស់ជាអាវុធបំផ្លាញដល់សន្ដិសុខសេដ្ឋកិច្ចពិភពលោកនោះទេ

ការកើនឡើងរបស់នាយករដ្ឋមន្ត្រីវ័យក្មេងរបស់កម្ពុជារូបនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងនៅចំពេល ដែលសេដ្ឋកិច្ចសកលកំពុងរងនូវការគំរាមកំហែងដោយបញ្ហាជាច្រើន ដូចជាការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ សន្ដិសុខស្បៀង និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ខណៈដែលបញ្ហាប្រជែងឥទ្ធិពលគ្នាដ៏ខ្លាំងក្លារវាងប្រទេសមហាអំណាចធំៗក៏កំពុងរុញឲ្យស្ថានការណ៍ពិភពលោកកាន់តែតានតឹងផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានចូលរួមជាលើកដំបូង នៅក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅប្រទេសចិន។ ក្នុងឱកាសនោះ នៅចំពោះមុខលោកលី ឈាង នាយកមន្ត្រីចិន, នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងអាស៊ាន-ចិន ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ តួយ៉ាង នៅឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មអាស៊ាន-ចិន បានកើនឡើងដល់ ៧២២ពាន់លានដុល្លារអាមេរិក។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ដ្បិតជំងឺកូវីដ១៩បច្ចុប្បន្ន មានការការថយចុះ ប៉ុន្ដែ ពិភពលោកនៅតែកំពុងជួបប្រទះនឹងបញ្ហាប្រឈមផ្សេងៗទៀត ដូចជា ការកើនឡើងនៃតម្លៃទំនិញយុទ្ធសាស្ត្រ សន្ដិសុខស្បៀង និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម។ នៅត្រង់ចំណុចនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចពីតួនាទីរបស់ពាណិជ្ជកម្ម ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកល ដើម្បីធានាថា ការពឹងផ្អែកទៅវិញទៅមក និងសកលភាវូបនីយកម្ម គឺជាការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មមិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្លាញដល់សន្ដិសុខសេដ្ឋកិច្ចពិភពលោកនោះឡើយ។ ក្នុងន័យនេះ សម្តេច អះអាងថា អាស៊ាន-ចិន គឺជាតួអង្គដ៏សំខាន់ ដែលជាឧទាហរណ៍ដល់ពិភពលោក អំពីផលប្រយោជន៍ ដែលកើតចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម ឯកតោភាគីនិយម ឬគំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ។

ក្នុងទិសខាងមុខ អាស៊ាន និងចិន ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្ដបើកច្រកទីផ្សារ ការពង្រឹងការតភ្ជាប់ ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រឹងសមត្ថភាពផលិតកម្ម តភ្ជាប់ទៅនឹងការផ្គត់ផ្គង់ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាពវិនិយោគទៅវិញទៅមកជាដើម។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា អាស៊ាន និងចិន ក៏ត្រូវពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាពនៃលក្ខខណ្ឌទីផ្សារ និងតម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះ អាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផលប្រយោជន៍បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្ដការពាណិជ្ជកម្មពហុភាគី។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ បានបង្ហាញពីការបន្ដប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្នុងគោលបំណង ដើម្បីលើកកម្ពស់ផលិតភាពឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋាន។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការសហការជាមួយរដ្ឋាភិបាលនៃប្រទេសនានានៅក្នុងតំបន់ និងវិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក៕




អត្ថបទបន្ទាប់


មេទ័ពអាកាសអាស៊ាន៦ប្រទេសរួមទាំងកម្ពុជាចូលរួមកិច្ចប្រជុំនៅមីយ៉ាន់ម៉ា ខណៈសមាជិកខ្លះទៀតមិនចូលរួម

ព័ត៌មាន
មេទ័ពអាកាសមកពីប្រទេសសមាជិកអាស៊ានចំនួន៦ ក្នុងចំណោម១០ប្រទេសបានជួបប្រជុំគ្នានៅរដ្ឋធានីណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា ខណៈសមាជិក៤ផ្សេងទៀតមិនទៅច…

ការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមធ្លាក់ចុះជិត១៦%នៅ៨ខែឆ្នាំនេះ ខណៈកង្វះដើមទុននៅតែជាបញ្ហាប្រឈមសម្រាប់វិស័យនេះ

ព័ត៌មាន
ទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ២០២៣នេះ ហាក់មិនសូវមានភាពល្អប្រសើរនោះទេ ជាក់ស្តែងបើតាមរបាយការណ៍ផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ