
ឯកឧត្តម រស់ ភិរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ការប្រមូលពន្ធលើវិស័យកាស៊ីណូក្នុងឆ្នាំ២០២០ សម្រេចបានតែជាង ៤០លានដុល្លារប៉ុណ្ណោះ។ ចំនួននេះ មានការធ្លាក់ចុះជាង ២០% បើធៀបនឹងឆ្នាំ២០១៩ ដែលមានប្រមាណជាង ៥០លានដុល្លារអាមេរិក។
មន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ បានបន្ថែមថា មូលហេតុ ដែលធ្វើឲ្យការប្រមូលពន្ធលើវិស័យកាស៊ីណូមានការធ្លាក់ចុះ ដោយសារក្នុងឆ្នាំ២០២០ កម្ពុជាទទួលរងនូវវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឲ្យមានការរអាក់រអួលក្នុងការប្រមូលពន្ធ។
ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍បានធ្វើឲ្យក្រសួងសេដ្ឋកិច្ចបារម្ភពីការបន្តធ្លាក់ចុះនៃការប្រមូលពន្ធលើវិស័យកាស៊ីណូនៅឆ្នាំ២០២១បន្ដទៀត ដ្បិតក្នុងរយៈពេលពីរខែដើមឆ្នាំនេះ ក្រសួងសេដ្ឋកិច្ច មិនទាន់បានអនុវត្តលើការប្រមូលចំណូលពន្ធលើវិស័យកាស៊ីណូនេះនៅឡើយ៕