
លោក នួន ណារិន្ទដា កសិករដាំដំឡូងមី នៅខេត្តឧត្តរមាជ័យ បានអះអាងថា លោកគ្រោងងាកពីការដាំដំឡូងមីទៅដាំដំណាំដែលមានទីផ្សារដែរ ប៉ុន្តែលោកមិនដឹងថា ដាំដំណាំអ្វីទើបមានទីផ្សារល្អ និងផ្តល់ប្រាក់ចំណេញខ្ពស់នោះទេ។ តែយ៉ាងណាកសិកររូបនេះ ហាក់បារម្ភចំពោះទីតាំងភូមិសាស្ត្រនៅតំបន់របស់ខ្លួនមិនអាចឆ្លើយតបនឹងការដាំដុះដំណាំផ្សេងក្រៅពីដំឡូងមីដោយសារនៅតំបន់លោកហាក់ខ្សត់ប្រភពទឹកសម្រាប់ស្រោចស្រព។ តែយ៉ាងណាកសិកររូបនេះគ្រោងប្តូរពីការដំឡូងមីទៅស្វាយចន្ទីជំនួសវិញ ដ្បិតវាមានទីផ្សារល្អ និងមានលក្ខខណ្ឌអំណោយសម្រាប់ទីតាំងភូមិសាស្ត្រនៅតំបន់លោក។
ស្រដៀងគ្នានេះដែរ លោក ប្រុក ប្រម កសិករដាំដំឡូងមីនៅខេត្តឧត្តរមានជ័យម្នាក់ដែរនោះបានអះអាងថា នៅឆ្នាំក្រោយលោកមានគម្រោងផ្លាស់ប្ដូរពីការដាំដំឡូងមីទៅដាំស្វាយចន្ទីជំនួសវិញ ក្រោយលោកមើលឃើញថា ស្វាយចន្ទីមានស្ថិរភាពតម្លៃ និងទីផ្សារល្អប្រសើរជាងដំឡូងមី។ បើតាមលោក ប្រុក ប្រម បច្ចុប្បន្នដំណាំទុរេន ក៏មានទីផ្សារល្អផងដែរ ប៉ុន្តែលោកមិនអាចដាំបាននោះទេ ដោយសារខ្វះដើមទុន និងបច្ចេកទេសដាំដុះ តែយ៉ាងណាលោកចង់ឱ្យកសិករនៅតំបន់របស់លោកដែលមានដើមទុនគួរងាកទៅដាំទុរេន ដ្បិតវាមានតម្លៃខ្ពស់ និងតម្រូវការទីផ្សារល្អ។
ពាក់ព័ន្ធគ្នានេះដែរ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ នេះ ក្រសួងកសិកម្ម បានដាក់ពង្រាយមន្រ្តីកសិកម្មឃុំប្រមាណជាង៣០០នាក់ ដើម្បីជួយផ្តល់បច្ចេកទេសដាំដុះ និងដោះស្រាយបញ្ហាផ្សេងៗជូនកសិករដាំដំឡូងមី និងដំណាំផ្សេងៗនៅតាមសហគមន៍មូលដ្ឋាន។ តាមរយៈផែនការនេះ ក្រសួងកសិកម្ម មានគោលបំណងជួយពង្រឹងការចូលរួមរបស់កសិករ លើកកម្ពស់ការអនុវត្តកសិកម្មឱ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាដោះស្រាយបញ្ហាក្នុងរយៈពេលវែងក្នុងផលិតកម្មដំឡូងមីដល់កសិករ។
ជាមួយគ្នានេះ លោក ស៊ីន វុទ្ធី អគ្គលេខាធិការសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានបង្ហាញការគាំទ្រចំពោះការជំរុញឱ្យកសិករដាំដំឡូងមីងាកទៅដាំដំណាំផ្សេង ដែលមានសក្តានុពលទីផ្សាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តែលោកយល់ថា ការឱ្យកសិករងាកចេញពីមុខរបរប្រពៃណី ដែលធ្លាប់ជួយដោះស្រាយជីវភាពរបស់ពួកគេកន្លងមក វាមិនមែនជាដំណោះស្រាយរយៈពេលវែងនោះទេ។ បើតាមលោក ស៊ីន វុទ្ធី បច្ចុប្បន្នសមាគមរបស់លោកកំពុងសិក្សា ក៏ដូចជាកំពុងជំរុញលើកទឹកចិត្តឱ្យកសិករដាំដំណាំឆ្លាស់ រឺដាំដំណាំបន្ទាប់បន្សំនៅតាមរងដំឡូងមី ដែលអាចប្រមូលផលបានមុនពេលដំឡូងមីត្រូវបានប្រមូលផល ដែលនេះអាចជាផ្នែកមួយនៃការបង្កើតចំណូលបន្ថែមដល់កសិករលើផ្ទៃដីដាំដុះដែលមានស្រាប់។
គួរបញ្ជាក់ថា នៅក្នុងជំនួបសំណេះសំណាលជាមួយកសិករដាំដំឡូងមីនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យកសិករដាំដំឡូងមី ដែលកំពុងជួបបញ្ហាធ្លាក់ថ្លៃ និងទីផ្សារគួរពិចារណាធ្វើពិពិធកម្មទៅកាន់មុខដំណាំដទៃដូចជា ម្ទេស ពោត សណ្តែកសៀង បន្លែ និងឈើហូបផ្លែមួយចំនួន ដែលមានតម្លៃខ្ពស់ដូចជាទុរេន មង្ឃុត និងសាវម៉ាវ ជាដើម ដើម្បីកាត់បន្ថយហានិភ័យពីទីផ្សារ ហើយបើអាចរួមគ្នាផលិតជាសហគមន៍។ ការស្នើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះធ្វើឡើងក្រោយតម្លៃដំឡូងមីនៅមួយរយៈចុងក្រោយបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយបច្ចុប្បន្នធ្លាក់ចុះមកនៅត្រឹម១១០រៀលទៅ១២០រៀលក្នុង១គីឡូក្រាម៕
អត្ថបទ៖ ជា ម៉ារ៉ា