ប្រាក់រៀល

ការប្រើប្រាស់ប្រាក់រៀលមានកំណើនរង្វង់១៥%ក្នុង១ឆ្នាំ នៅពីរទសវត្សរ៍ចុងក្រោយ តែការប្រើប្រាស់ប្រាក់ដុល្លារនៅតែមានកម្រិតខ្ពស់


ក្រោយកម្ពុជាអាចរក្សាបាននូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ដើម្បីជំរុញ និងលើកកម្ពស់តម្លៃ និងកាប្រើប្រាក់រៀលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ប្រាក់រៀល
ដោយ

ជាក់ស្តែងនៅពីរទសវត្សរ៍ចុងក្រោយ ការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចមានការកើនឡើងប្រមាណ១៥% នៅក្នុងមួយឆ្នាំ ខណៈការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារមានកំណើន៣៥% និង៣០% រៀងគ្នា។ តែយ៉ាងណាមកទល់ពេលនេះកម្ពុជា មិនទាន់អាចកាត់បន្ថយកម្រិតនៃការប្រើប្រាស់ប្រាក់ដុល្លារ ឬដុល្លារូបនីយកម្មបាននៅឡើយទេ គ្រាន់តែអាចទប់មិនឱ្យមានការកើនឡើងបន្ថែមទៀតតែប៉ុណ្ណោះ។

នាពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា មកទល់ពេលនេះកម្ពុជា មិនទាន់អាចកាត់បន្ថយកម្រិតនៃការប្រើប្រាស់ដុល្លារ ឬដុល្លារូបនីយកម្មនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចឱ្យថយចុះនៅឡើយទេ បើទោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យការចរាចរប្រាក់រៀលមានកំណើនជាមធ្យមក្នុងរង្វង់១៥% ក្នុងមួយឆ្នាំនៅពីរទសវត្សរ៍ចុងក្រោយក៏ដោយ។

កត្តាដែលធ្វើឱ្យកម្ពុជា មិនទាន់អាចកាត់បន្ថយកម្រិតនៃការប្រើប្រាស់ដុល្លារនេះ គឺដោយសារដុល្លារូបនីយកម្មបានចាក់ឬសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ជាយូរមកហើយ ក្នុងនោះការប្រើប្រាស់ដុល្លារនៅកម្ពុជា បានហក់ឡើងរហូតដល់៦០% នៅចុងឆ្នាំ១៩៩០ និងដល់ប្រមាណ៨០% នៅឆ្នាំ២០០០។ តាមរយៈមេរៀនប្រវត្តិសាស្ត្រនេះ បានបង្ហាញឱ្យឃើញថា ការបាត់បង់ទំនុកចិត្តលើប្រាក់រៀលអាចកើតឡើងក្នុងរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញគឺជាការលំបាក។

​បើតាមការគូសបញ្ជាក់របស់លោកជំទាវ ជា សិរី ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានខិតខំ សម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់​។ ក្នុងចំណោមវិធានការនានាប្រព័ន្ធទូទាត់អេឡិចត្រូនិកជាពិសេសប្រព័ន្ធបាគងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច។

ជាលទ្ធផលការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិច-ត្រូនិកបានកើនឡើង៤៤% បើធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់​អេឡិចត្រូនិកជាប្រាក់ដុល្លារអាម៉េរិក ដែលកើនក្នុងអត្រា៣,១%។ លើសពីនេះ ធនាគារជាតិ នៃកម្ពុជា ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀលអាចទូទាត់តាមប្រព័ន្ធឃូអរកូដ(QR code)នៅតាមហាងទំនិញនានា។

បន្ថែមលើនេះបច្ចុប្បន្នកម្ពុជា បានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជាចិន និងឥណ្ឌាជាដើម​។

​សម្រាប់លោកជំទាវ ជា សិរី ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើននឹងជួយពង្រឹងអធិបតេយ្យជាតិ និងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះលោកជំទាវស្នើឱ្យក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញនិងសេវានានា ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្ដល់លក្ខខណ្ឌអនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាស់ប្រាក់រៀល។

បើតាមការគូសបញ្ជាក់របស់លោកជំទាវ ជា សិរី បន្ទាប់ពីកម្ពុជា ទទួលបានឯករាជ្យពីបារាំង ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងជាលើកដំបូងនៅខែធ្នូ ឆ្នាំ១៩៥៤ និងបានបោះផ្សាយប្រាក់រៀលសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសនៅខែកញ្ញា ឆ្នាំ១៩៥៥ ក្នុងសម័យសង្គមរាស្ត្រនិយម។ ប៉ុន្តែគួរឱ្យសោកស្តាយ ប្រទេសកម្ពុជា បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីដើមឆ្នាំ១៩៧០មក ដែលបានបណ្តាលឱ្យជំនឿទុកចិត្តលើប្រាក់រៀលចាប់ផ្តើមបាត់បង់ ហើយនៅក្នុងរបប ប៉ុល ពត ប្រាក់រៀលត្រូវបានបំបាត់ឈប់ឱ្យប្រើប្រាស់ទាំងស្រុង។

ក្រោយរបបខ្មែរក្រហម ប្រាក់រៀលត្រូវបានបោះផ្សាយ ឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ នៅក្នុងសម័យកាលមួយដែលសេដ្ឋកិច្ចជាតិមាន​សភាពទន់ខ្សោយ ជាមួយនឹងការបាត់បង់ទំនុកចិត្តលើប្រាក់រៀល។ សង្គ្រាមស៊ីវិលបានអូស​បន្លាយរហូតដល់ចុងឆ្នាំ១៩៩៨ ដែលធ្វើឱ្យការស្តារជំនឿទុកចិត្តលើប្រាក់រៀលឡើងវិញជា​ការងារដ៏លំបាកបំផុត បើទោះ​បីជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំពង្រឹងការប្រើប្រាស់ រូបិយវត្ថុជាតិយ៉ាងណាក៏ដោយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេពន្ធដារជំរុញឱ្យលុបបំបាត់សកម្មភាពចុះបញ្ជីក្លែងក្លាយ ក្រោយការប្រកាសបង់ពន្ធនៅមានភាពខ្វះចន្លោះច្រើន

ព័ត៌មាន
មេពន្ធដារអំពាវនាវដល់ភាគីពាក់ព័ន្ធត្រូវសហការគ្នាធ្វើយ៉ាងណាលុបបំបាត់ឱ្យបាននូវរាល់សកម្មភាពចុះបញ្ជីក្លែងក្លាយរបស់ក្រុមហ៊ុនខ្មោចមួយចំនួន ដែលក្…

តើមានកត្តាអ្វីខ្លះធ្វើឱ្យអ្នកមានធនធានមួយចំនួននៅកម្ពុជាមើលរំលងមិនសូវចាប់អារម្មណ៍វិនិយោគក្នុងវិស័យកសិកម្ម?

ព័ត៌មាន
វិស័យកសិកម្ម គឺជាវិស័យសក្តានុពលមួយរបស់កម្ពុជា ប៉ុន្តែត្រូវបានអ្នកមានធនធានមួយចំនួននៅកម្ពុជា មើលរំលងមិនសូវឆាប់អារម្មណ៍ក្នុងការវិនិយោគ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ