លោក ហ៊ត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោ និងជាឈ្មួញកណ្ដាលមួយរូបនៅខេត្តត្បូងឃ្មុំ បានប្រាប់ខេមបូណូមីសថា តម្លៃគោរស់នៅក្នុងរយៈពេល២ខែកន្លងមកនេះ ត្រូវបានលោកទិញចូល១គីឡូ ក្នុងតម្លៃ៦០០០រៀល ខណៈការដឹកចេញទៅលក់នៅភ្នំពេញ អាចទទួលបានតម្លៃចន្លោះពី៨៥០០រៀល ទៅ៩០០០រៀល ក្នុង១គីឡូក្រាម។ បើតាមម្ចាស់កសិដ្ឋានរូបនេះ តម្លៃទិញចូល៦០០០រៀល ក្នុង១គីឡូនេះ គឺជាតម្លៃថោក ដែលអ្នកចិញ្ចឹមគោពិបាកក្នុងការទទួលបានផលចំណេញ ខណៈអ្នកចិញ្ចឹមជាលក្ខណៈគ្រួសារចាប់ផ្ដើមបោះបង់ចោលការចិញ្ចឹមជាបណ្ដើរៗហើយ។ យ៉ាងណាមិញ ឈ្មួញកណ្តាលរូបនេះ មានការងឿងឆ្ងល់ថា ហេតុអ្វីគោរស់មានតម្លៃថោក តែសាច់ដាក់លក់នៅលើទីផ្សារនៅតែមានតម្លៃថ្លៃដដែលយ៉ាងដូចច្នេះ?
ដោយឡែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា យល់ឃើញថា ការចុះថោកនៃតម្លៃគោរស់នាពេលបច្ចុប្បន្ន គឺដោយសារឈ្មួញយកប្រាក់ចំណេញច្រើនពេក គួបផ្សំសាច់គោ និងសាច់ក្របីបង្កកដែលនាំចូលនៅសេសសល់រាប់ពាន់តោន។ បើតាមអ្នកជំនាញរូបនេះ សាច់គោ និងសាច់ក្របីបង្កក ត្រូវបានគេលក់ក្នុងតម្លៃថោកជាងសាច់គោស្រស់របស់ខ្មែរ ដែលនេះជាមូលហេតុធ្វើឱ្យតម្លៃគោរស់មានតម្លៃថោក។ ទន្ទឹមនេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រូបនេះ ស្នើដល់អ្នកពាក់ព័ន្ធឱ្យមានវិធានការបន្ទាន់ ដ្បិតលោកបារម្ភពីវាសនារបស់អ្នកចិញ្ចឹមគោថា អាចនឹងក្ស័យធននាពេលណាមួយ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យចិញ្ចឹមសត្វនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កករយៈពេល៦ខែបន្ថែមទៀត ក្រោយការអនុវត្តវិធានការហាមឃាត់នេះ បានបញ្ចប់ត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ការសម្រេចបន្តវិធានការជាថ្មីនេះ ត្រូវបានរដ្ឋាភិបាលអះអាងថា ដោយសារតែផលិតកម្មចិញ្ចឹមសត្វនៅកម្ពុជា នៅបន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុងបើមិនចាត់វិធានការទេនោះ៕
អត្ថបទ៖ បូ ដូឡា