លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម កត់សម្គាល់ឃើញថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅតែមានភាពផុយស្រួយ បើទោះបីជាមានការជួយសម្របសម្រួលពីប្រទេសមហាអំណាច ដូចជាសហរដ្ឋអាម៉េរិក និងប្រទេសចិន ក៏ដោយ ព្រោះមកដល់ពេលនេះភាគីថៃ នៅពុំទាន់គោរពលក្ខខណ្ឌជាមួយកម្ពុជា នៅឡើយទេ ហើយនៅតែប្រើសង្រ្គាមចិត្តសាស្រ្ត ដើម្បីឌឺដងមកលើកម្ពុជា ដើម្បីបង្កហេតុឈានដល់ការបង្កើតបញ្ហាជាថ្មីណាមួយនាពេលខាងមុខ។ បើតាមលោកបណ្ឌិត មាស នី នៅក្នុងស្ថានភាពនេះ កម្ពុជា ត្រូវខិតខំពង្រឹងសមត្ថភាពការពារខ្លួនឡើងវិញ ខណៈសណ្ដាប់ធ្នាប់ពិភពលោកកំពុងមានភាពរញ៉េរញ៉ៃ។
មិនខុសគ្នានោះទេ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយយល់ឃើញថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅតែមានភាពផុយស្រួយដោយសារតែភាគីថៃ នៅតែបង្កើតសេណារីយូផ្សេងៗក្នុងចេតនាបង្កហេតុ និងទម្លាក់កំហុសមកលើកម្ពុជា ដើម្បីបំផ្ទុះសង្រ្គាមឈ្លានពានជាថ្មីម្ដងទៀត ខណៈការបញ្ចប់អរិភាព គឺអាស្រ័យលើការប្ដេជ្ញាចិត្តរបស់ភាគីថៃ។ តែយ៉ាងណាអ្នកជំនាញរូបនេះបានចាត់ទុកវត្តមានចូលលូកដៃជួយពីភាគីចិន គឺជាពន្លឺមួយក្នុងការធ្វើឱ្យបទឈប់បាញ់រវាងកម្ពុជា និងថៃ អាចមានប្រសិទ្ធភាពផងដែរ។
សូមបញ្ជាក់ថា ប្រទេសចិន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគីចិន-កម្ពុជា-ថៃ ដើម្បីជួយកាត់បន្ថយកំដៅជម្លោះព្រំដែនរវាងប្រទេសទាំងពីរ និងនាំស្ថានការណ៍ឆ្ពោះទៅរកសន្តិភាព។ កិច្ចប្រជុំនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីកម្ពុជា និងថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការព្រមព្រៀងរវាងភាគីទាំងពីរលើបទឈប់បាញ់ ដែលបានចូលជាធរមាននៅពេលថ្ងៃដដែលនោះ។ អាទិភាពបន្ទាន់សម្រាប់កិច្ចប្រជុំនេះ គឺការធានាឱ្យបានរឹងមាំនូវបទឈប់បាញ់ និងការធានា នូវការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ បូ ដូឡា