វ៉ាក់សាំងកូវីដ១៩

មកស្គាល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំង៧ប្រភេទ ដែលពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំង!


ចាប់តាំងពីផ្ទុះឡើងដំបូងនូវវីរុសកូវីដ១៩កាលពីដើមឆ្នាំ២០២០ ប្រទេសមហាអំណាចជាច្រើនក្នុងលោក បានព្យាយាមខ្នះខ្នែងប្រើប្រាស់ធនធាន និងបច្ចេកទេសដែលខ្លួនមានដើម្បីសិក្សាស្វែងរក និងផលិតឡើងនូវវ៉ាក់សាំងសម្រាប់បង្ការជំងឺដ៏កាចសាហាវមួយនេះ។ ខេមបូណូមីស សូមលើកយកនូវវ៉ាក់សាំងកូវីដ-១៩ ចំនួន ៧ប្រភេទ ដែលកំពុងមានការចាប់អារម្មណ៍ប្រើប្រាស់ និងបញ្ជាទិញពីប្រទេសធំៗ។
រូបតំណាង៖ វ៉ាក់សាំង​ប្រឆាំងកូវីដ១៩
ដោយ

១. Oxford Astra Zeneca ជាវ៉ាក់សាំងសហការផលិត​ឡើង​ដោយ​សកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស មានប្រសិទ្ធភាព ពី៦០% ទៅ ៩០% ហើយបាន​ឆ្លងផុតការសាកល្បង​ទាំង៣​ដំណាក់កាល​រួចហើយ។ បណ្តាប្រទេសធំៗ​ដែលបាន​បញ្ជាទិញវ៉ាក់សាំងនេះ រួមមាន​​សហភាពអឺរ៉ុបបាន​បញ្ជាទិញ​ចំនួន ៤០០លានដូស សហរដ្ឋអាមេរិក ៣០០លានដូស ចក្រភពអង់គ្លេស ១០០លានដូស និងប្រទេសថៃ ២៦លានដូស។ វ៉ាក់សាំង Oxford Astra Zeneca មានតម្លៃ ៤ដុល្លារក្នុងមួយដូស ដែលតម្រូវឲ្យ​ចាក់ពីរដងទៅលើ​មនុស្ស​ម្នាក់ទើប​មាន​ប្រសិទ្ធភាព​។ 

វ៉ាក់សាំង Oxford Astra-Zeneca

២. Pfizer-BioNTech សហការផលិតឡើង​ដោយក្រុមហ៊ុនអាមេរិក Pfizer និង ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech។ វា​មានប្រសិទ្ធភាព​ដល់ទៅ ៩៥% និងបានឆ្លងផុត​ដំណាក់កាល​សាកល្បង​ទាំង៣​លើកបានដោយ​ជោគជ័យ។ បណ្តាប្រទេស​នៅក្នុង​សហភាពអឺរ៉ុប​បានបញ្ជា​ទិញវ៉ាក់សាំង​នេះ ចំនួន ២០០លានដូស ខណៈសហរដ្ឋអាមេរិក​ក៏បាន​បញ្ជាទិញ១០០លានដូសរួច​ហើយ​ដែរ។ វ៉ាក់សាំង​កូវីដ១៩ Pfizer-BioNTech មានតម្លៃ២០ដុល្លារ​ក្នុង​មួយដូស ដែលតម្រូវឲ្យ​ចាក់ពីរដង​ទៅលើ​មនុស្សម្នាក់ដូចគ្នា។ 

វ៉ាក់សាំង Pfizer-BioNTech

៣. វ៉ាក់សាំង CoronaVac ឬអាចហៅម៉្យាងទៀតថា Sinovac ផលិត​ឡើងដោយ​ក្រុមហ៊ុនរដ្ឋ​ចិនឈ្មោះ Sinovac តែម្តង។ វ៉ាក់សាំងរបស់​ប្រទេស​ចិនប្រភេទនេះ អាចមាន​ប្រសិទ្ធភាព​ចន្លោះពី ៥០% - ៧០% ហើយកំពុង​ស្ថិតក្នុង​ដំណាក់កាលសា​កល្បង​លើកទី៣​នៅឡើយ ប៉ុន្តែត្រូវបាន​ប្រទេស​មួយចំនួន​បញ្ជាទិញរួចហើយ​រួមមាន ៤០លានដូសដោយ​ប្រទេស​ឥណ្ឌូណេស៊ី ២៥លានដូស​ដោយប្រទេស​ភីលីពីន និងថៃ​២លានដូស។ CoronaVac ឬ Sinovac មានតម្លៃ​៥ដុល្លារ​ក្នុងមួយដូស។ 

វ៉ាក់សាំង CoronaVac ឬអាចហៅម៉្យាងទៀតថា Sinovac ផលិតឡើងដោយក្រុមហ៊ុនរដ្ឋចិន

៤. វ៉ាក់សាំង Sputnik V ផលិតឡើង​ដោយក្រុមហ៊ុន​របស់​ប្រទេស​រុស្សី​មានប្រសិទ្ធភាព​ជាង ៩១% កំពុងដំណើរការ​សាកល្បង​ក្នុងដំណាក់​កាលទី៣ ប៉ុន្តែ​សង្កេត​ឃើញថា មានប្រទេស​ជាច្រើន​បានបញ្ជាទិញរួច​ហើយដូចជា ប្រេស៊ីល​បញ្ជាទិញ ១០លានដូស អាហ្សង់ទីន ១០លានដូស និងប៉ូលេវី ២លាន៦សែនដូស ខណៈពេលដែល​ឥណ្ឌា​បាននាំយក​វ៉ាក់សាំង​ប្រភេទនេះ មកផលិតនៅ​ក្នុងប្រទេស​ខ្លួនផ្ទាល់តែម្តង​ក្នុងបរិមាណ​ជាង១០០លានដូស។​ វ៉ាក់សាំង sputnik មាន​តម្លៃ ១០ដុល្លារ​ក្នុងមួយដូស។ 

វ៉ាក់សាំង Sputnik V ផលិតឡើងដោយក្រុមហ៊ុនរបស់ប្រទេសរុស្សី

៥. វ៉ាក់សាំង Moderna ផលិតឡើង​ដោយក្រុមហ៊ុន​របស់​អាមេរិកមាន​ប្រសិទ្ធភាព​ដល់ទៅ ៩៥% ដូចវ៉ាក់សាំង​របស់អង់​គ្លេសដែរ ថែមទាំង​បានឆ្លងផុត​ដោយជោគជ័យ​នូវដំណាក់កាល​សាកល្បង​ទាំង៣ដំណាក់កាល។ ជាមួយគ្នានេះ សហភាព​អឺរ៉ុប​បានបញ្ជា​ទិញ​ចំនួន ១៦០លានដូស រដ្ឋាភិបាល​អាមេរិកខ្លួនឯង ១០០លានដូស កាណាដា ៤០លានដូស ខណៈតម្លៃ​របស់​វាវិញ ក៏ខ្ពស់ណាស់​ដែរ​ពោលគឺ ៣៣ដុល្លារ​ក្នុង​មួយដូស។​ 

វ៉ាក់សាំង Moderna ផលិតឡើងដោយក្រុមហ៊ុនរបស់អាមេរិក

៦. វ៉ាក់សាំង Johnson & Johnson របស់​អាមេរិកដែរ ប៉ុន្តែមិនទាន់​ដឹងពី​ប្រសិទ្ធភាព​របស់វា​នោះទេ ពោលគឺកំពុង​ស្ថិតក្រោម​ការធ្វើតេស្ត​សាកល្បង​ក្នុងមន្ទីរ​ពិសោធ​នៅឡើយ យ៉ាងណាក៏​ដោយវ៉ាក់សាំងប្រភេទនេះ ត្រូវបាន​សហភាព​អឺរ៉ុប​កម្មង់ទិញ​ចំនួន​ជាង១០០លានដូស​រួចហើយ រួមទាំង​កាដាណា៤០លានដូស​ផងដែរ ដែលក្នុងមួយ​ដូសតម្លៃ ១០ដុល្លារ​ប៉ុណ្ណោះ។ សូមបញ្ជាក់ថា វ៉ាក់សាំង Johnson តម្រូវឲ្យ​ចាក់តែម្តង​ប៉ុណ្ណោះ​សម្រាប់​មនុស្សម្នាក់។ 

រូបតំណាង៖ វ៉ាក់សាំង Johnson & Johnson របស់អាមេរិកដែរ

៧. ចុងក្រោយគឺ វ៉ាក់សាំង Sinopharm ផលិតឡើង​ដោយក្រុមហ៊ុន​រដ្ឋចិន Sinopharm មាន​ប្រសិទ្ធភាព ៧៩% ហើយកំពុង​ស្ថិតក្នុង​ដំណាក់កាល​សាកល្បង​លើកទី៣​។ ប្រទេស​ប៉ាគីស្ថាន​បានបញ្ជា​ទិញវ៉ាក់សាំងនេះ​ចំនួន ១លាន២សែន​ដូស​រួចហើយ ខណៈប្រទេស​អារ៉ាប់រួម និងប៉ារែន​ក៏បាន​បញ្ជាទិញ​រាប់សែន​ដូសដូចគ្នា ព្រមទាំងផ្តើម​អនុញ្ញាត​ឲ្យ​ចាក់ជូនពលរដ្ឋ​ខ្លួន​រួចហើយ​កាលពីពេលថ្មីៗនេះ។ 

វ៉ាក់សាំង Sinopharm ផលិតឡើងដោយក្រុមហ៊ុនរដ្ឋចិន

សូមបញ្ជាក់ថា នៅពេលខាងមុខ​កម្ពុជាក៏​នឹងទទួល​បានផងដែរ​នូវវ៉ាក់សាំង Sinopharm នេះ ចំនួន១លានដូស ដែលជា​ជំនួយពី​ប្រទេសចិន នេះបើតាមការ​ថ្លែងឲ្យ​ដឹងដោយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈ​សារសម្លេង​ពិសេស​មួយកាល​ពីយប់ថ្ងៃ ១៥ ខែមករា ឆ្នាំ២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសឥណ្ឌាបន្ថែម ក្រោយពី​ប្រកាសទទួលយក១លានដូសពីចិន

ព័ត៌មាន
នៅចំពោះមុខឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានស្នើសុំជំនួយថ្នាំវ៉ាក់សាំងកូវីដ-…

លោក ចូបៃឌិនថា នឹងលើកលែងបំណុលនិស្សិតអាមេរិកក្នុងម្នាក់ ១ម៉ឺនដុល្លារ

ព័ត៌មាន
នៅពេលដែលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់អាមេរិក លោក ចូបៃឌិន ធ្លាប់បានលើកឡើងពីគោលនយោបាយមួយថា នឹងលើកល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ