ស្ដេចប្រដាល់ ប៉ាគីអៅ និងនយោបាយ​នៅ​ហ្វ៊ីលីពីន

ស្ដេចប្រដាល់ ប៉ាគីអៅ ត្រូវបានទម្លាក់​ពីតំណែងប្រធានបក្ស បន្ទាប់ពីរិះគន់ប្រធានាធិបតី ឌុយទែតេ


តារាប្រដាល់ដ៏ល្បីល្បាញ​និងជាសមាជិកព្រឹទ្ធសភា​របស់​ប្រទេស​ហ្វ៊ីលីពីន លោក អេម៉ានូអ៊ែល ម៉ានី ប៉ាគីអៅ ត្រូវបានបោះឆ្នោតទម្លាក់ពីតំណែង​ជាប្រធាន​គណបក្ស​កាន់​អំណាច​របស់ប្រទេសនេះ កាលពីថ្ងៃសៅរ៍ (ទី១៧ កក្កដា) ក្រោយពីលោក​បាន​រិះគន់​ជំហរ​របស់ប្រធានាធិបតី ឌុយ ទែតេ ចំពោះប្រទេស​ចិន និង​ចំណាត់ការរបស់លោក​ក្នុងការប្រយុទ្ធប្រឆាំងអំពើ​ពុករលួយ ។ នេះ​បើយោងតាម​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ។
ស្ដេចប្រដាល់ ប៉ាគីអៅ ត្រូវបានទម្លាក់​ពីតំណែងប្រធានបក្ស បន្ទាប់ពីរិះគន់ប្រធានាធិបតី ។ រូបភាពឯកសារ Twitter
ដោយ

លោក ប៉ាគីអៅ អាយុ ៤២ឆ្នាំ ត្រូវបាន​គេ​មើលឃើញថា អាចក្លាយជាបេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី​ហ្វ៊ីលីពីន ដើម្បីស្នងតំណែងបន្តពីលោកប្រធានាធិបតី ឌុយទែតេ នៅក្នុងការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំក្រោយ ធ្លាប់ជាអ្នកគាំទ្រ​ដ៏ខ្លាំងក្លាបំផុតរបស់​លោក​ ឌុយទែតេ ដោយ​បានគាំទ្រ​សង្គ្រាមបង្ហូរឈាមប្រឆាំងនឹងគ្រឿងញៀន​និង​កិច្ច​ប៉ុនប៉ង​ដាក់​ឲ្យ​ប្រើ​ឡើងវិញ​នូវ​ទោសប្រហារជីវិត​របស់​លោក​ប្រធានាធិបតី​ថែមទៀត​ផង ។

ប៉ុន្តែ ចុងក្រោយនេះ ទំនាក់ទំនង​រវាង​លោក ប៉ាគីអៅ និង​លោក​ប្រធានាធិបតី​ ឌុយទែតេ បានប្រែក្លាយជា​ជូរចត់ បន្ទាប់ពីលោក ប៉ាគីអៅ រិះគន់​ជំហរ​ទន់ភ្លន់របស់​លោក ឌុយទែតេ ចំពោះភាពគឃ្លើនរបស់​ចិន​នៅក្នុងមហាសមុទ្រចិន​ខាងត្បូង និង​បាន​និយាយថា លោក​នឹង​ស៊ើបអង្កេត​អំពើ​ពុករលួយ​ក្នុងជួររដ្ឋាភិបាល ។ 

ក្រុមមួយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែលកំពុងកាន់​អំណាចដែលដឹកនាំដោយ​លោក​រដ្ឋមន្ត្រី​ថាមពល អាល់ហ្វុនសូ គូស៊ី ដែលជា​សម្ព័ន្ធមិត្រ​ដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតី ឌុយទែតេ បាន​ស្នើឲ្យមាន​ការបោះឆ្នោតនេះនៅ​ឯកិច្ច​ប្រជុំរដ្ឋសភា កាលពីថ្ងៃសៅរ៍ ។ លោក គូស៊ី ខ្លួនឯង បានជាប់ឆ្នោតជា​ប្រធានគណបក្ស​ ។ 

នៅក្រោយការបោះឆ្នោត​ទម្លាក់រូបលោកចេញពីតំណែងប្រធានគណបក្ស លោក ប៉ាគីអៅ បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍ថា គណបក្ស​គួរតែផ្ដោត​ការយកចិត្តទុកដាក់ទៅលើ​ការ​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​មេរោគបំប្លែងថ្មី​ ឌែលតា នៃ​កូវីដ-១៩ ជាជាង​ផ្តោត​លើ​រឿង​នយោបាយ ។ 

លោក ប៉ាគីអៅ ស្បថចូលកាន់តំណែង​ជាប្រធានគណបក្ស​កាលពីខែធ្នូ ហើយ​កន្លងមក លោក​មិនទាន់​បាន​ប្រកាស​ពី​ការចូលរួម​ប្រកួតប្រជែង​ជាបេក្ខជន​ប្រធានាបតី​នៅក្នុងការបោះឆ្នោត​នៅឡើយទេ ។ 

ខណៈនេះ សេ្ដចប្រដាល់​ដ៏ល្បីល្បាញ ប៉ាគីអៅ កំពុង​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ហ្វឹកហាត់​សម្រាប់​ការប្រកួត​ខ្សែក្រវាត់មួយ ដែលគ្រោងធ្វើនាពេល​ខាងមុខ​ដ៏ខ្លី ៕




អត្ថបទបន្ទាប់


ថៃហាមការជួបជុំ​ជាសាធារណៈនៅទូទាំងប្រទេស បន្ទាប់ពីកូវីដ-១៩​ផ្ទុះខ្លាំងឡើងវិញ

ព័ត៌មាន
ប្រទេសថៃដែលនៅជិតខាងភូមិផងរបងជាមួយកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដានេះ បានដាក់ចេញ​នូវ​ការ​ហាមប្រាម​លើ​ការជួបជុំ​គ្នា​ជាសាធារណៈ​នៅទូទាំងប្រ…

តើកម្ពុជា និងប្រទេសក្បែរខាងទាំងបី កំពុង​រង​ទុក្ខពីការរាតត្បាតកូវីដ-១៩​​យ៉ាងដូចម្ដេចខ្លះ?

ព័ត៌មាន
កូវីដ-១៩នៅតែបន្តអុកឡុក និងរាលដាលក្នុងចំនួនដ៏ច្រើនគួរឲ្យព្រួយបារម្ភមែនទែននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសវៀតណាម ឡាវ និងថៃ ដែលសុទ្ធសឹងជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ