
ធនាគារកណ្តាលជប៉ុន និងក្រុមសិក្សាស្រាវជ្រាវរបស់ខ្លួនកំពុងរៀបចំសន្និសីទរយៈពេល២ថ្ងៃដោយចាប់ផ្ដើមនៅថ្ងៃអង្គារ ទី២៧ ខែឧសភា នេះ ដោយមានការអញ្ជើញចូលរួមពីក្រុមអ្នកសិក្សាស្រាវជ្រាវ និងមន្ត្រីកំពូលៗមកពីធនាគារកណ្តាលទូទាំងពិភពលោករួមមានសហរដ្ឋអាម៉េរិក អឺរ៉ុប និងអាស៊ី។
ខណៈដែលសុន្ទរកថាភាគច្រើនរបស់អ្នកចូលរួមមានលក្ខណៈបែបសិក្សាស្រាវជ្រាវ និងមិនបើកចំហដល់ប្រព័ន្ធផ្សព្វផ្សាយ សន្និសីទសម្រាប់ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ បញ្ហាប្រឈមថ្មីៗសម្រាប់គោលនយោបាយរូបិយវត្ថុ ដែលផ្ដោតជាពិសេសថា តើធនាគារកណ្ដាលនានាគួរឆ្លើយតបបែបណា ដើម្បីដោះស្រាយបញ្ហាអតិផរណាដែលមិនងាយធ្លាក់ចុះ បញ្ហាហានិភ័យសេដ្ឋកិច្ចដាំក្បាលចុះ បញ្ហាទីផ្សារក្រឡាប់ចាក់ និងបញ្ហាពន្ធគយដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិក។
សម្ពាធផ្សេងៗគ្នា ដែលភាគច្រើនបណ្តាលមកពីគោលនយោបាយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងបង្កឱ្យមានបញ្ហាប្រឈមនានា សម្រាប់ធនាគារកណ្តាលជាច្រើន មិនថាពួកគេដំឡើង ឬក៏បញ្ចុះអត្រាការប្រាក់នោះទេ គឺសុទ្ធតែជួបបញ្ហាប្រឈម។
តួយ៉ាង ធនាគារកណ្ដាលជប៉ុន នៅតែមានគម្រោងបន្តដំឡើងអត្រាការប្រាក់ និងកាត់បន្ថយការទិញចូលមូលបត្របំណុលរបស់ខ្លួន ដែលចំណាត់ការនេះផ្ទុយគ្នាស្រឡះទៅនឹងធនាគារកណ្ដាលផ្សេងៗដែលគេបញ្ចុះអត្រាការប្រាក់។ ប៉ុន្តែស្ថានការណ៍វិវត្តថ្មីៗនេះ នៅក្នុងពិភពលោកបានធ្វើឱ្យមានការចោទសួរថា តើជប៉ុននឹងនៅតែរក្សាផែនការនេះដដែលឬយ៉ាងណា។
លោក ណូប៊ូយ៉ាស៊ុ អាតាហ្គោ (Nobuyasu Atago) អតីតមន្ត្រីជាន់ខ្ពស់នៃធនាគារកណ្ដាលជប៉ុន បានលើកឡើងថា ធនាគារកណ្ដាលជប៉ុន ប្រហែលជាត្រូវផ្អាកដំឡើងអត្រាការប្រាក់ជាបណ្ដោះអាសន្នសិនសម្រាប់ពេលនេះ ប៉ុន្តែវាមិនមានន័យថាត្រូវឈប់ដំឡើងអត្រាការប្រាក់ទាំងស្រុងនោះឡើយ ពោលគឺធនាគារកណ្ដាលជប៉ុន នឹងដំឡើងអត្រាការប្រាក់ជាថ្មីម្ដងទៀត នៅពេលដែលពេលវេលាស័ក្ដិសមមកដល់៕
ដោយ: តែម សុខុម