
កិច្ចសហការរវាង CGCC ដែលជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់ MSMEs ក្នុងស្រុកនេះ នឹងបង្កើនឱកាសដល់ធនាគារប្រ៊ីដ ឱ្យមានទំនុកចិត្តបញ្ចេញកម្ចីដែលមានការធានាពី CGCCដល់ក្រុមហ៊ុនអាជីវកម្មដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានាដើម្បីដាក់តម្កល់នៅពេលស្នើសុំកម្ចីពីធនាគារ។

លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ថា៖ “ភាពជាដៃគូជាមួយធនាគារប្រ៊ីដនេះ នឹងបើកផ្លូវថ្មីមួយទៀតដល់យើងក្នុងការគាំទ្រដល់ SMEs របស់ធនាគារក្នុងការទទួលបានកម្ចី នៅពេលដែលពួកគេប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់យើងនឹងវាយតម្លៃលើលទ្ធភាពរបស់ SMEs សម្រាប់កម្ចីមានការធានា ដោយសារតែ PFIs ដឹងពីតម្រូវការហិរញ្ញវត្ថុ និងលទ្ធភាពបង់សងរបស់អតិថិជនរបស់ពួកគេ។ ការធានាឥណទានរបស់ពួកយើងមានសារៈសំខាន់ក្នុងការធានានូវការបន្តផ្តល់នូវឥណទាន នៅក្នុងទីផ្សារ ដើម្បីគាំទ្រកំណើនសកម្មភាពសេដ្ឋកិច្ច”។

លោក Richard Liew នាយកប្រតិបត្តិ ធនាគារប្រ៊ីដ មានប្រសាសន៍ថា៖ “សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនទំហំផលិតផលក្នុងស្រុកសរុប ក៏ដូចជាការផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយអាជីវកម្មមួយចំនួនតែងតែជួបប្រទះបញ្ហាប្រឈមលើលទ្ធភាពទទួលបានសេវាឥណទាន (កម្ចី) ដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ពួកគាត់។ ហើយដែលកិច្ចសហការវាងធនាគារប្រ៊ីដ និង CGCC នឹងចូលមក ចូលរួមចំណែកដោះស្រាយលើបញ្ហាមួយនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ យើងសង្ឃឹមថានឹងផ្តល់ឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នូវលទ្ធភាពទទួលបានកម្ចីសម្រាប់អាជីវកម្មកាន់តែងាយស្រួល តាមរយៈការធានាឥណទានរបស់ CGCC ដែលនឹងជួយកាត់បន្ថយហានិភ័យនៃការបាត់បង់របស់កម្ចី និងសម្រួលឱ្យធនាគារប្រ៊ីដអាចផ្តល់នូវភាពប្រកួតប្រជែងនៃកម្ចីកាន់តែខ្ពស់ជាងមុន ដែលនឹងបង្កើនដល់លទ្ធភាពទទួលបានកម្ចីសម្រាប់ MSMEs”។

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារប្រ៊ីដ បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយក្នុងចំណោម PFIs សរុប២៨ស្ថាប័ន របស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់អាជីវកម្មក្នុងស្រុក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ MSMEs។ CGCC និងធនាគារប្រ៊ីដ ជឿជាក់ថា កិច្ចសហការនេះនឹងអាចចូលរួមជួយដោះស្រាយបញ្ហាគម្លាតហិរញ្ញវត្ថុរបស់ MSMEs ជាច្រើននៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។





