វិស័យដឹកជញ្ជូន

សម្តេច ហ៊ុន ម៉ាណែត ដាក់ទិសដៅប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មក្នុងតំបន់


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ទិសដៅអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មក្នុងតំបន់នាពេលខាងមុខ ខណៈបច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យរាជរដ្ឋាភិបាលជប៉ុន សហការជួយដល់កម្ពុជាក្នុងការរៀបចំផែនការមេ និងលើកទឹកចិត្តដល់វិស័យឯកជនជប៉ុន ដើម្បីចូលរួមជាដៃគូគន្លឹះ ធ្វើឱ្យសម្រេចបាននូវទិសដៅដែលបានដាក់ចេញនេះ។
វិស័យដឹកជញ្ជូន
ដោយ

ថ្លែងនាឱកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នាថ្ងៃទី២២ ខែធ្មូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅតែជាកត្តាសំខាន់ក្នុងការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិ បើទោះបីការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាសមានការរីកចម្រើនយ៉ាងណាក្តី តួយ៉ាងការធ្វើពាណិជ្ជកម្មនៅលើសកលលោកប្រមាណ៩០% នាពេលបច្ចុប្បន្ននេះនៅតែចរាចរតាមផ្លូវទឹក។

ដោយមើលឃើញពីសក្កានុពលដ៏សំខាន់នៃការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យមានការរៀបចំជាយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នាទៅវិញទៅមក ដើម្បីឱ្យកំពង់ផែនៅកម្ពុជាមានដំណើរការកាន់តែល្អ និងអភិវឌ្ឍន៍បន្ថែមទៀត ជាពិសេសកំពង់ផែនៅខេត្តព្រះសីហនុតែម្តង ដែលជាផែនាំមុខគេក្នុងការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ទិសដៅប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាមជ្ឈមណ្ឌលភស្តុភាកម្មក្នុងតំបន់តែម្តង គឺមិនសម្រាប់តែបម្រើជាប្រយោជន៍ជាតិប៉ុណ្ណោះទេ តែថែមទាំងជាផែដែលបម្រើឱ្យផលប្រយោជន៍តំបន់ផងដែរ។ សម្ដេចធិបតី បានសម្រេចប្រគល់ភារកិច្ចនេះឱ្យឯកឧត្តមឧបនាយករដ្ឋ មន្ត្រី ស៊ុន ចាន់ថុល ដើម្បីធ្វើការរៀបចំផែនការមេសម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភាកម្មក្នុងតំបន់នេះ។

យ៉ាងណាមិញ ដើម្បីឈានដល់ការសម្រេចទិសដៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យរាជ រដ្ឋាភិបាលជប៉ុន សហការជាមួយកម្ពុជា ក្នុងការពិភាក្សាគ្នារៀបចំផែនការមេ និងលើកទឹកចិត្តដល់វិស័យឯកជនជប៉ុន ដើម្បីចូលរួមរួមជាដៃគូគន្លឹះក្នុងការពង្រីកលទ្ធភាព ជំរុញធ្វើឱ្យការអភិវឌ្ឍកំពង់ផែព្រះសីហនុ ក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់នេះអាចសម្រេចទៅបាន។ មិនតែប៉ុណ្ណោះ សម្តេចធិបតី ក៏បានជំរុញឱ្យមានការគិតគូរ ដល់ការរៀបចំទីតាំងបន្ថែមទៀត ដើម្បីត្រៀមពង្រីកវិសាលភាពឱ្យកាន់តែធំ ដ្បិតថា ការបង្កើតឱ្យមានមជ្ឈមណ្ឌលភស្តុភាកម្មសម្រាប់តំបន់ គឺត្រូវការទីតាំងធំទូលាយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងទទួលផលចំណេញរាប់រយលានដុល្លារ ក្រោយកំពង់ផែក្រុងព្រះសីហនុបញ្ចប់ការលើកគុណភាពជំហានទី១

ព័ត៌មាន
ក្រោយបញ្ចប់ការសាងសង់ជំហានទី១ កំពង់ផែក្រុងព្រះសីហនុ នឹងក្លាយជាកំពង់ផែដែលមានសក្ដានុពលខ្ពស់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងការដឹកជញ្ជូនទំនិញចេញ…

តើជម្លោះនៅសមុទ្រក្រហមដែលកំពុងគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្មពិភពលោក ជះឥទ្ធិពលយ៉ាងណាដល់កម្ពុជា?

ព័ត៌មាន
ការវាយប្រហារកប៉ាល់ទឹកទំនិញឆ្លងកាត់សមុទ្រក្រហមពីសំណាក់ក្រុមសកម្មប្រយុទ្ធហ៊ួធី កំពុងគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ