ជើងមាន់បង្កក

អាជ្ញាធរបង្ក្រាបជើងមាន់បង្កកខូចគុណភាពដឹកតាមឡានកុងតឺន័របានជាង១០២តោន យកមកកម្ទេចចោល


អាជ្ញាធរបង្ក្រាប និងរឹបអូសជើងមាន់បង្កកខូចគុណភាព និងមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសបានជាង១០២តោនយកមកដុតកម្ទេចចោល។ ជើងមាន់បង្កកទាំងនេះត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបបាននៅលើរថយន្តដឹកទូកុងតឺន័រចំនួន៤គ្រឿង ដែលព្យាយាមដឹកយកទៅចែកចាយបន្តនៅស្រុករមាសហែក ខេត្តស្វាយរៀង។
ជើងមាន់បង្កក
ដោយ

បើតាមការគូសបញ្ជាក់របស់អាជ្ញាធរ ជើងមាន់បង្កកទាំងនេះ ត្រូវបាននាំចូលដោយគ្មានច្បាប់អនុញ្ញាត ពុំមានឯកសារបញ្ជាក់ពីគុណភាព និងវេចខ្ចប់គ្មានអនាម័យត្រឹមត្រូវ។ គួរបញ្ជាក់ថា នៅពេញមួយខែមករា កន្លងទៅអាជ្ញាធរបង្ក្រាប និងរឹបអូសសាច់បង្កកខូចគុណភាព មានផ្ទុកសារធាតុហាមឃាត់ និងមេរោគចម្លងបានជាង១០០តោនយកមកកម្ទេចចោល។

ជើងមាន់បង្កកប្រមាណជាង១០២តោនត្រូវបានសមត្ថកិច្ចជំនាញដុតកម្ទេចចោលភ្លាមៗក្រោយរកឃើញថា ពុំមានអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេស។ នេះបើតាមការអះអាងរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ដែលបានបន្ថែមថា ជើងមាន់បង្កកទាំងនេះ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ចាប់បានលើរថយន្តដឹកកុងតឺន័រ (Container)ចំនួន៤គ្រឿង ដែលកំពុងដឹកសំដៅឆ្ពោះទៅស្រុករមាសហែក ខេត្តស្វាយរៀងក្នុងគោលបំណងចែកចាយបន្ត។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានអះអាងថា ជើងមាន់បង្កកខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថា ពុំមានច្បាប់អនុញ្ញាត ពុំមានឯកសារបញ្ជាក់ពីគុណភាព ពិសេស គឺពុំមានអនាម័យ និងផ្ទុកនូវសីតុណ្ហភាពពុំត្រឹមត្រូវតាមស្ដង់ដារ ដែលបណ្ដាលឱ្យខូចគុណភាពប៉ះពាល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរ។

ប្រតិបត្តិការបង្ក្រាបជើងមាន់បង្កកខូចគុណភាពទាំងនេះត្រូវបានធ្វើឡើងដោយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប សាខាខេត្តស្វាយរៀង ក្រោមកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បន្ទាប់ពីមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប និងយោងតាមចំណាររបស់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងមានការឯកភាពពីឯកឧត្តមអភិបាលខេត្តស្វាយរៀង។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅពេញមួយខែមករា ឆ្នាំ២០២៤ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. រឹបអូសសាច់បង្កកខូចគុណភាព មានផ្ទុកសារធាតុគីមី និងមេរោគចម្លងបានចំនួន១០៣តោនយកមកកម្ទេចចោល មានការកើនឡើង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ កន្លងទៅ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រឹបអូសសាច់បង្កកចម្រុះខូចគុណភាព មានផ្ទុកសារធាតុគីមីហាមឃាត់ និងមេរោគចម្លងបានជិត២ពាន់តោនមានការកើនឡើង៤% បើធៀបនឹងឆ្នាំមុន។ លំហូរចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់នេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់វិស័យចិញ្ចឹមសត្វប៉ុណ្ណោះទេ ថែមទាំងអាចបង្កជាជំងឺឆ្លងដល់សត្វ និងអ្នកបរិភោគ និងប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្មផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សារព័ត៌មានថៃកញ្ជ្រោកព័ត៌មានខ្លាំងណាស់ ទាក់ទងនឹងបញ្ហាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃនៅឈូងសមុទ្រ

ព័ត៌មាន
ស្របពេលមេដឹកនាំកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ព័ត៌មានដែលក្តៅបំផុត ដែលសាធារណជនថៃចាប់អារម្មណ៍…

CGCC និង ធនាគារប្រ៊ីដ ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីគាំទ្រដល់អាជីវកម្មឱ្យទទួលបានកម្ចីមានកាធានា

ព័ត៌មាន
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារប្រ៊ីដ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសកិច្ចសហការជាផ្លូវការ ដែលធ្វើឡើងនៅក្នុងពិធីចុះហត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ