អ្នកនយោបាយជើងចាស់លោក រ៉ានីល ត្រូវបានសមាជិកសភាស្រីលង្កាបោះឆ្នោតឱ្យលោកធ្វើជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ ដើម្បីជំនួសលោក Gotabaya Rajapaksa ដែលបានភៀសខ្លួនចេញពីប្រទេស និងបានលាលែងពីតំណែង ហើយកាលពីថ្ងៃទី ២១កក្កដានេះ លោករ៉ានីល ក៏ទើបតែបានស្បថចូលកាន់តំណែងថ្មីផងដែរ នៅចំពេលមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសនេះ។
ប៉ុន្ដែ នៅថ្ងៃសុក្រនេះ ចំពេលដែលមានលោកប្រធានាធិបតីថ្មីត្រូវចូលមកធ្វើការនៅការិយាល័យនោះ គេឃើញមានការដាក់ពង្រាយកងកម្លាំងសន្ដិសុខយ៉ាងច្រើន នៅក្នុងទីក្រុងកូឡំបូ ដើម្បីត្រៀមទប់ទល់នឹងបាតុភាពណាមួយកើតឡើង ដោយទង្វើនេះ ត្រូវបានគេមើលឃើញថា លោករ៉ានីល អាចនឹងមានការចេញបញ្ជាឲ្យមានការបង្ក្រាបលើការតវ៉ាប្រឆាំងនឹងលោក នៅថ្ងៃដំបូងនៃការកាន់តំណែងប្រធានធិបតីផ្លូវការនោះ។
គេនៅចាំបានថា កាលពីពេលមានការផ្ទុះឡើងនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលលោក រ៉ានីល បានកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជានាយករដ្ឋមន្ត្រីដោយបានបំពេញការងារធ្វើការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីស្វែងរកមូលនិធិដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះ ហើយពេលនេះលោកនឹងបន្តភារកិច្ចនេះក្នុងតំណែងជាប្រធានាធិបតីថ្មីជាបន្តទៀត។
ខណៈដែលភាពចលាចលសាធារណៈកាន់តែក្តៅគគុកនោះ រដ្ឋាភិបាលរបស់លោករ៉ានីល បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីចរចាកិច្ចព្រមព្រៀងជាមួយមូលនិធិ IMF។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅរដ្ឋធានីកូឡុំបូបានកើនឡើង ៥៥% ក្នុងខែមិថុនា ឆ្នាំនេះ ខណៈដែលសាធារណជនជួបកង្វះខាតសម្ភារៈសំខាន់ៗរួមមានប្រេងឥន្ធនៈ ថ្នាំពេទ្យ និងអាហារជាដើម។
ប្រទេសស្រីលង្កាបានខកខានសងបំណុលបរទេសកាលពីខែឧសភា ហើយការរៀបចំរចនា សម្ព័ន្ធបំណុលឡើងវិញ គឺជាបុរេលក្ខខណ្ឌមួយជាថ្នូរនឹងការទទួលបានមូលនិធិសង្គ្រោះបន្ទាន់។ ប៉ុន្តែ បុរេលក្ខខណ្ឌនេះទាមទារឱ្យមានការចរចាជាមួយប្រទេសចិនជាមុនសិន ដែលជាឧបសគ្គដ៏ធំបំផុតមួយ ព្រោះវាមិនបង្ហាញច្បាស់លាស់ថា តើស្រីលង្កាជំពាក់ចិនប៉ុន្មាននោះទេ។
ទិន្នន័យផ្លូវការពីក្រសួងហិរញ្ញវត្ថុស្រីលង្កាបង្ហាញថា ស្រីលង្កាជំពាក់បំណុលចិនត្រឹមតែប្រហែល ១០% នៃបំណុលក្រៅប្រទេសសរុបចំនួន ៣៥.១ ពាន់លានដុល្លាររបស់ប្រទេសនេះគិតត្រឹមចុងខែមេសា ឆ្នាំ២០២១។ ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួនគិតថា តួលេខនេះអាចគិតត្រឹមតែបំណុលរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះ។
របាយការណ៍ដែលបានចេញផ្សាយកាលពីខែមិថុនាដោយសេដ្ឋវិទូស្រីលង្កា ២ នាក់បានផ្តល់រូបភាពខុសពីនេះដោយអះអាងថា ប្រសិនបើគេបូករួមទាំងបំណុលសាធារណៈ និងការធានាជាសាធារណៈ ដែលរួមបញ្ចូលទាំងការផ្តល់ប្រាក់កម្ចីពាណិជ្ជកម្មដល់រដ្ឋាភិបាល និងប្រាក់កម្ចីដល់សហគ្រាសរដ្ឋស្រីលង្កាដែរនោះ គឺស្រីលង្កាបានជំពាក់ប្រទេសចិនសរុបចំនួន ២០% នៃបំណុលបរទេសសរុបគិតត្រឹមចុងឆ្នាំមុន។
សមាមាត្រនោះបានកើនលើសពីប្រភពបំណុលបរទេសផ្សេងទៀត ក្រៅពីមូលបត្របំណុលអធិបតេយ្យអន្តរជាតិដែលមានចំនួន ៣៦% នៃចំនួនបំណុលសរុប ប៉ុន្តែបំណុលនោះបានកើនឡើងនៅក្នុងចំណោមម្ចាស់បណ្ណបំណុលផ្សេងៗ ហើយប្រសិនបើប្រៀបធៀបទៅ ឃើញថា ស្រីលង្ការមានជំពាក់ធនាគារអភិវឌ្ឍន៍អាស៊ី ១៥% ជំពាក់ធនាគារពិភពលោក ១០% និងជំពាក់បំណុលជប៉ុន ៩% នៃបំណុលបរទេសរុប។
ទោះយ៉ាងណាប្រទេសចិនបានផ្តល់ជំនួយមនុស្សធម៌ចំនួនតិចតួចដល់ស្រីលង្កា ហើយសូម្បីតែសំណើរបស់រដ្ឋាភិបាលក្រុងកូឡុំបូសុំជំនួយឥណទានចំនួន ២.៥ ពាន់លានដុល្លារក៏រដ្ឋាភិបាលក្រុងប៉េកាំងបានផ្ដល់ជូនទាំងទើសទាល់ផងដែរ។
លោក Alan Keenan ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមដោះស្រាយវិបត្តិអន្តរជាតិបាននិយាយថា ស្រីលង្កានៅតែមានប្រយោជន៍សម្រាប់ប្រទេសចិន ប៉ុន្តែរឿងផ្សេងទៀត ក៏សំខាន់ផងដែរសម្រាប់ចិន ជាពិសេស ប្រទេសម្ចាស់បំណុលដ៏ធំមួយនេះ មិនចង់បង្កើតគម្រូនៅប្រទេសស្រីលង្កាពីការបន្ធូរបន្ថយបំណុលបំណុលនោះឡើយ ព្រោះបារម្ភថា ប្រទេសដែលជំពាក់បំណុលចិនផ្សេងទៀតអាចយកជាគម្រូក្នុងការស្នើសុំបែបនេះដែរ។
អត្ថបទ៖ សុខ ជា