វិស័យការបរទេស

តើអ្នកជំនាញយល់យ៉ាងណាចំពោះការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ?


នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះ រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលកម្ពុជាចំនួនពីររូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសឯកឧត្តម សុខ ចិន្តាសោភា ដោយសំឡេងគាំទ្រ ១១២/១១២ សំឡេង។
វិស័យការបរទេស
ដោយ

ការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេសនេះ ត្រូវបានធ្វើឡើងតាមការស្នើរបស់រាជរដ្ឋាភិបាលកម្ពុជា យោងតាមតម្រូវការចាំបាច់ក្នុងការជំរុញការអនុវត្តឲ្យសម្រេចបានកាន់តែប្រសើរថែមទៀតនូវប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនេះ?

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺជាតម្រូវការរបស់រាជរដ្ឋាភិបាល ខណៈនៅក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ លទ្ធផលការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយសហគមន៍អន្តរជាតិ ហាក់ពុំទាន់មានភាពប្រសើរឡើងនោះទេ។ បើតាមអ្នកជំនាញរូបនេះ លទ្ធផលការងារដែលពុំទាន់មានភាពប្រសើរ គួបផ្សំទំនាក់ទំនងការបរទេសរបស់រដ្ឋមន្រ្តីមានដែនកំណត់ អាចជាមូលហេតុធ្វើឱ្យរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រេចធ្វើកំណែទម្រង់​។ ជាមួយគ្នានេះ លោក សេក សុជាតិ ចាត់ទុកការវិលត្រលប់របស់ឯកឧត្តម ប្រាក់ សុខុន មកដឹកនាំក្រសួងការបរទេសជាថ្មីនេះ ទំនងជានឹងធ្វើឱ្យការដោះស្រាយបញ្ហានានាជាមួយអន្តរជាតិ អាចនឹងមានភាពប្រសើរ។

​ដោយឡែក លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការកែសម្រួលថ្នាក់ដឹកនាំក្រសួងការបរទេសនេះ អាចដោយសារតែឯកឧត្តម ប្រាក់ សុខុន មានបទពិសោធន៍លើកិច្ចការការបរទេសច្រើន និងធ្លាប់សម្រេចបានសមិទ្ធផលលេចធ្លោមួយចំនួន​។ តែយ៉ាងណាលោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការកែសម្រួលនេះមិនមែនមានន័យថា ឯកឧត្តម សុខ ចិន្តាសោភា ជាអ្នកដឹកនាំគ្មានសមត្ថភាព ឬមិនស័ក្ដិសមសម្រាប់តំណែងនេះនោះទេ។ បើតាមប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា រូបនេះ ការកែសម្រួលថ្នាក់ដឹកនាំក្រសួងការបរទេសនេះ គឺស្របពេលបរិបទនយោបាយពិភពលោកមានការផ្លាស់ប្ដូរ និងទាមទារឲ្យកម្ពុជា ត្រូវមានរដ្ឋមន្ត្រីការបរទេសមួយដែលមានបទពិសោធន៍ខ្ពស់ក្នុងការកាច់ចង្កូតនយោបាយការបរទេស និងការទូត​។

ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំពិនិត្យលើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា កម្ពុជាត្រូវត្រៀមលក្ខណឱ្យបានសមស្របសម្រាប់ទប់ទល់នឹងបច្ច័យនានា ក្នុងនោះមានទាំងហានិភ័យ កត្តាខាងក្រៅដែលកំពុងវិវត្តយ៉ាងឆាប់រហ័សពិបាកប៉ាន់ស្មាន រួមមានការកើនកម្ដៅកាន់តែខ្លាំងនៃភាពតានតឹងភូមិសាស្រ្តនយោបាយ លទ្ធភាពនៃការស្ទុះឡើងវិញនៃនិន្នាការឯកតោភាគីនិយម និងការបន្តកើនឡើងនូវនិន្នាការបែកខ្ញែកនៃភូមិសាស្រ្តសេដ្ឋកិច្ចសកលលោក និងក្នុងតំបន់ ព្រមទាំងភាពមិនប្រាកដប្រជាខ្ពស់នៃទស្សនវិស័យសេដ្ឋកិច្ចរបស់តំបន់ និងបណ្ដាប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ដែលជាយថាហេតុបង្កផលវិបាកដល់សន្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងរយៈពេលខ្លី និងក្នុងរយៈពេលមធ្យមខាងមុខ។

សម្រាប់សម្តេចធិបតី នៅក្នុងបរិបទអន្តរជាតិ ដែលមានភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាខ្ពស់បែបនេះ កម្ពុជា ក៏អាចនឹងទទួលបាននូវកាលានុវត្តភាពមួយចំនួនផងដែរ ប្រសិនបើកម្ពុជាប្រកាន់ភាពបទបែននិងតាមទាន់សភាពការណ៍ប្រែប្រួល ហើយត្រៀមខ្លួនឱ្យបានល្អនៅក្នុងការប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាកាលានុវត្តភាព និងប្រើប្រាស់លក្ខណអំណោយផលនានា ដែលអាចកើតចេញពីការវិវត្តនៃសភាពការណ៍។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ក្នុងការបង្កើន និងពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធភាពនៃយន្តការដឹកនាំ ជាពិសេសនៅក្នុងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងវិស័យពាណិជ្ជកម្ម ដោយផ្ដោតជាសំខាន់លើការជំរុញអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែន និងវាងវៃឈរលើមូលដ្ឋានឯករាជ្យនិងច្បាប់អន្តរជាតិ និងការការពារផលប្រយោជន៍ស្នូលរបស់កម្ពុជាជាដើម។

​គួរបញ្ជាក់ថា ឯកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ត្រូវបានសមាជិករដ្ឋសភាបោះឆ្នោតគាំទ្រទាំងស្រុងក្នុងសំឡេង១១២លើ១១២ ឱ្យវិលត្រឡប់មកដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឡើងវិញ ជំនួសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលបានដឹកនាំក្រសួងនេះអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងការហាមឃាត់ការនាំចូលសាច់បង្កកនឹងកាន់តែមានប្រសិទ្ធភាព ក្រោយគយរឹតបន្តឹងលក្ខខណ្ឌក្នុងការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុននាំចូល

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រំពឹងវិធានការហាមឃាត់ការនាំចូលសាច់បង្កកពីក្រៅប្រទេសចូលមកទីផ្សារកម្ពុជា នឹងកាន់តែមានប្រសិទ្ធភាព ក្រោយអគ្គនាយកដ្ឋ…

ជប៉ុនប្រឈមនឹងការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃដែកថែបកាន់តែច្រើនឡើង ដោយសារការផលិត លើសច្រើនហួសប្រមាណរបស់ចិន

ស្របពេលប្រទេសចិន កំពុងសម្រុកនាំចេញដែកថែកតម្លៃថោកៗទៅបរទេសធ្វើឱ្យជោរជន់ពេញទីផ្សារទូទាំងពិភពលោក ការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃកាន់តែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ