បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន China South Morning Post អ្នកជំនាញចិន បានប្រកាសរកឃើញនូវលោហៈធាតុដ៏កម្រម្យ៉ាង ដែលមានបរិមាណរហូតដល់ទៅជិត៥លានតោន នៅភាគនិរតីនៃខេត្តស៊ីឈួន នាតំបន់សហគមន៍ដ៏ក្រីក្រមួយនៅក្នុងប្រទេស។ តែយ៉ាងណាអ្នកជំនាញចិនមិនបានប្រកាសឈ្មោះសារធាតុដ៏ក្រមនេះនោះទេ គ្រាន់តែបញ្ជាក់ថា វាគឺជាលោហៈដ៏កម្របំផុត ដែលចាំបាច់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រាប់ចាប់ពីរថយន្តអគ្គិសនីរហូតដល់ទួរប៊ីនកង្ហារខ្យល់បង្កើតចរន្តអគ្គិសនី មនុស្សយន្ត និងសព្វាវុធយោធាជំនាន់ចុងក្រោយ ដែលកំពុងអភិវឌ្ឈន៍ដោយមហាអំណាចនានានាសម័យបច្ចុប្បន្ននេះ។
ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋមានឈ្មោះថា China Rare Earth Group បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ចំពោះមុខស្ថានការណ៍ថ្មីនៃការប្រកួតប្រជែងអន្តរជាតិ ការរកឃើញនូវសមាសធាតុធនធានរ៉ែកម្រថ្មីនេះ នឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រទេសជាតិ និងការរួមចំណែកដ៏សំខាន់ក្នុងការការពារសន្តិសុខធនធានរ៉ែកម្ររបស់ចិន។
ក្រៅពីធនធានរ៉ែកម្រប្រភេទថ្មីដែលចិន ទើបតែប្រកាសថ្មីៗនេះ មហាយក្សចិន ត្រូវបានគេដឹងថា គឺជាឃ្លាំងនៃសមាសធាតុអុកស៊ីដលោហៈរហូតដល់១៧ប្រភេទ ដែលមានបរិមាណចម្រុះរហូតដល់ទៅ៤៤ លានតោន។
នៅពេលនេះ អាម៉េរិក ដែលជាមហាអំណាចទាំងសេដ្ឋកិច្ច និងយោធារបស់ពិភពលោកកំពុងដាក់ចេញគ្រប់យុទ្ធវិធី ដើម្បីទប់ស្កាត់ឥទ្ធិពលចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២ និងជាមហាអំណាចយោធាលេខ៣ តាមរយៈការរឹតត្បិតលើការនាំចេញផលិតផលបច្ចេកវិទ្យា និងទប់ស្កាត់លំហូរចំណេះដឹងខាងបច្ចេកវិទ្យារបស់ខ្លូនទៅចិន ខណៈដែលចិន ក៏បានរឹតបន្តឹងការផ្គត់ផ្គង់ និងការនាំចេញសមាសធាតុរ៉ែកម្ររបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។
លោកស្រី ផាន ហេលិន (Pan Helin) សេដ្ឋវិទូ និងជាទីប្រឹក្សាក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បានប្រាប់សារព័ត៌មានរដ្ឋ China Securities Journal កាលពីពេលថ្មីៗថា ការរកឃើញរ៉ែកម្រនៅខេត្តស៊ីឈួននេះ វានឹងជួយលើកកម្ពស់អត្ថប្រយោជន៍ធនធានរបស់ប្រទេសចិន នៅក្នុងទីផ្សាររ៉ែកម្រនៅលើពិភពលោកឱ្យកានតែល្អប្រសើរបន្ថែមទៀត។ លោកស្រី បាននិយាយថា ចិនចាំបាច់ត្រូវតែពង្រឹងការគ្រប់គ្រងធនធានរ៉ែកម្រទាំងនេះ ដើម្បីធានាប្រសិទ្ធភាព និងការប្រើប្រាស់ធនធាន ក៏ដូចជាលើកកម្ពស់ផ្នែកបច្ចេកវិទ្យាចិនឲ្យកាន់តែមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៨ខែដើម ឆ្នាំ២០២៤ ក្រោមការរឹតបន្តឹងលើការនាំចេញ ចិនអាចនាំចេញ ធនធានរ៉ែកម្រសរុបបានត្រឹមតែជិត៣៩,០០០តោនតែប៉ុណ្ណោះជាមួយតម្លៃនាំចេញជាង៣៤១លានដុល្លារ ខណៈដែលតម្លៃរ៉ែកម្របានកើនឡើងរហូតដល់ទៅជាង៤០% ឯណោះ៕
ដោយៈ សរ សុជាតិ