បើទោះបីជាមិនមានសំឡេងធ្ងន់ទៅលើឆាកអន្តរជាតិ និងមានឥទ្ធិពលខ្លាំងក្លាលើការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីក្ដី ប៉ុន្ដែ កោះតៃវ៉ាន់ បានចូលរួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការជួយដល់ជនភៀសខ្លួននៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មមួយចំនួនលើរុស្ស៊ីផងដែរ។ ទន្ទឹមនឹង ការជួយដល់អ៊ុយក្រែន កោះតៃវ៉ាន់ ក៏កំពុងតាមដានមើលពីស្ថានការណ៍សង្គ្រាមនេះ យ៉ាងដិតដល់ផងដែរ ដ្បិតថា ដែនកោះមួយនេះ បារម្ភថាខ្លួនក៏អាចនឹងត្រូវ មហាអំណាចចិនវាយប្រហារនៅពេលណាមួយផងដែរ ដ្បិតថា កន្លងមកចិនបានប្រើប្រាស់ការគំរាមកំហែងដោយយោធា ដូចជាការបញ្ជូនយន្ដហោះចម្បាំងហោះចូលក្នុងដែនអាកាសកោះតៃវ៉ាន់ជាញឹកញាប់។ ភាគីចិនវិញ បានអះអាងយ៉ាងដាច់ណាត់ជារឿយៗថា កោះតៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន ហើយគ្មានថ្ងៃកាត់ផ្ដាច់ខ្លួនចេញពីចិនបានឡើយ។
យ៉ាងណាមិញ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង លោកស្រី ឈូ ហ្វេងឡាំង (Zhu Fenglian) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបានលើកឡើងថា ការដាក់ទណ្ឌកម្មរុស្ស៊ី និង ផ្តល់ជំនួយដល់អ៊ុយក្រែន ពីសំណាក់កោះតៃវ៉ាន់ គឺកំពុងសម្លឹងឃើញនូវផលប្រយោជន៍ផ្ទាល់អំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែននេះ។ លោកស្រីបន្ថែមថា មេដឹកនាំកោះតៃវ៉ាន់ កំពុងប្រើប្រាស់បញ្ហាអ៊ុយក្រែន ដើម្បីបញ្ជាក់អំពីស្ថានភាពរបស់ខ្លួនឲ្យពិភពលោកបានដឹង ហើយនាំយកបញ្ហាស្មុកស្មាញមកឲ្យប្រទេសចិន។ ក្នុងនោះ លោកស្រីបានសង្កត់ធ្ងន់ថា ការបង្កើតនូវឧបាយកលនយោបាយបែបនេះ គឺនឹងមិនជោគជ័យឡើយ។
ទោះបីជាយ៉ាងនេះក្តី មេដឹកនាំតៃវ៉ាន់អះអាងថា អ៊ុយក្រែនមានកាតព្វកិច្ចឈរជាមួយប្រទេសប្រជាធិបតេយ្យផ្សេងទៀត។ ក្នុងនោះ កាលពីល្ងាចថ្ងៃអង្គារ កោះតៃវ៉ាន់ក៏បានប្រកាសផ្តល់ជំនួយជាលើកទីពីរចំនួនជិត ១២ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយជនភៀសខ្លួនអ៊ុយក្រែន បន្ទាប់ពីការបរិច្ចាគលើកដំបូងក្នុងខែនេះ ចំនួនជិត ៤ លានដុល្លារ។ មេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen ក៏បានផ្តល់ប្រាក់ខែរបស់លោកស្រីនៅក្នុងមូលនិធិនេះផងដែរ។
គួរជម្រាបថា បើទោះបីជា ប្រទេសចិនដែលបានបដិសេធថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប៉ុន្ដែ ចិនកាលពីសប្តាហ៍មុននេះបានបញ្ជាក់ថា កាកបាទក្រហមចិន នឹងផ្តល់ជំនួយមនុស្សធម៌ក្នុងទឹកប្រាក់ជិត ៨ សែនដុល្លារអាមេរិក ដល់អ៊ុយក្រែន ដែលនេះជាជំនួយត្រូវបានប្រកាសជាសាធារណៈលើកដំបូង ដែលចិនបានជួយដល់ប្រទេសអ៊ុយក្រែនរាប់តាំងពីសង្គ្រាមកើតឡើងមក៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន