ចិន និងកាណាដា

លោក ដូណាល់ ត្រាំ ប្រកាសអនុវត្តវិធានការពន្ធដោយគ្មានការយោគយល់ ខណៈប្រទេសនានាត្រៀមដាក់ចេញវិធានការតប


ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសអនុវត្តវិធានការពន្ធលើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក កាណាដា និងចិនដោយគ្មានការលើកលែងសម្រាប់ប្រទេសណាមួយឡើយ។ ឆ្លើយតប នឹងការដាក់គំនាបពន្ធនេះ ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីរលើពិភពលោក រួមជាមួយប្រទេសម៉ិកស៊ិក និងកាណាដា មិនបានឈរឱបដៃមើលលោក ត្រាំ ធ្វើព្យុះធ្វើភ្លៀងដាក់ខ្លួននោះឡើយ ដោយប្រកាសដាក់ចេញវិធានការវាយបកដ៏ចាស់ដៃលើអាម៉េរិកវិញផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ចិន និងកាណាដា

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានអះអាងថា ការអនុវត្តវិធានការដំឡើងពន្ធ២៥%លើទំនិញរបស់ប្រទេសម៉ិកស៊ិក និងកាណាដានឹងចូលជាធរមាននៅថ្ងៃអង្គារ៍ ទី៤ ខែមីនា នេះតែម្តងដោយគ្មានការពន្យារពេលនោះទេ ដែលបញ្ហានេះកំពុងជំរុញឱ្យអាម៉េរិកខាងជើងខិតទៅជិតសង្រ្គាមពាណិជ្ជកម្មក្នុងតំបន់ និងធ្វើឱ្យស្ថានភាពទីផ្សារហិរញ្ញវត្ថុកាន់តែមានភាពតានតឹង។ ក្រោយការប្រកាសរបស់លោក ត្រាំ តម្លៃភាគហ៊ុននៅសហរដ្ឋអាម៉េរិក កាណាដា និងម៉ិកស៊ិកបានធ្លាក់ក្នុងស្ថានភាពល្អក់កករភ្លាមៗ ដោយលុយប៉េសូរបស់ម៉ិកស៊ិក និងលុយដុល្លាររបស់កាណាដាធ្លាក់ចុះមួយរំពេច។

ឆ្លើយតបនឹងការប្រកាសរបស់លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានប្រកាសដំឡើងពន្ធ២៥% លើទំនិញនាំចូលពីអាម៉េរិក ដែលមានតម្លៃ១០៧ពាន់លានដុល្លារ ដើម្បីតបតនឹងវិធានការពន្ធនេះ។ បើតាមការអះអាងរបស់រដ្ឋមន្ត្រីរូបនេះ កាណាដានឹងដំឡើងពន្ធ២៥%លើទំនិញរបស់សហរដ្ឋអាម៉េរិក ដែលមានតម្លៃ៣០ពាន់លានដុល្លារចាប់ពីថ្ងៃអង្គារ៍ សប្តាហ៍នេះ ខណៈពន្ធលើទំនិញដែលនៅសេសសល់ផ្សេងទៀតនឹងចូលជាធរមានក្នុងរយៈពេល២១ថ្ងៃបន្ទាប់។

លោកបានសង្កត់ធ្ងន់ថា ការអនុវត្តវិធានការពន្ធគយរបស់កាណាដានឹងដំណើរការរហូតដល់សហរដ្ឋអាម៉េរិកដកពន្ធពីកាណាដា ហើយប្រសិនបើអាម៉េរិកមិនដកវិធានការពន្ធចេញទេ នោះកាណាដា នឹងពិភាក្សាគ្នា ដើម្បីបន្តវិធានពន្ធបន្ថែមទៀត។

មិនខុសគ្នាប៉ុន្មាននោះទេ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី៤ ខែមីនា បានប្តេជ្ញាសងសឹកប្រឆាំងនឹងការកំណត់ពន្ធនាំចូលថ្មីរបស់សហរដ្ឋអាម៉េរិក ហើយបានព្រមានថា រដ្ឋបាលលោក ត្រាំ កំពុងព្យាយាមស្តីបន្ទោស និងសម្លុតទីក្រុងប៉េកាំងជុំវិញលំហូរពាណិជកម្មដែលមិនសមស្រប។ បើគ្មានការប្រែប្រួលទេការបន្ថែមពន្ធភ្លាមៗ១០%របស់អាម៉េរិកលើទំនិញចិន នឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនា ដែលធ្វើអត្រាពន្ធរបស់អាម៉េរិកលើទំនិញចិនឡើងដល់២០%។

ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់លោក ត្រាំ ចិនបាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាម៉េរិកកំពុងអនុវត្តការកំណត់ពន្ធជាឯកតោភាគីបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងធ្វើឱ្យខូចដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក និងរំខានដល់ពាណិជ្ជកម្មអន្តរជាតិ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សេដ្ឋកិច្ចកម្ពុជារំពឹងសម្រេចបានកំណើនជាមធ្យមក្នុងរង្វង់៦,៥% នៅក្នុងរយៈពេលខ្លី និងមធ្យម ប៉ុន្តែអាចប្រឈមនឹងបញ្ហាមួយចំនួន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនជាមធ្យមក្នុងអត្រា៦,៥%ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ប៉ុន្តែកំណើននេះទា…

បរធនបាលកិច្ចរៀបចំការផ្គូរផ្គងធុរកិច្ច ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា

និយ័តករបរធនបាលកិច្ច និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានរៀបចំការផ្គូរផ្គងធុរកិច្ចតាមរយៈយន្តការបរធនបាលកិច្ច ដើម្ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ