ឧស្សាហកម្មផលិតភាពយន្តកម្សាន្តខ្លីៗរបស់ចិន ដែលពីមុនគេថតដើម្បីផ្សព្វផ្សាយនៅលើបណ្តាញសង្គម តែពេលនេះបានក្លាយជាឧស្សាហកម្មមានទីផ្សារដ៏ធំ ដែលអាចផ្តល់ប្រាក់ចំណូលយ៉ាងច្រើន ហើយវាកំពុងក្លាយជាដៃគូប្រកួតប្រជែងមួយជាមួយនឹងក្រុមហ៊ុនផលិតភាពយន្ត Netflix។
ឧស្សាហកម្មកម្សាន្តប្រភេទនេះកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើន ហើយសូម្បីរឿងខ្លីៗចំណាយដើមទុនតិច ថតត្រឹមរយៈពេលត្រឹម១៥នាទី ក្នុងមួយភាគ ត្រូវបានគេអះអាងថា មានទីផ្សាររហូតដល់ទៅជិត៧ពាន់លានដុល្លារឯណោះ។ ឧស្សាហកម្មនេះត្រូវបានគេព្យាករថា នឹងកើនឡើងទ្វេដងនៅចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
កាលពីមុនរឿងភាគចិន អាចមានរយៈពេលដល់ទៅ៤០នាទី នៅក្នុងមួយភាគ ហើយនៅក្នុងមួយរឿងអាចមានចន្លោះពី៨០ ទៅ១០០ភាគ ប៉ុន្តែឥឡូវនេះ រឿងមួយភាគៗមានរយៈពេលត្រឹមតែ១៥នាទី ហើយមានពី១០ ទៅ២០ភាគប៉ុណ្ណោះ ជាមួយការចំណាយពេលផលិតពី៧ទៅ១០ថ្ងៃ និងថវិកាពីជាង៤ម៉ឺនទៅជិត៧ម៉ឺនដុល្លារ។ ទោះបីមានការកាត់បន្ថយរយៈពេលផលិតក៏ពិតមែន ប៉ុន្តែរឿងខ្លះដែលមានការពេញនិយមខ្លាំងអាចរកចំណូលបានរហូតដល់ជិត១៤លានដុល្លារត្រឹមរយៈពេលមួយសប្តាហ៍៕
ដោយៈ សរ សុជាតិ