បន្ទះឈីប

ចិនដាក់បម្រាមមិនឱ្យប្រើបន្ទះឈីបផលិតដោយក្រុមហ៊ុនអាម៉េរិក នៅក្នុងកុំព្យូទ័ររបស់រដ្ឋាភិបាល


ស្ថាប័នសារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Financial Times បានចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា ថា មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានដាក់ចេញគោលការណ៍ណែនាំឱ្យបញ្ឈប់ការប្រើប្រាស់បន្ទះឈីប ដែលផលិតដោយក្រុមហ៊ុនអាម៉េរិក រាប់ចាប់ពីក្រុមហ៊ុន Intel ដល់ក្រុមហ៊ុន AMD នៅក្នុងកុំព្យូទ័រផ្ទាល់ខ្លួន និងម៉ាស៊ីនកុំព្យូទ័រមេ ឬ Servers របស់រដ្ឋាភិបាល។
បន្ទះឈីប
ដោយ

សារព័ត៌មាននេះ បានបញ្ជាក់ថា សេចក្ដីណែនាំនេះ ក៏បញ្ជាមិនឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows របស់ក្រុមហ៊ុនអាម៉េរិក Microsoft និងសូហ្វវែរដាតាបេស (Database Software) ដែលផលិតដោយបរទេស ហើយងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកវិញ។សារព័ត៌មាននេះ បានបន្ថែមថា បណ្ដាទីភ្នាក់ងាររដ្ឋាភិបាលត្រូវបានតម្រូវឱ្យប្រើប្រាស់តែ CPU ជាផ្នែកដ៏សំខាន់នៃកុំព្យូទ័រ និងដែលមាននាទីបំប្លែង និងគណនាទៅលើរាល់ទិន្នន័យ និងប្រព័ន្ធដំណើរការ (Operating System) ដែលមានសុវត្ថិភាព និងអាចទុកចិត្តបានប៉ុណ្ណោះ។

ក្រសួងឧស្សាហកម្មរបស់ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍មួយអមដោយបញ្ជីរាយនាមចំនួន៣ ដាច់ដោយឡែកពីគ្នាសម្រាប់ CPU ប្រព័ន្ធប្រតិបត្តិការ (Operating System) និងដាតាបេស (Database) ដែលត្រូវបានចាត់ទុកថា មានសុវត្ថិភាព និងអាចទុកចិត្តបាន ដែលទាំងអស់នោះសុទ្ធតែផលិតដោយក្រុមហ៊ុនចិន។

ទោះជាយ៉ាងណា ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋ (State Council Information Office) ទទួលបន្ទុកឆ្លើយសំណួរពីប្រព័ន្ធផ្សព្វផ្សាយសម្រាប់គណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន មិនបានឆ្លើយតបសំណើសុំការបំភ្លឺជុំវិញបញ្ហានេះទេ។ ហើយទន្ទឹមនេះ បណ្ដាក្រុមហ៊ុនអាម៉េរិក រួមមានក្រុមហ៊ុន Intel និងក្រុមហ៊ុន AMD ក៏មិនបានឆ្លើយតបសំណើរបស់ទីភ្នាក់ងារព័ត៌មាន ដែលសុំឱ្យឆ្លើយបំភ្លឺជុំវិញបញ្ហានេះដែរ។

សហរដ្ឋអាម៉េរិក បាននិងកំពុងដាក់គោលដៅជំរុញការផលិតបន្ទះឈីបក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងកោះតៃវ៉ាន់ ជាមួយនឹងការបង្កើតច្បាប់ស្តីពីបន្ទះឈីប និងវិទ្យាសាស្ត្រឆ្នាំ២០២២ (2022 CHIPS and Science Act) ក្រោមរដ្ឋបាលដឹកនាំរបស់ប្រធានាធិបតី ចូ បៃឌិន។

ច្បាប់នេះត្រូវបានបង្កើតឡើង ដើម្បីជំរុញការផលិតបន្ទះឈីបរបស់សហរដ្ឋអាម៉េរិក និងមានជំនួយហិរញ្ញវត្ថុសម្រាប់ផលិតកម្មក្នុងស្រុក ជាមួយនឹងការឧបត្ថម្ភធនសម្រាប់ការផលិតបន្ទះឈីបកម្រិតខ្ពស់ទៀតផង៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


គម្រោងសង់លំនៅឋានតម្លៃ១០០ពាន់លានដុល្លារនៅម៉ាឡេស៊ី ត្រូវបានគេដាក់ឈ្មោះឱ្យជាទីក្រុងខ្មោច

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយរបស់ប្រទេសចិន គឺក្រុមហ៊ុន ខោនទ្រី ហ្កាដិន (Country Garden) បានបង្ហាញគម្រោងសាងសង់លំនៅឋានមួយក្នុងតម្លៃ១…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ