វិស័យទេសចរណ៍កម្ពុជា

កម្ពុជាគ្រោងបើកទេសចរណ៍ជាកញ្ចប់នៅចុងឆ្នាំនេះ ខណៈអ្នកជំនាញបង្ហាញជំនឿចិត្តថាអាចធ្វើបាន


មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងទេសចរណ៍គ្រោងបើកវិស័យទេសចរណ៍ជាកញ្ចប់នៅចុងឆ្នាំ២០២១ នេះ ខណៈបច្ចុប្បន្នក្រសួង រួមជាមួយភាគីពាក់ព័ន្ធ និងក្រសួងសុខាភិបាលកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ដើម្បីធានាថា ការបើកទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច មិនបង្កហានិភ័យខ្ពស់ក្នុងការចម្លងមេរោគកូវីដ-១៩។ អ្នកជំនាញ និងជាប្រតិបត្តិករក្នុងវិស័យទេសចរណ៍អះអាងថា កម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបើកតំបន់ទេសចរណ៍ទទួលភ្ញៀវទេសចរបរទេសជាកញ្ចប់ ប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព។
ទេសចរណ៍ដើរទស្សនានៅប្រាសាទបាយ័ន្ត ខេត្តសៀមរាប រូបភាព៖ China Daily

សម្រាប់​អ្នកជំនាញ ប្រសិនបើ កម្ពុជា អាច​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​នៅ​ចុងឆ្នាំ​មែន​នោះ វា​ប្រៀប​បាន​នឹង​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ទេសចរណ៍​របស់​កម្ពុជា ឲ្យ​ពិភពលោក​បាន​ស្គាល់​ផង​ដែរ​។ ហើយ​ការ​បើក​នេះ​ទៀត​សោត ក៏​ជា​ការ​ត្រៀម​ផង​ដែរ សម្រាប់​ការ​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​វេទិការ​ទេសចរណ៍​អាស៊ាន​នៅ​ដើមឆ្នាំ​ក្រោយ​។

ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ស្ទើរ​គ្រប់​វិស័យ​ក្នុង​នោះ​វិស័យ​ទេសចរណ៍​ត្រូវ​បាន​គេ​ចាត់ទុកជា​វិស័យ​មួយ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ដ្បិត​អាជីវកម្ម​ជា​ច្រើន​ក្នុង​វិស័យ​នេះ​ត្រូវ​បាន​ផ្អាក​ដំណើរការ ឬ​បិទទ្វារ​ជា​បណ្តោះអាសន្ន ដោយសារ​ខ្សត់​ភ្ញៀវ​ទេសចរ​។ អាជីវកម្ម​មួយ​ចំនួន​បាន​បើក​ដំណើរការ ដើម្បី​បន្ត​ដង្ហើមរស់​យ៉ាង​លំបាក​លំ​ប៉ិន​។

ដើម្បី​ជួយ​ស្រោចស្រង់ និង​ដោះស្រាយ​បញ្ហា​ជូន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្រសួងទេសចរណ៍ គ្រោង​បើកទ្វារ​តំបន់​ទេសចរណ៍ ទទួលភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជា​កញ្ចប់​នៅ​ចុងឆ្នាំ​២០២១ នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម តុ​ប សុ​ភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​។

ឯកឧត្តម​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ការ​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ជា​កញ្ចប់​នេះ គ្រោង​ធ្វើ​ឡើង​នៅ​អំឡុង​ខែវិច្ឆិកា ឬ​ខែធ្នូ ឆ្នាំ​២០២១ នេះ ខណៈ​បច្ចុប្បន្ន​ក្រសួង​រួម​ជាមួយ​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួងសុខាភិបាល កំពុងធ្វើការ​ងារ​លើ​បញ្ហា​នេះ ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ និង​វិធីសាស្ត្រ ដើម្បី​ធានា​ថា គម្រោង​នេះ​មិន​បង្ក​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩​។

ជាមួយ​គ្នា​នេះ លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ជា​កញ្ចប់​របស់​ក្រសួងទេសចរណ៍ នៅ​ចុងឆ្នាំ​២០២១ នេះ​។ លោក​ជំទាវ​ជឿជាក់​ថា កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​មួយ​នេះ ឲ្យ​ប្រកបដោយ​ប្រសិទ្ធិ​ភាព និង​សុវត្ថិភាព ទោះបី​បច្ចុប្បន្ន​ពិភពលោក ក៏​ដូច​ជា​កម្ពុជា​កំពុង​រង​នូវ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ​។ លោក​ជំទាវ​អះអាង​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​កញ្ចប់​មិន​បង្ក​ហានិភ័យ​ខ្ពស់​នោះ​ទេ ដោយសារ​ភ្ញៀវ​ទេសចរ​បរទេស ដែល​ទិញ​កញ្ចប់​មក​កម្សាន្ត​នៅ​កម្ពុជា គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា តាំងពី​ចាប់ផ្តើម​រហូត​ដល់ទី​បញ្ចប់​។ 

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​រូប​នេះ​យល់​ថា ប្រសិនបើ​ក្រសួងទេសចរណ៍ អាច​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច តាម​ការ​គ្រោងទុក​នៅ​ចុងឆ្នាំ​មែន​នោះ វា​ប្រៀប​បាន​នឹង​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ទេសចរណ៍​កម្ពុជា​ដូច្នេះ​ដែរ​។ ការ​បើក​នេះ​ទៀត​សោត វា​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ ក៏​ដូច​ជា​ទូងស្គរ​ឲ្យ​ពិភពលោក​ដឹង​ថា កម្ពុជា​បាន​បើក​តំបន់​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​វិញ​ហើយ​។ បន្ថែម​លើ​នេះ វា​ក៏​នឹង​ជួយ​រួមចំណែក​ស្រោចស្រង់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​ស្តារ​វិស័យសេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ​។

ពាក់ព័ន្ធ​គម្រោង​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​ជា​កញ្ចប់​នេះ​ដែរ លោក​បណ្ឌិត ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា​យល់​ឃើញ​ថា កម្ពុជា​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ទាំង​សមត្ថភាព​គ្រប់គ្រង​ការ​បើក​ដំណើរការ​តំបន់​ទេសចរណ៍ និង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ហើយ​បើ​មើលទៅ​លើ​តួលេខ​អ្នក​បាន​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​តំបន់​អាស៊ាន​កម្ពុជា​ឈរ​លំដាប់​ទី​២ បន្ទាប់​ពី​សិង្ហ​បុរី​។ ប៉ុន្តែ​អ្នកជំនាញ​រូប​នេះ​សង្កេត​ឃើញ​ថា អ្វី​ដែល​ជា​ចំណុច​ខ្វះខាត​របស់​កម្ពុជា គឺ​ភាព​ខ្លា​ហាន​។ លោក​អះអាង​ថា លោក​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​របស់​ក្រសួងទេសចរណ៍ ដែល​គ្រោង​បើក​តំបន់​ទេសចរណ៍​ទទួលភ្ញៀវ​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ជា​កញ្ចប់​នេះ ហើយ​លោក​ជឿជាក់​កម្ពុជា​អាច​ធ្វើ​បាន​។

គិត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ជិត​ពីរ​ឆ្នាំ​ហើយ ដែល​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​អុកឡុក​វិស័យ​ទេស​នៅ​កម្ពុជា​។ វិបត្តិ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​អាជីវកម្ម​ក្នុង​វិស័យ​នេះ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយ​មាន​អាជីវកម្ម​មួយ​ចំនួន​ត្រូវ​បង្ខំចិត្ត​បញ្ឈប់​ប្រតិបត្តិការ​ដោយសារ​ក្ស័យធន ខណៈ​មួយ​ចំនួន​បាន​បិទទ្វារ ឬ​ផ្អាក​ដំណើរការ​បណ្តោះ និង​មួយ​ចំនួន​ទៀត​បន្ត​ដង្ហើមរស់​យ៉ាង​លំបាកលំបិន​។ អ្នកជំនាញ​អះអាង​ថា អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍​នឹង​ប្រឈម​ការ​ក្ស័យធន​កាន់តែ​ច្រើន​ប្រសិនបើ​កម្ពុជា​បន្ត​អូស​បន្លាយ​ការ​បិទ​ទទួលភ្ញៀវ​ទេសចរ​បរទេស​យូរ​ទៀត​។

យើង​សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធានការ​ចំនួន​៩​ជុំ​ហើយ​ក្នុង​ការ​ជួយ​ដល់​ជន​ក្រីក្រ និង​ងាយ​រង​គ្រោះ ក៏​ដូច​ជា​ជួយ​ដល់​អាជីវកម្ម ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ក្នុង​នោះ​ក៏​មាន​អាជីវកម្ម​ដែល​រកស៊ី​ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសុខភាពវិនិយោគក្នុងវិស័យសំណង់មានការប្រែប្រួលកម្រិតណានៅពាក់កណ្តាលឆ្នាំនេះ?

ព័ត៌មាន
វិបត្តិកូវីដ-១៩ នៅតែជាបញ្ហាចម្បង ដែលធ្វើឱ្យមានការរាំងស្ទះ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រោះវិស័យជាច្រើនហាក់នៅទ្រឹង អំឡុងនៃការរាតត្បាតដោយជំ…

កម្ពុជាទទួលបានចំណូលជាង៣ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិ

ព័ត៌មាន
បើទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យវិស័យជាច្រើនត្រូវជាប់គាំង និងធ្វើឱ្យតម្លៃផលិតផលកសិកម្មមួយចំនួនត្រូវធ្លាក់ចុះ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ