អាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃ ដែលហៅកាត់ថា IEAT បានប្រកាសនៅដើមសប្តាហ៍នេះថា តួលេខកាលពីខែកុម្ភៈបង្ហាញថា ប្រទេសចិនមានការវិនិយោគផ្ទាល់នៅក្នុងតំបន់ឧស្សាហកម្មនៅក្នុងប្រទេសប្រមាណ ជិត២៤%នៃទំហំវិនិយោគសរុបដែលមានប្រមាណជាង ៤៣០លានដុល្លារ បន្ទាប់មកគឺ វិនិយោគិនមកពីសិង្ហបុរីមានចំណែកទុនវិនិយោគជាង១២% ជប៉ុនមានជិត១២% ឥណ្ឌាជាង ៦% និងកោះតៃវ៉ាន់មានជាង៦% ។
លោក វៀរីស អាមារ៉ាផាឡា (Veeris Ammarapala) ប្រធានអាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃ បានប្រាប់ប្រភពខាងលើថា ធុរៈជនចិនបានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេមកកាន់អាស៊ីអាគ្នេយ៍តាំងតែពីឆ្នាំមុន។
លោកបានអះអាងថា ប្រទេសថៃ និងវៀតណាមជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់ក្រុមហ៊ុនផលិតអេឡិចត្រូនិកលំដាប់កំពូលរបស់ចិន ។
លោក បានបន្ថែមថា កត្តាមួយទៀតដែលជំរុញការវិនិយោគរបស់ចិនមកកាន់ប្រទេសថៃ គឺដោយសារតែមានកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរនៅឯកិច្ចប្រជុំកំពូល Apec កាលពីឆ្នាំមុន ដើម្បីជំរុញការវិនិយោគរួមគ្នាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន និងគោលនយោបាយ ៤.០ របស់រាជរដ្ឋាភិបាលថៃ ។
លោកបានបញ្ជាក់បន្ថែមថា ប្រទេសចិនក៏បានឈរនៅលើកំពូលតារាងនៃវិនិយោគដោយផ្ទាល់ពីបរទេស កាលពីឆ្នាំ ២០២២ ផងដែរ ជាមួយនឹងតម្លៃវិនិយោគសរុបរហូតដល់ទៅ ជាង ២ពាន់២រយលានដុល្លារ នៅក្នុងចំណោមតម្លៃវិនិយោគសរុប ជិត ១៣ពាន់លានដុល្លារ តាមពីក្រោយដោយវិនិយោគទុន ជប៉ុន និងសហរដ្ឋអាមេរិកមានទុនវិនិយោគប្រមាណ ១ពាន់៥រយលានដុល្លារអាមេរិកដូចគ្នា ខណៈកោះតៃវ៉ាន់ និងសិង្ហបុរីក៏មានប្រហាក់ប្រហែលគ្នាដែរ ប្រមាណ ១ពាន់៣រយលានដុល្លារអាមេរិក៕
អត្ថបទ ៖ សុខ ជា