ក្រុមហ៊ុនដឹកជញ្ជូនគ្រប់គ្រងដោយរដ្ឋ China Eastern Airlines បាននិយាយថា ខ្លួនបានទទួល «ការបញ្ចុះតម្លៃច្រើន» សម្រាប់កិច្ចព្រមព្រៀងនេះ ហើយយន្តហោះដែលបានបញ្ជាទិញនេះ នឹងត្រូវបានចែកចាយដំណាក់កាលចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣១។
តម្លៃក្នុងបញ្ជីសម្រាប់យន្តហោះ C919 គឺចំនួន៩៩លានដុល្លារក្នុងមួយគ្រឿង ប៉ុន្តែយន្តហោះនេះអាចត្រូវបានលក់បញ្ចុះតម្លៃរហូតដល់៥០% ជាពិសេសសម្រាប់ម៉ូដែលថ្មីសន្លាងតែម្ដង។
កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្រោយពេល៥ខែ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ចិន C919 ដែលផលិតដោយសាជីវកម្ម COMAC ដើម្បីប្រជែងនឹងយន្តហោះ របស់ក្រុមហ៊ុន Airbus និង Boeing នោះ បានធ្វើការហោះហើរលើកដំបូងកាលពីខែឧសភាជាមួយនឹងក្រុមហ៊ុន China Eastern។
ក្រុមហ៊ុនដឹកជញ្ជូនរបស់រដ្ឋ China Eastern Airlines ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃនេះ ជាអ្នកប្រើប្រាស់ដំបូងគេនូវយន្តហោះ C919 និងបានបញ្ជាទិញយន្តហោះនេះចំនួន៥គ្រឿង ដែលក្នុងនោះ៣គ្រឿង ត្រូវបានចែកចាយរួចហើយ ខណៈដែល២គ្រឿងទៀត ត្រូវបានគេរំពឹងថា នឹងប្រគល់ឱ្យនៅចុងឆ្នាំនេះ។
ក្រុមហ៊ុន China Eastern បាននិយាយថា ការទិញបន្ថែមយន្តហោះនេះ គឺដោយសារតែការធ្វើដំណើរតាមផ្លូវអាកាសកំពុងងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីរយៈពេល៣ឆ្នាំនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងដោយសារតែយន្តហោះខ្នាតតូចចង្អៀតមួយចំនួនធំត្រូវផ្អាកប្រើ ដោយសារតែអាយុកាលចាស់ទ្រុឌទ្រោមរបស់យន្តហោះទាំងនោះ៕
អត្ថបទ៖ សុខ ជា