ការដាក់ពាក្យសុំក្ស័យធនរបស់ក្រុមហ៊ុន អេវើក្រេន នេះបានធ្វើឡើង នៅចំពេលមានការព្រួយបារម្ភចេះតែកើនឡើង ជុំវិញការជំពាក់បំណុលដ៏ច្រើនលើសលុបក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសចិន និងការឆ្ពោះទៅរកវិបត្តិហិរញ្ញវត្ថុរបស់ពួកគេ ដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅប្រទេសចិន។
ក្រុមហ៊ុន អេវើក្រេន បានដាក់ពាក្យសុំការការពារទ្រព្យសម្បត្តិរបស់ខ្លួនតាមជំពូកទី១៥ នៃច្បាប់ក្ស័យធន ដែលច្បាប់នេះអាចការពារក្រុមហ៊ុនបរទេសណា ដែលធ្វើប្រតិបត្តិការនៅលើទឹកដីអាមេរិក និងភាគីបរទេសពាក់ព័ន្ធផ្សេងៗទៀតនៅពេលពួកគេក្ស័យធន។ បើតាមពាក្យស្នើសុំក្ស័យធនរបស់ក្រុមហ៊ុននេះបានសរសេរថា ក្រុមហ៊ុនក៏កំពុងស្ថិតក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញនៅក្នុងទីក្រុងហុងកុង និងនៅប្រជុំកោះខេម៉េន (Cayman) នៅប្រទេសអង់គ្លេសផងដែរ។
ក្រុមហ៊ុន អេវើក្រេន បានស្នើសុំឱ្យបើកសវនាការទទួលស្គាល់ពីការក្ស័យធននេះ សម្រាប់ថ្ងៃទី២០ ខែកញ្ញា ហើយបានបញ្ជាក់ទៀតថា កិច្ចប្រជុំជាមួយម្ចាស់បំណុលត្រូវបានកំណត់នៅថ្ងៃទី២៣ ខែសីហានៅក្នុងទីក្រុងហុងកុង ខណៈកាលពីថ្ងៃពុធ ទី១៦ ខែសីហា ក្រុមហ៊ុននេះបានប្រកាសពន្យារពេលកិច្ចប្រជុំជាមួយម្ចាស់បំណុលរបស់ខ្លួនទៅថ្ងៃទី២៨ ខែសីហាវិញ។
ក្រុមហ៊ុន អេវើក្រេន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេទី២របស់ប្រទេសចិនបានខកខានសងបំណុលរបស់ខ្លួនតាំងពីឆ្នាំ២០២១ ហើយបញ្ហារបស់ក្រុមហ៊ុនក៏បានរុញឲ្យមានវិបត្តិអចលនទ្រព្យ ជះផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។ ក្រុមហ៊ុននេះបានខាតប្រាក់ចំនួន ៨១ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២១ និង២០២២។
បើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដ៏ធំមួយនេះ មានបំណុលសរុបជាង ៣០០ពាន់លានដុល្លារ ដែលនៅក្នុងនោះបំណុលបរទេសមានចំនួនជាង៣១ពាន់លានដុល្លារ។
កាលពីខែមីនា ក្រុមហ៊ុន អេវើក្រេន និងក្រុមម្ចាស់បំណុលបរទេសរបស់ខ្លួនមួយក្រុមបានយល់ព្រមចំពោះផែនការរៀបចំរចនាសម្ព័ន្ធសងបំណុលឡើងវិញ ហើយនៅសប្ដាហ៍នេះដែរ ក្រុមហ៊ុនរថយន្តអគ្គិសនី New Energy Vehicle Group ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេវើក្រេន គ្រុប បានបង្ហាញសំណើរៀបចំរចនាសម្ព័ន្ធសងបំណុលឡើងវិញរបស់ខ្លួនដែលនឹងផ្តល់ឱ្យក្រុមហ៊ុនផលិតរថយន្តរបស់ឌូបៃ NWTN នូវភាគហ៊ុនចំនួន២៨%៕