វិស័យកសិកម្ម

តើមានកត្តាអ្វីខ្លះធ្វើឱ្យអ្នកមានធនធានមួយចំនួននៅកម្ពុជាមើលរំលងមិនសូវចាប់អារម្មណ៍វិនិយោគក្នុងវិស័យកសិកម្ម?


វិស័យកសិកម្ម គឺជាវិស័យសក្តានុពលមួយរបស់កម្ពុជា ប៉ុន្តែត្រូវបានអ្នកមានធនធានមួយចំនួននៅកម្ពុជា មើលរំលងមិនសូវឆាប់អារម្មណ៍ក្នុងការវិនិយោគ។ យ៉ាងណាមិញយើងកត់សម្គាល់ឃើញថា មានក្រុមហ៊ុន និងវិនិយោគិនបរទេសមួយចំនួនបានបោះទុនវិនិយោគ និងមួយចំនួនកំពុងស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យដ៏មានសក្តានុពលរបស់កម្ពុជាមួយនេះ។ តើមានកត្តាអ្វីខ្លះធ្វើឱ្យអ្នកមានធនធានមួយចំនួននៅកម្ពុជាហាក់ពុំសូវចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម?
វិស័យកសិកម្ម
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា កត់សម្គាល់ឃើញថា កត្តាដែលធ្វើឱ្យអ្នកមានធនធានមួយចំនួននៅកម្ពុជា មិនសូវចាប់អារម្មណ៍វិនិយោគក្នុងវិស័យកសិកម្ម អាចបណ្តាលមកពីពួកគេមើលឃើញពីកត្តាប្រឈមមួយចំនួនក្នុងវិស័យនេះមិនទាន់ត្រូវបានដោះស្រាយ គួបផ្សំវិស័យនេះផ្តល់ប្រាក់ចំណេញតិច និងត្រូវចំណាយពេលយូរ។ ការណ៍នេះ បានជំរុញឱ្យពួកគេងាកទៅវិនិយោគក្នុងវិស័យផ្សេង ជាពិសេសអចលនទ្រព្យ ដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់។ អ្នកជំនាញរូបនេះស្នើឱ្យអ្នកមានធនធាននៅកម្ពុជា គួរងាកមកវិនិយោគក្នុងវិស័យកសិកម្ម ដែលជាវិស័យសក្ដានុពលរបស់កម្ពុជាឱ្យបានច្រើន​ថែមទៀត ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

​ជាមួយគ្នានេះ លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ សង្កេតឃើញថា វិស័យកសិកម្មហាក់ពុំសូវទទួលបានការចាប់អារម្មណ៍វិនិយោគពីសំណាក់អ្នកសម្បូរធនធានមួយចំនួននៅកម្ពុជានោះទេ។ អ្នកជំនាញក្នុងវិស័យកសិកម្មរូបនេះវាយតម្លៃថា កត្តាដែលធ្វើឱ្យពួកគេមិនសូវចាប់អារម្មណ៍អាចបណ្តាលមកពីវិស័យនេះត្រូវការចំណាយទុនបង្វិលភ្លាមៗ និងផ្តល់ប្រាក់ចំណេញតិច ដែលជំរុញឱ្យពួកគេត្រូវងាកទៅវិនិយោគលើវិស័យអចលនទ្រព្យដែលងាយនឹងទទួលផលចំណេញលឿន។

​ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការមិនសូវចាប់អារម្មណ៍វិនិយោគរបស់អ្នកសម្បូរធនធានមួយចំនួននៅកម្ពុជា អាចដោយសារតែវិស័យកសិកម្មពុំទាន់មានរចនាសម្ព័ន្ធទីផ្សារច្បាស់លាស់ ខណៈការផលិតនៅមានកម្រិត។

ម្យ៉ាងទៀត អាចដោយសារការផលិតភាគច្រើនពឹងផ្អែកលើកត្តាធម្មជាតិ ជាងការគ្រប់គ្រងដោយបច្ចេកទេស និងបច្ចេកវិទ្យា គួបផ្សំទីផ្សារ និងចំនួនអ្នកជំនួញធំៗនៅកម្ពុជានៅមានទំហំតូចជាងប្រទេសជិតខាង។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ ដោយសារមើលឃើញពីអំណាចនៃការប្រគួតប្រជែងរបស់កម្ពុជានៅខ្សោយ ទើបធ្វើឱ្យអ្នកសម្បូរធនធានមួយ​ចំនួន​មិនសូវលូកដៃចូលក្នុងវិស័យកសិកម្ម ហើយងាកទៅវិនិយោគក្នុងវិស័យអចលនទ្រព្យ។

​យ៉ាង​ណា​មិញ លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ឃើញថា វិស័យកសិកម្មនៅតែជាវិស័យមានសក្ដានុពល ប៉ុន្តែទាមទារឱ្យមានការវិនិយោគក្នុងទ្រង់ទ្រាយធំ ទើប​អាច​មា​ន​​ថ្លៃ​​​ដើម​​​ទាប​។ ដើម្បីឈានដល់ការប្រគួតប្រជែង គឺទាមទារឱ្យអ្នកនាំជី និងថ្នាំកសិកម្ម ត្រូវសហការជាមួយអ្នកផលិត ឬចងក្រងជាសម្ព័ន្ធកសិកម្ម ដ្បិតវាអាចជួយកាត់បន្ថយថ្លៃដើម និងហានីភ័យផ្សេងៗ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការប្រើប្រាស់ប្រាក់រៀលមានកំណើនរង្វង់១៥%ក្នុង១ឆ្នាំ នៅពីរទសវត្សរ៍ចុងក្រោយ តែការប្រើប្រាស់ប្រាក់ដុល្លារនៅតែមានកម្រិតខ្ពស់

ព័ត៌មាន
ក្រោយកម្ពុជាអាចរក្សាបាននូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ដើម្…

ហេតុអ្វីក្រុមធុរកិច្ចអឺរ៉ុបលើកឡើងថា ការធ្វើអាជីវកម្មនៅចិនកាន់តែតានតឹង និងមិនច្បាស់លាស់?

ព័ត៌មាន
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅប្រទេសចិន បានចេញរបាយការណ៍មួយនៅថ្ងៃពុធ សប្តាហ៍នេះថា ភាពមិនច្បាស់លាស់ និងបទប្បញ្ញត្តិដ៏ធ្ងន់ធ្ងរបានបង្កើនហានិភ័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ