
ប្រទេសចិន មានបំណងក្លាយជាមហាអំណាចអវកាសដ៏សំខាន់មួយ និងគ្រោងបញ្ជូនអវកាសយានិកទៅចុះចតនៅលើឋានព្រះចន្ទ នៅត្រឹមឆ្នាំ២០៣០ ហើយបេសកកម្មយានអវកាសឆាងអ៊ីទី៨ (Chang'e-8) របស់ចិន មានបំណងចាក់គ្រឹះនៅទីនោះ សម្រាប់ការសាងសង់មូលដ្ឋាននៅលើឋានព្រះចន្ទដែលមានមនុស្សរស់នៅជាអចិន្ត្រៃយ៍។
នៅក្នុងបទបង្ហាញនៅទីក្រុងសៀងហៃ ប្រធានវិស្វករនៃបេសកកម្មឆ្នាំ២០២៨ លោក ផេ ហ្សាវយូ (Pei Zhaoyu) បានបង្ហាញថា ការផ្គត់ផ្គង់ថាមពលរបស់មូលដ្ឋានព្រះចន្ទនេះ ក៏អាចពឹងផ្អែកលើបន្ទះសូឡាខ្នាតធំ និងបំពង់ និងខ្សែកាបសម្រាប់កម្ដៅ និងអគ្គិសនីដែលសាងសង់នៅលើផ្ទៃនៃឋានព្រះចន្ទផងដែរ។
ទីភ្នាក់ងារអវកាសរ៉ូស្កូម៉ូស (Roscosmos) របស់ប្រទេសរុស្ស៊ី កាលពីឆ្នាំមុនបានប្រកាសអំពីគម្រោងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែ នៅលើផ្ទៃព្រះចន្ទ ជាមួយនឹងរដ្ឋបាលអវកាសជាតិរបស់ចិន នៅឆ្នាំ២០៣៥ ដើម្បីផ្តល់ថាមពលដល់ស្ថានីយស្រាវជ្រាវ ILRS។
មន្ត្រីអវកាសចិន បានធ្វើបទបង្ហាញអំពីគម្រោងការនេះទៅកាន់មន្ត្រីមកពីប្រទេស និងអង្គការអន្តរជាតិ សរុបចំនួន១៧នាក់ ហើយការធ្វើបទបង្ហាញអំពីអង្គភាពថាមពលនុយក្លេអ៊ែ នៅលើឋានព្រះចន្ទនេះ បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងប៉េកាំង គាំទ្រគំនិតនេះ ទោះបីជាចិន មិនដែលបានប្រកាសជាផ្លូវការនាពេលកន្លងមកក៏ដោយ។
នៅពេលអនាគត ប្រទេសចិននឹងបង្កើតគម្រោង៥៥៥ ដោយអញ្ជើញប្រទេសចំនួន៥០ ស្ថាប័ន ស្រាវជ្រាវវិទ្យាសាស្ត្រអន្តរជាតិ ចំនួន៥០០ និងអ្នកស្រាវជ្រាវក្រៅប្រទេសចំនួន៥ពាន់នាក់ឱ្យចូលរួមក្នុងគម្រោង ILRS ហើយប្រទេសថៃ បានចូលរួមរួចហើយនៅក្នុងគម្រោងនេះ៕
ដោយ៖ សុខ មង្គល