ក្រុមហ៊ុន CK Hutchison បានអះអាងថា អាជ្ញាធរប៉ាណាម៉ា បានចុះត្រួតពិនិត្យគួរឱ្យភ្ញាក់ផ្អើល ហើយបានបញ្ជាឱ្យក្រុមហ៊ុន Panama Ports ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ខ្លួននៅប្រទេសប៉ាណាម៉ា អនុញ្ញាតឱ្យអាជ្ញាធរចុះត្រួតពិនិត្យគ្រប់ទីតាំង ពិនិត្យឆែកឆេរទិន្នន័យ ព្រមទាំងបុគ្គលិកផងដែរ។ ក្រុមហ៊ុននេះបានព្រមានថា ខ្លួននឹងប្ដឹងករណីនេះក្រោមច្បាប់មជ្ឈត្តកម្មនៃសភាពាណិជ្ជកម្មអន្តរជាតិ ខណៈដែលខ្លួនរក្សាជម្រើសផ្លូវច្បាប់ផ្សេងទៀតឱ្យនៅចំហ។ ក្រុមអ្នកវិភាគព្រមានថា ជម្លោះនេះអាចអូសបន្លាយពេលវែងជាមួយនឹងមន្ទិលថា តើតុលាការអន្តរជាតិអាចច្រានចោលសាលដីការបស់តុលាការកំពូលរបស់ប៉ាណាម៉ាបានដែរឬយ៉ាងណា។
សាលដីការរបស់តុលាការកំពូលរបស់ប៉ាណាម៉ា បានបង្កភាពស្មុគស្មាញដល់ផែនការរបស់ក្រុមហ៊ុន CK Hutchison ក្នុងការលក់ចេញទ្រព្យសកម្មជាកំពង់ផែរបស់ខ្លួននៅទូទាំងពិភពលោកចំនួន៤៣ទីតាំងរួមទាំងកំពង់ផែចំនួន២នៅក្នុងប្រទេសប៉ាណាម៉ាផងដែរ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង១៩ ពាន់លានដុល្លារអាម៉េរិក។ ការលក់នេះមានជាប់ពាក់ព័ន្ធនឹងការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន ដោយទីក្រុងវ៉ាស៊ីនតោន គាំទ្រចំណាត់ការរបស់ប៉ាណាម៉ា ខណៈដែលក្រុងប៉េកាំង ថ្កោលទោសចំណាត់ការនេះ ហើយចិនបានព្រមានថា ប៉ាណាម៉ា នឹងប្រឈមផលវិបាកធ្ងន់ធ្ងរទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។
ប្រទេសប៉ាណាម៉ាបានអះអាងថា ក្រុមហ៊ុន Panama Ports នឹងបន្តដំណើរការកំពង់ផែទាំងនោះដដែល ប៉ុន្តែក្រុមហ៊ុន APM Terminals អាចនឹងចូលគ្រប់គ្រងជំនួសបណ្តោះអាសន្ន។ សូមបញ្ជាក់ថា ក្រុមហ៊ុន CK Hutchison ដែលមានមូលដ្ឋានៅហុងកុង បានដំណើរការកំពង់ផែទាំងនេះនៅប្រទេសប៉ាណាម៉ា តាំងពីឆ្នាំ១៩៩៧ ដោយកិច្ចសន្យារបស់ខ្លួនត្រូវបានបន្តនៅឆ្នាំ២០២១៕
ដោយ: តែម សុខុម