
រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ មានផែនការជួយគាំទ្រឧស្សាហកម្មរ៉ែកម្ររបស់សហរដ្ឋអាម៉េរិក តាមរយៈការធានាតម្លៃអប្បបរមាសម្រាប់រ៉ែកម្រ ដើម្បីកាត់បន្ថយការពឹងផ្អែកលើមហាយក្សចិន និងដើម្បីពន្លឿនការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកកាន់តែរឹងមាំឱ្យបានឆាប់។ ផែនការដ៏មហិច្ឆតានេះត្រូវបានលាតត្រដាងកាលពីថ្ងៃទី២៤ ខែកក្កដា នៅក្នុងកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់អាម៉េរិកជាមួយតំណាងក្រុមហ៊ុនរ៉ែកម្រចំនួន១០ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាម៉េរិកដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុន Microsoft ជាដើម។ សូមបញ្ជាក់ថា ក្រុមហ៊ុនអាម៉េរិក ទាំងនេះពឹងផ្អែកខ្លាំងលើរ៉ែកម្រសម្រាប់ការផលិតគ្រឿងអេឡិចត្រូនិក។
ក្រុមមន្ត្រីអាម៉េរិកបាននិយាយថា កិច្ចព្រមព្រៀងនាពេលថ្មីៗនេះរបស់មន្ទីរបញ្ចកោណ ជាមួយក្រុមហ៊ុន MP Materials ដោយផ្តល់ការធានាតម្លៃអប្បបរមាសម្រាប់រ៉ែកម្រ គឺជាផ្នែកមួយនៃផែនការដ៏ធំរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅក្នុងការជួយជំរុញឧស្សាហកម្មរ៉ែកម្រ។ ក្រុមមន្ត្រីអាម៉េរិកបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកនានាបោះទុនវិនិយោគលើការជីកយករ៉ែ កែច្នៃរ៉ែ កែច្នៃឡើងវិញ និងការផលិតមេដែកឆក់។
រ៉ែកម្រគឺជាលោហៈសំខាន់ៗដែលគេប្រើសម្រាប់ផលិតទូរសព្ទ រថយន្តអគ្គិសនី និងអាវុធ ហើយរដ្ឋបាលលោក ដូណាល់ ត្រាំ ចង់បានវឌ្ឍនភាពយ៉ាងឆាប់រហ័សនៅក្នុងការពង្រឹងឧស្សាហកម្មរ៉ែកម្រនេះ។ សូមបញ្ជាក់ថា មហាយក្សចិន ដែលជាប្រទេសផលិតរ៉ែកម្រលំដាប់កំពូលធំបំផុតរបស់ពិភពលោក បានផ្អាកការនាំចេញរ៉ែកម្រកាលពីអំឡុងខែមីនា ស្របពេលមានជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ហើយចំណាត់ការរបស់មហាយក្សចិននេះ បានបង្កហានិភ័យដល់ខ្សែច្រវាក់ផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម