
ការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិនខាងលើធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់ចិន ជប៉ុន និងកូរ៉េខាងត្បូងបានបើកកិច្ចពិភាក្សាលើបញ្ហាសេដ្ឋកិច្ចលើកដំបូងរបស់ពួកគេក្នុងរយៈពេល៥ឆ្នាំមកនេះកាលពីចុងសប្តាហ៍មុន ដើម្បីស្វែងរកការសម្របសម្រួលពាណិជ្ជកម្មក្នុងតំបន់ ខណៈប្រទេសមហាអំណាចនៅតំបន់អាស៊ីទាំងនេះ កំពុងស្វែងរកវិធីសាស្ត្ររួមគ្នា ដើម្បីទប់ទល់នឹងការដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ។
បើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ខាងលើ ប្រទេសជប៉ុន និងកូរ៉េខាងត្បូងកំពុងស្វែងរកការនាំចូលវត្ថុធាតុដើមបន្ទះឈីបពីប្រទេសចិន ហើយប្រទេសចិន ក៏បានចាប់អារម្មណ៍ចង់ទិញផលិតផលបន្ទះឈីបពីជប៉ុន និងកូរ៉េខាងត្បូងផងដែរ ខណៈភាគីទាំង៣បានព្រមព្រៀងគ្នា ដើម្បីពង្រឹងសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់ និងការគ្រប់គ្រងការនាំចេញ។
ពាក់ព័ន្ធការចុះផ្សាយខាងលើ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានអះអាងថា ការចុះផ្សាយដែលថា ប្រទេសទាំង៣បានរួមគ្នាឆ្លើយតបចំពោះបញ្ហាការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិកហាក់មានការបំផ្លើសបន្តិចពីខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំង៣។ បើតាមអ្នកនាំពាក្យរូបនេះ សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសទាំង៣បានយល់ព្រមបង្កើនល្បឿនការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េខាងត្បូង-ជប៉ុន-ចិន ដើម្បីលើកកម្ពស់ ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។
បន្ថែមលើនេះ ប្រទេសទាំង៣បានផ្លាស់ប្តូរទស្សនៈស្តីពីបរិយាកាសពាណិជ្ជកម្មពិភពលោក ហើយពួកគេបានចែករំលែកការយល់ដឹងពីតម្រូវការក្នុងការបន្តកិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប៉ុន្តែមិនបាននិយាយពីការរួមគ្នាឆ្លើយតបនឹងបញ្ហាពន្ធរបស់លោក ត្រាំ ឡើយ។
គួរបញ្ជាក់ថា ការជួបប្រជុំគ្នារវាងរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសទាំង៣ធ្វើឡើងនៅ២ថ្ងៃមុនលោក ដូណាល់ ត្រាំ ប្រកាសពីផែនការដាក់ពន្ធគយទ្វេភាគីលើប្រទេសផ្សេងៗដែលនាំទំនិញចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលនឹងធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដែលលោកចាត់ទុកជាថ្ងៃរំដោះសេដ្ឋកិច្ចអាម៉េរិកចេញពីអតុល្យភាពពាណិជ្ជកម្ម៕
អត្ថបទ៖ សុខ មង្គល