អាស៊ានគឺជា«ក្បូនជីវិត»

នាយករដ្ឋមន្ត្រីសិង្ហបុរីថ្លែងថា អាស៊ានគឺជា«ក្បូនជីវិត»សម្រាប់ប្រទេសក្នុងតំបន់ នៅពេលពិភពលោកកាន់តែលំបាក


នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀន ឡុង បានថ្លែងនៅថ្ងៃព្រហស្បតិ៍ ក្នុងប្រទេសឥណ្ឌូនេស៊ីថា នៅក្នុងពិភពលោកដែលមានបញ្ហាកាន់តែខ្លាំង សមាគមអាស៊ាននៅតែជាក្បូនជីវិតដ៏សំខាន់មួយសម្រាប់សមាជិករបស់ខ្លួន ដែលអាចដឹកនាំកិច្ចការក្នុងតំបន់នៅពេលដែលពួកគេរួបរួមគ្នា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ឌឹ ស្ត្រេត ថាមស៍ ។
នាយករដ្ឋមន្ត្រីសិង្ហបុរីថ្លែងថា អាស៊ានគឺជា«ក្បូនជីវិត»សម្រាប់ប្រទេសក្នុងតំបន់ នៅពេលពិភពលោកកាន់តែលំបាក
ដោយ

ពាក់​ព័ន្ធ​នឹង​គោល​គំនិត​​នៃ​មជ្ឈ​ភាព​អាស៊ាន​ លោក លី​ ​បាន​សង្កត់​ធ្ងន់​ថា សមាជិក​ទាំង​១០ ប្រទេស​របស់​អាស៊ាន​នេះ​ ត្រូវ​តែរួបរួម​គ្នានិងស៊ីសង្វាក់គ្នា​។ ​​គោលគំនិតនេះ​សំដៅលើ​សមាគមថ្នាក់តំបន់​ដែលកំពុងអង្គុយលើកៅអី​អ្នកកាច់ចង្កូត ហើយ​បង្កើត​​លទ្ធផល​ដែល​ជះ​ឥទ្ធិពល​លើតំបន់​អាស៊ីអាគ្នេយ៍​​ ជំនួស​ឱ្យការទុកឱ្យភាគីខាងក្រៅជាអ្នកចាត់ចែងជោគវាសនារបស់តំបន់នេះ។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅឯទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ទីដែលមេដឹកនាំអាស៊ានបានចូលរួមប្រជុំកំពូល, លោក លី បាន​និយាយ​​ថា ​យើង​​ត្រូវ​ការឱ្យ​អាស៊ាន​​រួបរួម​គ្នា​​ ចុះសម្រុងគ្នា មានប្រសិទ្ធភាព ដើរតួនាទីស្នូល​​។ ​ប្រសិន​បើអាស៊ានមិនមាន​លក្ខណៈ​ទាំង​អស់​ខាង​លើ​នេះ​ទេ អាស៊ាន​​នឹងគ្មាន​​មជ្ឈ​ភាព​​ឡើយ ពោល​គឺ​​គេ​អាចនិយាយអ្វីទាំងអស់ដែលគេ​ចូលចិត្តអំពី​មជ្ឈ​ភាព​អាស៊ាន និងលើកស្ទួយវា ​ប៉ុន្តែវាគ្រាន់តែជាពាក្យពេចន៍​ប៉ុណ្ណោះ។​

ការ​អះ​អាង​របស់​នាយករដ្ឋមន្ត្រីសិង្ហបុរីបែបនេះ ​បាន​ធ្វើ​ឡើង​​នៅ​ពេល​​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤២ ​​រយៈពេល ២ ​ថ្ងៃ។

ឆ្លើយតបទៅនឹងសំណួរជុំវិញ​ថាតើ​​អាស៊ាននឹង​បន្តទំនាក់ទំនងគ្នា​យ៉ាងណានោះ​​ លោក​ លី បាន​គូសបញ្ជាក់​ពីតួនាទីដែលសមាគមនេះ​បានបំពេញសម្រាប់សមាជិករបស់ខ្លួនថា ពិភពលោក​មាន​បញ្ហា​កាន់​តែ​ច្រើន​ ពិភព​លោក​​​ត្រូវ​ការក្បូនសង្គ្រោះជីវិតកាន់តែខ្លាំង​ ​ហើយអាស៊ាន​គឺ​ជាក្បូនជីវិតរបស់ពួកគេ ពោល​គឺវា​​​ជាក្បូនជីវិតសម្រាប់សមាជិកអាស៊ានទាំងអស់​ ​ព្រោះ​ថា​ប្រសិន​បើ​​និយាយពី​​បរិបទ​សកល​វិញ ​គឺ​​ប្រទេសអាស៊ាន​នីមួយ​ៗ​មិន​ធំ​នោះ​ទេ។

លោកនាយករដ្ឋមន្ត្រីរូបនេះ​បាន​លើក​ជា​ឧទាហរណ៍​ថា​ ដូច​ប្រទេស​សិង្ហ​បុរី​ជា​ដើម​គឺ​ប្រទេស​នេះ​តូច​ណាស់​ប៉ុន្តែប្រសិន​បើសិង្ហបុរី​​រួម​គ្នា​ជា​មួយ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ នោះ​វា​ជា​ទម្ងន់​សេដ្ឋកិច្ច​ដ៏​សំខាន់​​មួយ​​ និង​ជា​​​សំឡេង​មួយ​​ដែលអាច​ធ្វើ​អ្វី​មួយ​​ក្នុង​កិច្ចការ​តំបន់​ផង​ដែរ​។

ជាមួយផលិតផលក្នុងស្រុកសរុបរួមបញ្ចូលគ្នា ទំហំជាង ៣,៤ ទ្រីលានដុល្លារអាមេរិក​ ក្នុងឆ្នាំ​២០២១ ​អាស៊ានគឺមានសេដ្ឋកិច្ចធំជាងគេទី ៥ ​របស់ពិភពលោក ​ហើយ​កំពុង​ស្ថិតនៅលើផ្លូវ​ឆ្ពោះ​ទៅ​ក្លាយជាមហាអំណាចសេដ្ឋ​កិច្ច​ទី ៤ ​នៅឆ្នាំ​ ២០៣០​​​។

នាយករដ្ឋមន្ត្រី លី ស៊ាន ឡុង ​​បានបញ្ជាក់​ថា ខណៈដែលអាស៊ានមិនអាចកំណត់​លទ្ធផល​នៃ​កិច្ចការ​ពិភពលោកបានទេ​នោះ សមាគមនេះ​អាចនិយាយនិងមានសិទ្ធិឱ្យគេស្តាប់ខ្លួន​​​។​ លោក លី បានបន្តថា ​ប្រសិន​បើ​សមាជិក​​អាស៊ាន​​អាច​ធ្វើការរួមគ្នាកាន់តែច្រើន​ក្នុងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋ​កិច្ច គឺ​ដៃគូរបស់អាស៊ាន​​​​កាន់តែចង់សហការជាមួយតំបន់​នេះ​ និងយកចិត្តទុកដាក់ចំពោះ​​អាស៊ាន​យ៉ាងខ្លាំងទៀត​ផង​៕




អត្ថបទបន្ទាប់


ទណ្ឌកម្មអាមេរិកលើប្រមុខការពារជាតិចិនអាចជាឧបសគ្គ សម្រាប់ការស្ដារទំនាក់ទំនងទ្វេភាគីឡើងវិញ

ព័ត៌មាន
ការដាក់ទណ្ឌកម្មរបស់អាមេរិកលើរដ្ឋមន្ត្រីការពារជាតិចិន លោក លី ស៊ាងហ្វូ បានលេចចេញជាឧបសគ្គមួយនៅចំពោះមុខឱកាសសម្រាប់ឱ្យភាគីទាំងពីរបន្តកិច្ចសន្…

តើវៀតណាមចាត់វិធានការអ្វីខ្លះ ដើម្បីជួយសង្រ្គោះវិស័យអចលនទ្រព្យ?

ព័ត៌មាន
ខណៈដែលវិស័យអចលនទ្រព្យត្រូវបានគេរាយការណ៍ថាកំពុងតែបន្តស្ថិតនៅក្នុងស្ថានភាពមិនសូវច្បាស់លាស់ដោយសារតែចរន្តសេដ្ឋកិច្ចសាកល នៅពេលនេះអាជ្ញាធរវៀតណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ