លោក លីវ យូហួយ (Liu Yuhui) ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនថា ទំហំមូលនិធិនេះគួរតែឈានដល់ប្រមាណ៣០០ពាន់លានដុល្លារទៅ៥០០ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេលខ្លីខាងមុខ ហើយចំនួននេះនឹងកើនឡើងជាលំដាប់ដោយផ្អែកលើតម្លៃនៃទីផ្សារមូលធនរបស់ប្រទេសចិន។ ប្រភពច្បាស់ការបានទម្លាយប្រាប់សារព័ត៌មានដ៏ល្បីល្បាញ Bloomberg News កាលពីខែមុនថា រដ្ឋាភិបាលចិន កំពុងពិចារណាកញ្ចប់វិធានការដើម្បីធ្វើឱ្យទីផ្សារភាគហ៊ុន ដែលកំពុងធ្លាក់ចុះមានស្ថិរភាពឡើង វិញ។ ក្រុមអ្នកបង្កើតគោលនយោបាយចិន កំពុងស្វះស្វែងកៀរគរប្រមូលមូលធនឱ្យបានប្រមាណ២៨០ពាន់លានដុល្លារអាម៉េរិក ដែលភាគច្រើនចេញពីគណនីនៅឯនាយសមុទ្រនៃបណ្ដាសហគ្រាសរដ្ឋរបស់ចិន។
ការសម្រុកលក់ចេញភាគហ៊ុនរបស់ប្រទេសចិន បានកើនឡើងកាន់តែខ្លាំងកាលពីសប្តាហ៍មុន ដោយសន្ទស្សន៍ផ្សារហ៊ុនដ៏សំខាន់មួយរបស់ចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេល៥ឆ្នាំមកនេះ។ រង្វាស់សន្ទស្សន៍ផ្សារហ៊ុនចិន CSI 300 បានធ្លាក់ចុះ៦,៣% នៅក្នុងខែមករា ដែលជាការខាតបង់៦ខែជាប់ៗគ្នា។
លោក លីវ យូហួយ ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងក៏ជាប្រធានវេទិកាអ្នកជំនាញសេដ្ឋកិច្ចចិន ដែរនោះ បានលើកឡើងថា មូលនិធិរក្សាស្ថិរភាពផ្សារហ៊ុនខាងលើអាចដើរតួជាប្រព័ន្ធមួយដែលមានតម្លាភាព និងមានសារសំខាន់សម្រាប់ជួយរក្សាស្ថិរភាពផ្សារហ៊ុនរបស់ប្រទេសចិន ដែលខុសពីការអន្តរាគមន៍ដោយបណ្ដាស្ថាប័នដែលមានទំនាក់ទំនងជាមួយរដ្ឋ៕
ដោយ: តែម សុខុម