ទេសចរណ៍វៀតណាម

វៀតណាមនឹងបើកកោះត្រល់ ឬកោះភូកុក ទទួលទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច នៅខែវិច្ឆិកាខាងមុខ


ក្រោយការដាក់វិធានការតឹងរឹង ក្នុងការទប់ស្កាត់ការឆ្លងរីករាលដានជំងឺកូវីដ-១៩ ពេលនេះប្រទសវៀតណាម គ្រោងនឹងបើកកោះត្រល់ ឬកោះភូកុក ជាគោលដៅទេសចរណ៍ដំបូងរបស់ខ្លួន ដែលនឹងត្រូវបើកដំណើរការឡើងវិញនៅខែវិច្ឆិកាខាងមុខនេះ ដើម្បីទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់២ដូស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។ តើផែនការរបស់វៀតណាម ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ អាចនឹងសម្រេចបាន ឬយ៉ាងណា?
ឆ្នេរកម្សាន្តមួយកន្លែងនៅកោះត្រល់
ដោយ

យោង​តាម​គេហទំព័រ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី ផា​ម មី​ញ​ជី​ញ បាន​អនុម័ត​ផែនការ​សាកល្បង​បើក​កោះត្រល់ សម្រាប់​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​នៅ​ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ ហើយ​វៀតណាម​ក៏​រំពឹង​នឹង​អាច​ឈាន​ជើង​ទៅ​បើក​ដំណើរការ​តំបន់​ទេសចរណ៍​ផ្សេង​ទៀត​ជា​បន្ដបន្ទាប់​ផង​ដែរ​។ ទន្ទឹម​នេះ ផែនការ​បើក​កោះ​ត្រល់ ដែល​ស្ថិត​ក្នុង​ខេត្ត ពាម ឬកៀន​យ៉ាង (Kien Giang) ក្នុង​ជំហាន​ដំបូង​នេះ ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​ជួយ​ស្តារ​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​ប្រទេស​នេះ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​។

តើ​វៀតណាម​មានការ​កំណត់​លក្ខខណ្ឌ​តម្រូវ​អ្វីខ្លះ​សម្រាប់​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​កោះត្រល់ ឬ​កោះ​ភូ​កុក?

ភ្ញៀវ​ទេសចរ​បរទេស ដែល​អាច​ចូល​ទៅ​កម្សាន្ដ​នៅ​កោះត្រល់បាន ត្រូវ​តែ​ជា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស ហើយ​ការ​ចាក់​ដូ​ស​ទី​២​របស់​ពួក​គេ គឺ​ត្រូវ​មាន​រយៈពេល​យ៉ាង​ហោច​ណាស់ ១៤ ថ្ងៃមុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​នេះ ហើយ​មិន​លើស​ពី ១២ ខែ​មុន​ពេល​មក​ដល់​កោះ​នេះ​។ សូម​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ត្រូវ​តែ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អវិជ្ជមាន​កូ​វី​ដ​-១៩​របស់​អាជ្ញាធរ​ដែល​បាន​កំណត់ ជាមួយនឹង​ការ​ធ្វើតេស្ត​កូ​វី​ដ ក្នុង​រយៈពេល ៧២ ម៉ោង​មុន​ពេល​ចេញដំណើរ​មក​កាន់​វៀតណាម​។

គួរ​ដឹង​ថា យោងតាម​ក្រសួងសុខាភិបាល​វៀតណាម​ ខេត្ត កៀន​យ៉ាង (Kien Giang)  បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​មួយ​ដូ​ស​ជូន​ដល់​ពលរដ្ឋ ទើបតែ​បាន ជាង​២៣% នៃ​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ​។

ទោះ​យ៉ាងណា​ក៏​ដោយ កាលពី​ស​ប្ដា​ហ៍​មុន នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផា​ម មី​ញ​ជិ​ញ បាន​រំពឹង​ថា ផែនការ​បើក​កោះត្រល់​សាកល្បង​នេះ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី ២ ទៅ ៣ លាន​នាក់ មក​កាន់​កោះ​ទេសចរណ៍​មួយ​នេះ គិត​ចាប់ពី​ថ្ងៃ​បើក​រហូត​ដល់​ដំណាច់ឆ្នាំ ២០២១ នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express​។

ប្រទេស​វៀតណាម​បាន​កត់ត្រា​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​អន្តរជាតិ​យ៉ាង​គំហុក​នៅ​ក្នុងឆ្នាំនេះ ដោយសារ​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ចំ​ពេល​មាន​ជំងឺ​រាតត្បាត ហើយ​រដ្ឋាភិបាល​វៀតណាម​ក៏​បាន​បិទ​ព្រំដែន និង​លុប​ចោល​ជើងហោះហើរ​អន្តរជាតិ​ទាំងអស់​ផង​ដែរ ចាប់តាំងពី​ខែមីនា ឆ្នាំ​២០២០​មក​ម្ល៉េះ​៕

អត្ថបទ​៖ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលថ្នាក់តំបន់ឆ្នាំ២០២៥ ត្រូវបានរដ្ឋមន្ត្រីអាស៊ាន ចាប់ផ្តើមពិភាក្សាយ៉ាងផុសផុល

ព័ត៌មាន
ទោះបីជា តំបន់អាស៊ាន នៅតែបន្តប្រយុទ្ធជាមួយករណីឆ្លងមេរោគកូវីដ១៩ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចក៏ដោយ រដ្ឋមន្ត្រីអាស៊ាន បានប្តេជ្ញាធ្វើការសិ…

កម្ពុជាគ្រោងនិងចាក់វ៉ាក់សាំងចំពោះកុមារពីអាយុ៦ឆ្នាំដល់១២ឆ្នាំជិត១,៩លាននាក់

ព័ត៌មាន
កម្ពុជាគ្រោងនិងចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ៦ឆ្នាំ រហូតដល់១២ឆ្នាំ ដោយយុទ្ធនាការណ៍នៃការចាក់វ៉ាក់សាំងនេះ នឹងចាប់ផ្ដើមឡើងនៅថ្ងៃសុក្រ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ