ជប៉ុនក្លាយជាប្រទេសចេញរថយន្តក្នុងពិភពលោក

ប្រទេសចិននាំមុខជប៉ុន ក្លាយជាប្រទេសកំពូលអ្នកនាំចេញរថយន្តក្នុងពិភពលោក


ប្រទេសចិនបានជែងប្រទេសជប៉ុនដោយជោគជ័យ ដើម្បីក្លាយជាកំពូលអ្នកនាំចេញរថយន្តច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងត្រីមាសទីមួយឆ្នាំនេះ ហើយលទ្ធភាពដែលចិនអាចដណ្ដើមតំណែងប្រទេសជប៉ុននេះ គឺដោយសារតែមានការកើនឡើងខ្លាំងនូវតម្រូវការរថយន្តអគ្គិសនី និងការកើនឡើងនៃការចែកចាយរថយន្តទៅកាន់ប្រទេសរុស្ស៊ី។ ទោះជាយ៉ាងនេះក្ដី ការនាំចេញរថយន្តរបស់ជប៉ុនទៅកាន់ពិភពលោកក៏នៅតែកើនឡើងដែរក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៣ នេះ។ នេះបើយោងតាមសារព័ត៌មាន នីកេ អេស៊ា។
ជប៉ុនក្លាយជាប្រទេសចេញរថយន្តក្នុងពិភពលោក
ដោយ

ការ​នាំចេញរថយន្តរបស់ប្រទេសចិន​ពី​ខែមករាដល់ខែមីនា​ បានកើនឡើង​ ៥៨% ​បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពីឆ្នាំមុន ​ដោយ​ឡើង​ដល់ចំនួន ១,០៧ លាន​គ្រឿង​។ នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តរបស់​ចិន។ ចំណែក​ឯ​សមាគម​ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​ជប៉ុន​វិញ ​បាន​និយាយ​ថា ជប៉ុន​បាន​នាំ​ចេញ​រថ​យន្ត​បាន​ចំនួន ៩៥ ម៉ឺន​គ្រឿង​ក្នុង​អំឡុង​ត្រី​មាស​ទី១ ឆ្នាំនេះ ​​ដោយ​បាន​កើន​ឡើង​ ៦% បើ​ធៀប​នឹង​ឆ្នាំ​មុន​។​

ការនាំចេញរថយន្តរបស់ប្រទេស​ចិន​បន្តកើនឡើងក្នុងត្រីមាសបច្ចុប្បន្ន ហើយ​​សម្ព័ន្ធឧស្សា​ហ​កម្មមួយ ដែលផលិតរថយន្តដឹកអ្នកដំណើរ បាន​រំពឹងថា ការនាំចេញនឹងកើនឡើង ៣០% ​នៅឆ្នាំ ២០២៣ នេះ ​ពោលគឺ​ឡើង​ដល់ចំនួន​ ៤ លានគ្រឿង។​

នៅក្នុងឆ្នាំ ២០០៩ ប្រទេសចិនបានជែងសហរដ្ឋអាមេរិកដោយជោគជ័យ ​ដើម្បីក្លាយជាទីផ្សារដ៏ធំបំផុត​របស់ពិភពលោកសម្រាប់ការលក់រថយន្តថ្មី​។ រដ្ឋាភិបាលចិនបានជួយឧស្សាហកម្ម​រថ​យន្ត​អគ្គិសនី​​ក្នុងស្រុកឱ្យ​រីកចម្រើន ដោយផ្តល់ការលើកទឹកចិត្តឱ្យទិញ និងផ្ដល់ការអនុគ្រោះពន្ធ ព្រមទាំងដោយអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធសាកថ្ម ​​ដើម្បី​ធ្វើ​ឱ្យ​មហា​ជន​ចាប់​អារម្មណ៍​ចំពោះ​​រថ​យន្ត​អគ្គិសនី​កាន់​តែ​ខ្លាំង​។

ការផ្លាស់​ប្ដូរ​ទៅ​រក​​រថ​យន្ត​អគ្គិសនី​នេះ​បាន​ជំរុញឱ្យប្រទេសចិន​រះ​ឡើងជា​មហា​អំណាច​​នាំ​ចេញ​រថ​យន្ត​​កាន់​តែ​ខ្លាំង​​។ ការនាំចេញរថយន្តប្រើថាមពលថ្មីក្នុងត្រីមាសទី១ ​ដែលរួមមាន​រថយន្ត​អគ្គិសនី​​ដែរ​នោះ​ បាន​កើនឡើង ៩៣% ​បើធៀបនឹងឆ្នាំមុន ​គឺ​ឡើង​ដល់ ៣៨​ ម៉ឺន​​គ្រឿង​ ហើយ​​​រថយន្តប្រើថាមពលថ្មីមានចំនួនប្រហែល ៤០% នៃបរិមាណរថយន្តនាំចេញទាំងអស់របស់ប្រទេសចិន។​

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានឱ្យដឹងថា បើ​និយាយ​ពី​ក្រុមហ៊ុនវិញ​ គឺ​សាខា​​​ក្រុមហ៊ុន​ Tesla នៅ​ប្រទេស​ចិន​​ជាអ្នកនាំចេញរថយន្តប្រើថាមពលថ្មីបាន​ច្រើន​បំផុត ពោលគឺចំនួន ៩​ ម៉ឺន​​គ្រឿង ​ក្នុង​នោះ​​​ចំណាត់​ថ្នាក់​លេខ ២ ​ជា​​រថយន្ត​ដឹក​អ្នក​ដំណើរ​​របស់​ក្រុម​ហ៊ុន​ អេសអេអាយស៊ី ម័រធឺ ដែលមានចំនួន​ ៥ ម៉ឺន​​គ្រឿង​ ហើយ​លេខ ៣ ​​ជា​រថ​យន្ត​របស់​ក្រុម​ហ៊ុន​ ប៊ីអាឌី ដែលមាន​​ចំនួន ៣ ម៉ឺន​​គ្រឿង។

ប្រទេស​បែលហ្ស៊ិក អូស្ត្រាលី និង​ថៃ​ ជាគោលដៅកំពូល​សម្រាប់ការ​នាំចេញ​​រថយន្តប្រើថាមពលថ្មី​ ​ដែល​ផលិតដោយ​ប្រទេស​ចិន។ ​ចំណាត់ថ្នាក់ទី ៣ របស់ប្រទេសថៃ បាន​​បង្ហាញថា ​ក្រុមហ៊ុន​ផលិតរថយន្តចិនកំពុងប្រើប្រាស់រថយន្ត​អគ្គិសនី​​ដើម្បី​បង្កើត​ចំណែក​ទីផ្សារ​នៅតំបន់​អាស៊ីអាគ្នេយ៍​​។ តំបន់នេះត្រូវបានក្រុមហ៊ុនផលិតរថយន្តជប៉ុនគ្រប់គ្រងជាយូរមកហើយ។

សម្រាប់​រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​ចិន​ទាំងអស់ ប្រទេស​រុស្ស៊ី​គឺជា​ទិសដៅ​នាំចេញ​​កំពូល​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ​នេះ​​ ហើយ​​ការ​នាំ​ចេញទៅ​​​ទីនោះបាន​កើន​​​​ជាង ៣ ​ដង​ បើ​​ធៀប​នឹង​​ឆ្នាំ​​មុន​ដោយ​ឡើង​ដល់ ១៤ ​ម៉ឺន​គ្រឿង។​

បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមហ៊ុន​ តូយ៉ូតា ម័រធឺ, ក្រុម​ហ៊ុន វ៉ុលស្វាហ្គែន, និង​ក្រុមហ៊ុនផលិតរថយន្តសកលផ្សេងៗទៀត ​បាន​បិទរោងចក្រ​នៅរុស្ស៊ី ហើយ​ដកខ្លួនចេញពីទីផ្សារ​ ដោយទុកឱ្យ​ក្រុមហ៊ុនផលិតរថយន្តចិនបំពេញកន្លែងទំនេរ​នោះតែម្ដង៕




អត្ថបទបន្ទាប់


តើក្នុងជំនួបរវាងបេសកជនចិន និងអ៊ុយក្រែន ភាគីទាំងពីរបានពិភាក្សាគ្នាអ្វីខ្លះក្នុងការបញ្ចប់ភ្លើងសង្គ្រាម?

ក្រោយទៅដល់ប្រទេសអ៊ុយក្រែនក្នុងដំណើរស្វែងរកសន្តិភាព បេសកជនចិនលោក លី ហួយ បាននិយាយថា ប្រទេសចិននិងអ៊ុយក្រែននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីក…

ធនាគារកណ្ដាលជប៉ុនប្រាប់ឱ្យប្រយ័ត្នចំពោះភាពចលាចលទីផ្សារ ដែលអាចបណ្ដាលមកពីឱនភាពសេដ្ឋកិច្ចរបស់អាមេរិក

ទេសាភិបាលធនាគារកណ្តាលជប៉ុន លោក កាហ៊្សុអូ យូអ៊ីដា បាននិយាយនៅថ្ងៃសុក្រទី១៩ឧសភាថា ការខកខានសងបំណុលសាធារណៈរាប់សែនលានដុល្លាររបស់រដ្ឋាភិប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ