អ្នកវិភាគបានអះអាងថា នៅមិនយូរទៀតទេ ក្នុងពេលដែលសន្ទុះនៃរថយន្តអគ្គិសនីរបស់ចិនកំពុងត្រូវបាននាំចេញយ៉ាងភ្លូកទឹកភ្លូកដី ជាពិសេសមកកាន់តំបន់អាស៊ីអាគ្នេយ៍តែម្តង ចិនប្រាកដជាជំនួសតំណែងជប៉ុនឆាប់ៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានហុងកុង South China Morning Post។
យោងតាមទិន្នន័យរបស់សមាគមក្រុមហ៊ុនផលិតរថយន្តនៃប្រទេសចិន បានបង្ហាញថា ចិនបាននាំចេញរថយន្តប្រមាណជាង៣លាន១សែនគ្រឿងក្នុងឆ្នាំ២០២២ កើនឡើង ៥៤,៤% បើធៀបនឹងឆ្នាំ២០២១។ ចំណែកប្រទេសអាល្លឺម៉ង់ នាំចេញរថយន្ត បាន២លាន៦សែនគ្រឿងកាលពីឆ្នាំមុនកើនឡើង១០% ពីឆ្នាំ២០២១។ នេះបើយោងតាមសមាគមឧស្សាហកម្មរថយន្តអាល្លឺម៉ង់។
អ្នកវិភាគបានលើកឡើងថា ប្រទេសចិនក៏កំពុងតែតាមមកដល់កៀក នឹងកម្រិតនៃការនាំចេញរបស់ជប៉ុនផងដែរ ហើយអាចនឹងទាត់ជប៉ុនចេញពីតំណែងលេខ១នៃអ្នកនាំចេញរថយន្តធំបំផុតក្នុងលោក នាប៉ុន្មានឆ្នាំខាងមុខនេះ។
យោងតាមភ្នាក់ងារ MarkLines ដែលជាអ្នកផ្តល់ទិន្នន័យឧស្សាហកម្មយានយន្ត បានឱ្យដឹងថា ក្រុមហ៊ុនរថយន្តជប៉ុន បានដឹកជញ្ជូនរថយន្តប្រមាណ ៣លាន២សែនគ្រឿងចេញទៅក្រៅប្រទេស ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២២ ពោលគឺសឹងតែមិនខុសគ្នាប៉ុន្មានទេ ពីឆ្នាំ២០២១។
ភាពខ្លាំងសម្បើមនៅក្នុងការនាំចេញរថយន្តរបស់ចិន បានជួយឱ្យប្រទេសនេះ ទទួលបានកេរ្តិ៍ឈ្មោះថា ជាមហាអំណាចរថយន្ត ពោលគឺទាំងរថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្ម ទទួលបានការគាំទ្រពីអតិថិជននៅក្រៅប្រទេស។ រថយន្តអគ្គិសនីរបស់ចិន បានឈ្នះចំណែកទីផ្សារធំៗនៅប្រទេសកំពុងអភិវឌ្ឍ ហើយនៅពេលណាមួយខាងមុខ ចិននឹងនាំមុខគេក្នុងការនាំចេញរថយន្តលើពិភពលោក។
គួរឱ្យដឹងថា ការនាំចេញប្រហែល ១១,៥% នៃផលិតកម្មរថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្មរបស់ចិនក្នុងឆ្នាំ២០២២ គឺបានកើនឡើង ៣,៤% បើប្រៀបធៀបនឹងឆ្នាំ២០២១ ស្មើនឹងតម្លៃប្រមាណ២៧លានដុល្លារ។ ទីផ្សាររថយន្តចិន ដែលបានក្លាយជាទីផ្សារធំបំផុតមួយក្នុងលោក ចាប់ពីឆ្នាំ២០០៩មក។ ប៉ុន្តែនៅមុនពេលនោះ ទីផ្សារចិនគ្រប ដណ្តប់ជាយូរមកហើយ ដោយប្រេនរថយន្តបរទេសដូចជា Volkswagen, GM, BMW និង Mercedes-Benz។ យ៉ាងណាមិញ បច្ចុប្បន្នប្រេនរថយន្តចិន ក៏ចាប់ផ្តើមរីកមុខមាត់លើទីផ្សារអន្តរជាតិដែរ ជាពិសេសគឺ ក្រុមហ៊ុន BYD និង Geely ជាដើម។
សូមជម្រាបថា រថយន្តអគ្គិសនីកាន់តែក្លាយជាកត្តាសំខាន់មួយដែលជួយបង្កើនតួលេខនៃការនាំចេញរថយន្តរបស់ចិន ពោលគឺការនាំចេគរថយន្តអគ្គិសនីរបស់ចិន បានកើនឡើងរហូតដល់ ១២០% ក្នុងឆ្នាំ២០២២ស្មើនឹងជិត៦៨ម៉ឺនគ្រឿង៕
អត្ថបទ ៖ នៅ សំភី