ការព្រមព្រៀងគ្នារវាងហ្វីលីពីន និងចិនជាបណ្តោះអាសន្នជុំវិញតំបន់ជម្លោះនៅប្រជុំកូនកោះថ្មប៉ប្រះទឹកសឹកខិនថូម៉ាសសូលនេះ គឺជាលទ្ធផលនៃការពិភាក្សាគ្នាទ្វេភាគី ដែលធ្វើឡើងក្នុងបំណងដើម្បីកាត់បន្ថយភាពតានតឹងជាមួយគ្នា និងបង្កើនបណ្តាញទំនាក់ទំនង ដើម្បីដោះស្រាយវិវាទដែនទឹកក្នុងសមុទ្រចិនខាងត្បូង។
ទោះយ៉ាងណានាយកដ្ឋានកិច្ចការបរទេស (DFA) របស់ហ្វីលីពីន មិនបានផ្តល់ព័ត៌មានលម្អិតពីការរៀបចំបើកឱ្យហ្វីលីពីនអាចផ្គត់ផ្គង់ដល់នាវាកងទ័ពជើងទឹកនៅតំបន់ថ្មប៉ប្រះទឹកសឹកខិនថូម៉ាសសូលនេះទេ ដោយគ្រាន់តែនិយាយថា ខ្លួនបានធ្វើតាមការពិភាក្សាដោយស្មោះត្រង់ និងក្នុងន័យស្ថាបនារវាងភាគីទាំងពីរនៅក្នុងយន្តការពិគ្រោះយោបល់ទ្វេភាគីកាលពីដើមខែនេះ។
នាយកដ្ឋាន DFA បាននិយាយថា ភាគីទាំងពីរបន្តទទួលស្គាល់ពីតម្រូវការក្នុងការបន្ថយស្ថានការណ៍នៅសមុទ្រចិនខាងត្បូង និងគ្រប់គ្រងការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ហើយព្រមព្រៀងគ្នាថា កិច្ចព្រមព្រៀងនេះនឹងមិនធ្វើឱ្យខូចបេសកកម្មគ្នាទៅវិញទៅមកនៅក្នុងសមុទ្រចិនខាងត្បូងនោះឡើយ។
ក្រសួងការបរទេសចិន ក៏បានបញ្ជាក់ពីការព្រមព្រៀងគ្នាជាបណ្តោះអាសន្ននេះដែរ ដោយភាគីទាំងពីរបានយល់ព្រមគ្រប់គ្រងការខ្វែងគំនិតគ្នាពីបញ្ហាដែនសមុទ្រ និងកាត់បន្ថយស្ថានការណ៍តឹងតែងនៅសមុទ្រចិនខាងត្បូង។
ប៉ុន្តែអ្នកនាំពាក្យចិនម្នាក់បាននិយាយនៅដើមសប្តាហ៍នេះថា ភាគីចិននៅតែទាមទារឱ្យភាគី ហ្វីលីពីនអូសខ្មោចកប៉ាល់ចេញពីតំបន់ជម្លោះ និងស្ដារស្ថានភាពដើមនៅតំបន់សឹកខិនថូម៉ាសសូលឡើងវិញ បើទោះបីជាគ្មានមនុស្សរស់នៅ និងគ្មានគ្រឿងបរិក្ខារនៅលើខ្មោចនាវាចម្បាំងរបស់អាម៉េរិក ដែលបានបន្សល់ទុកតាំងពីសម័យសង្គ្រាមនោះក៏ដោយ៕
អត្ថបទ៖ សុខ មង្គល