មេដឹកនាំរុស្ស៊ី

ប្រទេសចិន គ្រោងនឹងទទួលស្វាគមន៍លោក ពូទីន ខណៈទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកើនឡើងក្រោមសម្ពាធពីបស្ចិមលោក


ប្រទេសចិនគ្រោងនឹងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ទៅកាន់ក្រុងប៉េកាំង នៅថ្ងៃទី១៦-១៧ ខែឧសភាខាងមុខនេះ ក្នុងបំណងរឹតចំណងទំនាក់ទំនងជាមួយនឹងក្រុងប៉េកាំង ដែលគេមើលឃើញថាមានសារសំខាន់សម្រាប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន ខណៈដែលទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកំពុងតែកើនឡើងនៅក្រោមសម្ពាធពីបស្ចិមលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំរុស្ស៊ី
ដោយ

ទស្សនកិច្ចពីរថ្ងៃរបស់លោក ពូទីន ទៅកាន់ក្រុងប៉េកាំងនេះមានអត្ថន័យជានិមិត្តរូប និងមានសារសំខាន់ណាស់សម្រាប់ការទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ហើយនេះគឺជាទស្សនកិច្ចដំបូងរបស់លោកពូទីន ទៅកាន់បរទេសចាប់តាំងពីលោកបានបន្តតំណែងសម្រាប់អាណត្តិទីប្រាំរបស់លោកកាលពីមួយសប្តាហ៍មុន ដូចគ្នានឹងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលបានសម្រេចចិត្តជ្រើសយកក្រុងម៉ូស្គូជាគោលដៅដំបូងរបស់លោកបន្ទាប់ពីបានចាប់ផ្តើមអាណត្តិទីបីកាលពីឆ្នាំមុនអ៊ីចឹងដែរ។

ទស្សនកិច្ចរបស់លោក ពូទីន នេះបានធ្វើឡើងតាមពីក្រោយទស្សនកិច្ចរបស់មន្ត្រីកំពូលអាម៉េរិកពីររូបគឺរដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen និងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ដែលពួកគេទាំងពីរបានជំរុញឱ្យចិនទប់ស្កាត់ការនាំចេញដែលគាំទ្រវិស័យការពារជាតិ និងឧស្សាហកម្មរបស់រុស្ស៊ី។ ថ្មីៗនេះសហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មទៅលើអង្គភាពចិនមួយចំនួនដែលមានទំនាក់ទំនងនឹងរុស្ស៊ី និងបានបង្វែរគោលដៅរបស់ខ្លួនទៅលើធនាគារចិនដែលត្រូវបានចាត់ទុកថាកំពុងជួយដល់សង្រ្គាមនៅអ៊ុយក្រែនផងដែរ។

ទស្សនកិច្ចនេះក៏បានកើតឡើងបន្ទាប់ពីលោក ស៊ី បានទៅកាន់ទ្វីបអឺរ៉ុបជាទីដែលលោកបានអំពាវនាវឱ្យមានបទឈប់បាញ់សម្រាប់សង្គ្រាមពិភពលោកក្នុងពេលប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសក្នុងខែកក្កដា និងខែសីហា និងបានកើតឡើងក្រោយពេលការធ្វើដំណើររបស់លោក Blinken ទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ។

លោក Christopher Weafer នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់ Macro-Advisory បានសង្កេតឃើញថា គ្មានអ្វីគួរឆ្ងល់ទេថាចិនមានអំណាចនៅក្នុងទំនាក់ទំនងនេះ ប៉ុន្តែក្រុងប៉េកាំងមានបញ្ជីទំនិញដែលខ្លួនចង់បានពីទីក្រុងម៉ូស្គូ ហើយរុស្ស៊ីត្រូវការចិន ដើម្បីរួចផុតពីទណ្ឌកម្ម និងជាការទប់ទល់នឹងជម្លោះជាមួយនឹងបស្ចិមលោក។

ទោះជារងសម្ពាធពីបស្ចិមលោកយ៉ាងណាក៏ដោយ ទំនាក់ទំនងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរបានរីកចម្រើនគួរឱ្យកត់សម្គាល់ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន បានចាប់ផ្តើមផ្ទុះឡើង។ បើយោងតាមទិន្នន័យគយរបស់ចិនបានបង្ហាញថា ចំណូលពាណិជ្ជកម្មបានកើនឡើងដល់ ២៤០ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។

បន្ទាប់ពីសហភាពអឺរ៉ុប បានហាមឃាត់ការនាំចូលប្រេងឆៅរបស់រុស្ស៊ីមក រុស្ស៊ីក៏បានបង្វែរគោលដៅរបស់ខ្លួនទៅកាន់ប្រទេសចិន ដើម្បីជួយទ្រទ្រង់ប្រាក់ចំណូលនាំចេញរបស់រុស្ស៊ី ខណៈដែលពាណិជ្ជកម្មជាមួយនឹងចិន បានជួយឱ្យរុស្ស៊ីទទួលបានគ្រឿងម៉ាស៊ីន ឧបករណ៍ និងទំនិញប្រើប្រាស់ដទៃទៀតសម្រាប់កម្មវិធីយោធាដ៏មានសក្តានុភាពប្រកបដោយស្ថិរភាព៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុនរកស៊ីនៅចិន ជាងពាក់កណ្តាលព្យាករថា សេដ្ឋកិច្ចចិននៅឆ្នាំនេះនឹងកាន់តែយ៉ាប់យឺន

ព័ត៌មាន
សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានរាយការណ៍កាលពីថ្ងៃទី១៤ ខែឧសភា ថា ក្រុមហ៊ុនជប៉ុនកាន់តែច្រើនឡើង ដែលកំពុងប្រតិបត្តិការរកស៊ីនៅក្នុងប្រទ…

វៀតណាមចាប់អាម៉េរិក ដើម្បីពន្លឿនសេដ្ឋកិច្ចនិងនយោបាយ ប៉ុន្តែមិនព្រលែងចិនឡើយ

ព័ត៌មាន
រវាងចិនដែលជាមហាអំណាចទី២ ហើយសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចទី១ វៀតណាមនៅតែបន្តគោលនយោបាយអោបក្រសោបទាំងពីរដើម្បីបន្តលើកកំពស់និងជំរុញសេដ្ឋក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ