តាមសេចក្តីរាយការណ៍របស់ Vietnam Express លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅតែបន្តជំរុញនិងគាំទ្រឱ្យក្រុមហ៊ុនចិន មកវិនិយោគលើគម្រោងធំៗនៅក្នុងប្រទេសវៀតណាម ។
លោក ផាម មិញជិញ បានប្រាប់គណប្រតិភូធុរជនចិន កាលពីថ្ងៃអង្គារ៍ថា វៀតណាមនៅតែបន្តផ្តល់អាទិភាពដល់ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ ទីក្រុងឆ្លាតវៃ និង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដូច្នេះវៀតណាមនៅតែបន្តស្វាគមន៍ អាជីវកម្មប្រកបដោយនិរន្តរភាព ដើម្បីជំរុញធុរកិច្ចវៀតណាមទៅក្នុងខ្សែសង្វាក់តម្លៃ និងការផ្គត់ផ្គង់នៃសាជីវកម្មក្នុងតំបន់ និងពិភពលោក។
យោងតាមក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា ពាណិជ្ជកម្មរវាងវៀតណាម និងចិន ឈានដល់ទំហំ ១៧២ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយប្រទេសចិន គឺជាវិនិយោគិនបរទេសធំជាងគេទី៦ ដែលមានទំហំប្រមាណជាជិត២៨ពាន់លានដុល្លារ នៅក្នុង គម្រោងដ៏សកម្មរហូតដល់៤ពាន់៤រយគម្រោង ។
ដោយឡែកជាមួយអាម៉េរិកដែលវៀតណាមបានកំពុងតែរិតបន្តឹងខ្លាំងបំផុតនោះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានស្ទុះឡើងរហូតដល់ប្រមាណជា ១២០ ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ ស្របពេលដែលទំហំវិនិយោគអាម៉េរិក គឺមានទំហំប្រមាណជា ១២ ពាន់លានដុល្លារ នៅក្នុងគម្រោងប្រមាណជាជាង ១ពាន់៣រយគម្រោង ប៉ុន្តែភាគីទាំងពីររំពឹងថា នឹងជំរុញពាណិជ្ជកម្មឲ្យកើនឡើងដល់២០០ពាន់លានដុល្លារ នៅក្នុងពេលអនាគតដ៏ខ្លី ខណៈដែលវិនិយោគក៏រំពឹងថា នឹងស្ទុះឡើងខ្លាំងដែរ ស្របពេលដែលក្រុមហ៊ុន អាម៉េរិក នៅចិនមួយចំនួនបានរើទីតាំងផលិតចេញពីចិន មកតាំងនៅវៀតណាមជំនួសវិញ៕
ដោយៈ សរ សុជាតិ