យោងតាមលទ្ធផលនៃការស្ទង់មតិរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានបង្ហាញថា ក្រុមហ៊ុនជប៉ុនជាងពាក់កណ្តាល ដែលកំពុងធ្វើប្រតិបត្តិការរកស៊ីនៅក្នុងប្រទេសចិន និងដែលបានចូលរួមឆ្លើយសំណួរនៅក្នុងការស្ទង់មតិរំពឹងថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៤ នេះ នឹងកាន់តែយ៉ាប់យឺនជាងឆ្នាំ២០២៣ ដោយចំនួននេះបានកើនឡើងពី៣៩% នៅក្នុងការស្ទង់មតិអំឡុងខែមករា។
ការធ្លាក់ចុះទំនុកចិត្តយ៉ាងគំហុករបស់វិនិយោគិនបរទេសនេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងវិស័យឧស្សាហកម្មដូចជាឧស្សាហកម្មរថយន្ត ដែកថែប លោហៈមិនមែនដែក និងសារធាតុគីមីជាដើម។ ចំនួន៣៤% នៃក្រុមហ៊ុនទាំងនោះព្យាករថា សេដ្ឋកិច្ចចិននឹងស្ថិតក្នុងស្ថានភាពដដែលដូចបច្ចុប្បន្ន ដោយធ្លាក់ចុះ៣% ពីការស្ទង់មតិលើកចុងក្រោយ ខណៈ១៥%ព្យាករថា ស្ថានភាពសេដ្ឋកិច្ចចិន នឹងប្រសើរឡើងជាងនេះបន្តិច។
ការស្ទង់មតិលើកចុងក្រោយបង្អស់របស់សភាពាណិជ្ជកម្មជប៉ុន ត្រូវបានធ្វើឡើងនៅចន្លោះខែមីនា និងខែមេសា ហើយទទួលបានការឆ្លើយតបត្រឹមត្រូវពីជាង១ពាន់៧រយក្រុមហ៊ុនក្នុងចំណោមក្រុមហ៊ុនប្រមាណ៨ពាន់ក្រុមហ៊ុន។
សូមបញ្ជាក់ថា នេះជាការស្ទង់មតិលើកទី៣ហើយ បន្ទាប់ពីការប្រកាសលទ្ធផលនៃការស្ទង់មតិលើកទី១ ក្នុងខែតុលា ឆ្នាំ២០២៣ និងលើកទី២ នៅខែមករា ដើមឆ្នាំនេះ។ ក្រុមហ៊ុនច្រើនជាង១ភាគ៥ ឬ២២%បានឆ្លើយថា ពួកគេនឹងកាត់បន្ថយការវិនិយោគនៅក្នុងប្រទេសចិន ហើយ២២%ផ្សេងទៀតនិយាយថា ពួកគេនឹងមិនបោះទុនវិនិយោគអ្វីទាំងអស់ ហើយ៤០%និយាយថា ពួកគេនឹងបោះទុនវិនិយោគក្នុងទំហំដូចឆ្នាំមុន ហើយមានតែ១៦%ប៉ុណ្ណោះដែលនិយាយថា ពួកគេនឹងបង្កើនការវិនិយោគក្នុងទំហំធំ៕
ដោយ: តែម សុខុម