ជុំវិញបញ្ហានេះដែរ ក្រុមប្រឹក្សារដ្ឋចិន ក៏បានគូសបញ្ជាក់ផងដែរថា ខ្លួននឹងផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ធ្យូងថ្ម សម្រាប់ត្រៀមផលិតអគ្គិសនីនៅរដូវរងារ ព្រមទាំងត្រៀមឧស្ម័នធម្មជាតិ ដើម្បីធានាដល់ការរស់នៅរបស់ប្រជាជននៅភាគខាងជើងប្រទេសចិន សម្រាប់ការប្រើប្រាស់ម៉ាស៊ីនកំដៅ ក្នុងតំបន់មានអាកាសធាតុត្រជាក់ខ្លាំង។
លោក លី ឃឺឈាំង នាយករដ្ឋមន្ត្រិចិន បាននិយាយថា៖ការផ្គត់ផ្គង់អគ្គិសនី និងធ្យូងថ្មមានសារៈសំខាន់ណាស់សម្រាប់ជីវិតរបស់ប្រជាជន និង ដំណើរការសេដ្ឋកិច្ចប្រកបដោយស្ថិរភាពរបស់ចិន។ ការធានាឲ្យបាននូវសន្តិសុខថាមពល ការរក្សាបាននូវសង្វាក់ផលិតកម្មឧស្សាហកម្ម និងផ្គត់ផ្គង់ឲ្យមានស្ថិរភាព ស្ថិតក្នុងចំណោមវិស័យអាទិភាពទាំង ៦ ដែលរដ្ឋាភិបាលចិនត្រូវការពារ។ នេះបើតាមចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ។
គួរជម្រាបថា វិធានការនេះ ធ្វើឡើងនៅចំពេលដែលប្រទេសចិន ប្រឈមមុខនឹងការខ្វះខាតថាមពលទ្រង់ទ្រាយធំ ដែលចាប់តាំងពីខែកញ្ញាមក បានធ្វើឲ្យប៉ះពាល់ដល់ខេត្តចំនួន ១០រួមទាំងខេត្តហៃឡុងជាំង និងខេត្តជាំងស៊ូ ដែលតំបន់ឧស្សាហកម្មដ៏សំខាន់របស់ចិន។
ចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក តំបន់ជាច្រើននៅទូទាំងប្រទេសចិន បានជួបប្រទះការដាច់ចរន្តអគ្គិសនីហើយត្រូវបង្ខំចិត្តកាត់បន្ថយការប្រើប្រាស់ ដែលជាហេតុធ្វើឲ្យប៉ះទង្គិចដល់ខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ទំនិញមួយចំនួន។
សូមបញ្ជាក់ដែរថា ការតម្លើងថ្លៃអគ្គិសនីលើកនេះ គឺធ្វើឡើងសម្រាប់តែរោងចក្រធំៗប៉ុណ្ណោះ ពោលសម្រាប់ឧស្សាហកម្មធំៗ នឹងត្រូវតម្លើងថ្លៃអគ្គិសនីប្រមាណ ២០%ពីតម្លៃដើម ខណៈពេលដែលថ្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ ការប្រើប្រាស់សម្រាប់កសិកម្ម និងនៅទីសាធារណៈ នៅរក្សាតម្លៃដដែល៕