លើសពីនេះ វិនិយោគិនចិន ក៏បានឈរនៅលំដាប់លេខរៀងទី១ និងបានក្ដោបការវិនិយោគរហូតជាង៧៨% ក្នុងចំណោមគម្រោងផលិតកម្មទាំងអស់ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តក្នុងរយៈពេល១ខែដើមឆ្នាំ២០២៤ នេះផងដែរ។
បើទោះជាបែបនេះក្ដី ថ្នាក់ដឹកនាំកម្ពុជានៅតែបន្តស្នើឱ្យរដ្ឋាភិបាលចិន និងក្រុមហ៊ុនវិនិយោគចិនបន្តជួយ និងមកបណ្តាក់ទុនវិនិយោគលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជាបន្ថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកចិន គឺជាដៃគូសំខាន់ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍននៅកម្ពុជា លើគ្រប់វិស័យ និងគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសការជួយពីភាគីចិនមិនមានលក្ខខណ្ឌស្មុគ្រស្មាញ ដូចបណ្ដាដៃគូអភិវឌ្ឍដទៃឡើយ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន នៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីការអភិវឌ្ឍន៍ និងភាពរីចម្រើនផ្នែកសេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាក្រោមការជួយគាំទ្រពីរដ្ឋាភិបាលចិន។ សម្ដេចធិបតីអះអាងថា ជានិច្ចកាលរាជរដ្ឋាភិបាលចិន តែងយកចិត្តទុកដាក់ក្នុងការជួយស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន នៅទូទាំងប្រទេសកម្ពុជា ដែលស្របទៅតាមតម្រូវការ និងការរីកចម្រើនរបស់ប្រទេសជាតិ។
តាមរយៈការចូលរួមជួយយ៉ាងសកម្មរបស់រដ្ឋាភិបាលចិននេះ បានធ្វើឲ្យចិនឈរលំដាប់ទី១ ជាប្រទេសដែលផ្តល់ឥណទានសម្បទាន និងជំនួយច្រើនជាងគេសម្រាប់អភិវឌ្ឍន៍កម្ពុជា។ ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តស្នើឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគចិនបន្តជួយ និងមកបណ្តាក់ទុនវិនិយោគលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជាបន្ថែមទៀត ដូចជាគម្រោងផ្លូវល្បឿនលឿន គម្រោងផ្លូវនាវាចរព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវរថភ្លើងធន់ស្រាល និងរថភ្លើងក្រោមដីជាដើម។
ទន្ទឹមនឹងអរគុណដល់ប្រជាជន និងរដ្ឋាភិបាលចិនដែលបានជួយដល់កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា មកទល់បច្ចុប្បន្ននេះកម្ពុជាមានស្ពានធំៗសរុបចំនួន២៥ ក្នុងនោះមានស្ពានចំនួន១៩ បានសាងសង់រួច ខណៈស្ពានចំនួន៣កំពុងសាងសង់ និងស្ពានចំនួន៣ផ្សេងទៀតកំពុងសិក្សា។ ខណៈភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជាទាំងនេះមានការជួយជ្រោមជ្រែង និងរួមចំណែកយ៉ាងសំខាន់ពីប្រទេសចិន។ ជាក់ស្ដែង គិតមកដល់ពេលនេះ ចិនបានជួយសាងសង់ស្ពាននៅកម្ពុជាបានសរុបចំនួន១៦ ខណៈស្ពានចាក់អង្រែ-ព្រែកប្រានេះ ជាស្ពានទី១៦ ដែលបានសាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃ របស់ចិន។
សូមបញ្ជាក់ថា ចិននៅតែបន្តជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់កម្ពុជា ដោយនៅពេញ១ឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានក្នុងទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារអាម៉េរិក កើនឡើង៥% បើធៀបទៅនឹងឆ្នាំ២០២២។ ដោយឡែក បើយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិនិយោគិនចិនបានឈរនៅលំដាប់លេខរៀងទី១ និងបានក្ដោបការវិនិយោគរហូតជាង៧៨% ក្នុងចំណោមគម្រោងផលិតកម្មទាំងអស់ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តក្នុងរយៈពេលពេញ១ខែដើមឆ្នាំ២០២៤ នេះ។
ជាមួយគ្នានេះ ប្រទេសទាំងពីរកម្ពុជា-ចិន បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលជាគន្លឹះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើកថែមទៀត៕