ចិនស្ទាក់ស្ទើរចុះកុងត្រាថ្មីទិញប្រេងពីរុស្ស៊ី!

រុស្ស៊ីលក់ប្រេងបញ្ចុះតម្លៃឲ្យចិន ប៉ុន្ដែចិនស្ទាក់ស្ទើរចុះកុងត្រាទិញ ព្រោះខ្លាចរងទណ្ឌកម្មពីអាមេរិក


ប្រទេសចិនកំពុងជៀសវាងពីការចុះកិច្ចសន្យាទិញប្រេងថ្មីៗរបស់រុស្ស៊ី បើទោះបីជាមានការលក់បញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់ក្ដី។ ស្របពេលដែលប្រទេសចិនបានបដិសេធមិនដាក់ទណ្ឌកម្មលើរុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ក្រុមហ៊ុនប្រេងរបស់រដ្ឋចិន ហាក់កំពុងអនុវត្តស្របតាមការអំពាវនាវថ្មីៗចុងក្រោយ របស់រដ្ឋអំណាចទីក្រុងប៉េកាំង ឲ្យមានការប្រុងប្រយ័ត្នដោយមិនត្រូវចុះហត្ថលេខាលើកិច្ចសន្យាថ្មីៗ
ចិនស្ទាក់ស្ទើរចុះកុងត្រាថ្មីទិញប្រេងពីរុស្ស៊ី
ដោយ

ជាមួយរុស្ស៊ីនោះទេ ដោយសារតែចិនកំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីលោកខាងលិច ពិសេសសហរដ្ឋអាមេរិកតែម្ដង។នេះបើតាមរបាយការណ៍មួយដែលត្រូវបានសារព័ត៌មានរ៉យទ័រចុះផ្សាយ។

ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិន ត្រូវបានគេប្រាប់ឲ្យបន្តគោរពតាមកិច្ចសន្យាដែលមានស្រាប់ជាមួយរុស្ស៊ី ប៉ុន្តែប្រភពមួយបានប្រាប់ Reuters ថាក្រុមហ៊ុន Sinopec ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងដែលជាក្រុមហ៊ុនចម្រាញ់ប្រេងធំជាងគេនៅអាស៊ី រួមជាមួយក្រុមហ៊ុនដទៃទៀតដូចជា ក្រុមហ៊ុន CNOOC, PetroChina និង Sinochem បាននាំគ្នាផ្អាកលើការជួញដូរប្រេងថ្មីៗរបស់រុស្ស៊ីសម្រាប់ខែឧសភាខាងមុខនេះ។

ប្រភពព័ត៌មានរ៉យទ័របានកត់សម្គាល់ថា ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានហាមឃាត់ការនាំចូលប្រេង របស់រុស្ស៊ីកាលពីខែមីនា ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនចាប់ផ្តើមលែងចង់នាំចូលប្រេងរបស់រុស្ស៊ីដែរ ព្រោះតែខ្លាចទណ្ឌកម្ម។ បន្ថែមពីលើនេះ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនថាមពលយក្សៗរុស្ស៊ីថែមទៀតដូចជា ក្រុមហ៊ុន រ៉ូសនេស(Rosneft) និងហ្គាសប្រ៉ម(Gazprom) ស្របពេលដែលសហភាពអឺរ៉ុបកំពុងពិចារណា ចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការហាមឃាត់ការនាំចូលទាំងស្រុងតែម្តង។ ប្រការនេះរឹតតែធ្វើឲ្យក្រុមហ៊ុនចិនញញើតនឹងនាំប្រេងចូលពីរុស្ស៊ី។

ខណៈដែលការដាក់ទណ្ឌកម្មរបស់លោកខាងលិចបន្ត សង្កត់លើសេដ្ឋកិច្ចរបស់រុស្ស៊ី អ្នកវិភាគមួយចំនួនបាននិយាយថា លោក ពូទីន អាចនឹងងាកទៅរកប្រទេសចិនកាន់តែខ្លាំងឡើងៗ ដើម្បីជាបង្អែកកុំឲ្យសេដ្ឋកិច្ចម៉ូស្គូដុនដាបពេក។

យ៉ាងណាមិញ ភាពប្រយ័ត្នប្រយែងរបស់ក្រុមហ៊ុនប្រេងចិនបានកើតឡើង ក្រោយទីក្រុងប៉េកាំងបានបង្ហាញជំហរគាំទ្រសម្រាប់ប្រទេសរុស្ស៊ី។ កាលពីដើមខែកុម្ភៈ ប្រទេសទាំងពីរក៏បានប្រកាសបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូ គ្មានដែនកំណត់នឹងគ្នាផងដែរ។ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក ចិនមិនបានថ្កោលទោសច្បាស់លាស់ណាមួយ ចំពោះការលុកលុយរបស់ទីក្រុងមូស្គូ ទៅលើទីក្រុងកៀវនោះទេ ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

នៅចំពោះមុខការខិតជិតរកគ្នារវាងប្រទេសទាំងពីរ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី វេនឌី សឺមែន(Wendy Sherman) បាននិយាយថា ទណ្ឌកម្មដែលដាក់លើរុស្ស៊ី ជុំវិញសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនគួរតែផ្តល់សមល្មមឱ្យចិនបានយល់ច្បាស់អំពីផលវិបាកដែលខ្លួនអាចប្រឈម ប្រសិនបើប៉េកាំងផ្តល់ជំនួយជាសម្ភារៈយោធា ឬសេដ្ឋកិច្ចដល់ទីក្រុងម៉ូស្គូ។

លោកស្រីបាននិយាយចំៗតែម្តងថា ទណ្ឌកម្មទាំងអស់ រួមទាំងការត្រួតពិនិត្យលើការនាំចេញដែលបានធ្វើឡើងដោយសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូឯទៀត សម្រាប់ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីលោកពូទីន  គួរតែសមរម្យទុកជាគំរូសម្រាប់មេដឹកនាំចិនលោកស៊ី ជិនពីងហើយ។

បន្ថែមពីលើនេះលោកស្រី សឺមែន បានឆ្លៀតប្រាប់ទៅទីក្រុងប៉េកាំងថា គួរតែមើលគំរូឲ្យហើយទៅថាតើ រុស្ស៊ីទទួលបានមេរៀនយ៉ាងណាខ្លះ ពីលោកខាងលិចពេលឈ្លានពានអ៊ុយក្រែន ដូចនេះរាល់សកម្មភាពរបស់ចិនដែលចង់យកកោះតៃវ៉ាន់មកគ្រប់គ្រងដោយបង្ខំ ក៏នឹងទទួលបានលទ្ធផលមិនខុសគ្នាប៉ុន្មានដែរ។

គួររំឭកថា អំឡុងពេលការជជែកគ្នាតាមវីដេអូកាលពីខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានព្រមានផ្ទាល់ទៅលោកស៊ី ជីនពីង រួចហើយ អំពីផលវិបាកសម្រាប់ការគាំទ្រនិងជួយជ្រោមជ្រែងរុស្ស៊ីប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច ឬការផ្តល់ជំនួយផ្នែកយោធាជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហុងគ្រីត្រៀមខ្លួនជាស្រេចក្នុងការទូទាត់ថ្លៃប្រេងរុស្ស៊ីជាប្រាក់រូប្ល ទោះសហភាពអឺរ៉ុបប្រឆាំង

ព័ត៌មាន
ប្រទេសហុងគ្រី ដែលជាសមាជិកសហភាពអឺរ៉ុបដែរនោះ បាននិយាយនៅថ្ងៃទី ៦ ខែមេសាថា ខ្លួនបានត្រៀមទូទាត់សម្រាប់ការទិញឧស្ម័នរុស្ស៊ី ដោយប្រើប្រាស់ប្រាក…

គ្មានអស់លុយមួយរៀលទេ សម្រាប់ការផ្ទេរប្រាក់មកពីក្រៅប្រទេសចូលគណនីធនាគារអេស៊ីលីដា

ព័ត៌មាន
ដឹងអត់ គ្រាន់តែមានគណនីជាមួយធនាគារ អេស៊ីលីដា លោកអ្នកអាចទទួលប្រាក់បានភ្លាមៗពីបងប្អូនសាច់ញាតិ ដែលធ្វើការនៅភៅប្រទេសជាច្រើនដូចជា ជប៉ុន សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ