ក្រសួងរតនាគារអាម៉េរិក បានបញ្ជាក់ថា ប្រទេសចិនបានកាត់បន្ថយការកាន់កាប់ ឬ លក់ចេញសញ្ញាប័ណ្ណរតនាគារ ឬមូលបត្របំណុលអាម៉េរិក ពីជាង៨៦៩ពាន់លានដុល្លារ ក្នុងខែមីនា ឆ្នាំ២០២៣ មកនៅត្រឹម៧៦៧,៤ពាន់លានដុល្លារ គិតត្រឹមខែមីនា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ការកាន់កាប់សញ្ញាប័ណ្ណរតនាគារអាម៉េរិក ពីសំណាក់ប្រទេសចិន បានធ្លាក់ចុះជាលំដាប់ពីកម្រិតកំណត់ត្រា១,៣ទ្រីលានដុល្លារ ដែលត្រូវបានកត់ត្រានៅខែវិច្ឆិកា ឆ្នាំ២០១៣។
ដំណឹងនេះកើតឡើង ស្របពេលដែលប្រទេសចិន ងាកចេញការប្រើប្រាស់ប្រាក់ដុល្លារ នៅក្នុងការទូទាត់ពាណិជ្ជកម្មឆ្លងព្រំដែន និងខណៈដែលប្លុកប្រទេស BRICS កំពុងព្យាយាមបង្កើតរូបិយប័ណ្ណឌីជីថល ដើម្បីប្រជែងនឹងប្រាក់ដុល្លារអាម៉េរិក។ ហើយប្រាកដណាស់ថា ធនាគារកណ្ដាលអាម៉េរិក កំពុងតែតាមដានស្ថានការណ៍វិវត្តទាំងនេះយ៉ាងយកចិត្តទុកដាក់។
នៅក្នុងសន្និសីទមួយកាលពីពេលថ្មីៗនេះស្តីពីសារសំខាន់ជាសកល នៃប្រាក់ដុល្លារអាម៉េរិក លោក គ្រីស្តូហ្វ័រ វ៉លល័រ (Christopher Waller) ទេសាភិបាលធនាគារកណ្ដាលអាម៉េរិក បានគូសបញ្ជាក់ថា ការលើកឡើងថា ប្រាក់ដុល្លារអាចនឹងដួលរលំ គឺជាការបំផ្លើសគ្មានមូលដ្ឋាន ប៉ុន្តែបានទទួលស្គាល់ថា តួនាទីនៃប្រាក់ដុល្លារអាម៉េរិក ដែលជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកកំពុងតែប្រែប្រួល។
លោកបានបន្ថែមទៀតថា តួនាទីរបស់សហរដ្ឋអាម៉រិក នៅក្នុងសេដ្ឋកិច្ចពិភពលោកកំពុងតែប្រែប្រួល ខណៈដែលប្រព័ន្ធហិរញ្ញវត្ថុកំពុងតែប្រែប្រួល។ តែទោះជាយ៉ាងណា យោងតាមវាស់ស្ទងមួយចំនួនដែលអាចជឿទុកចិត្តបានបង្ហាញថា ប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណដែលត្រូវបានប្រើប្រាស់ច្រើនជាងគេ និងញឹកញាប់ជាងគេបំផុតក្នុងពិភពលោក៕
ដោយ: តែម សុខុម