បើយោងទៅតាមសេចក្តីព្រៀងដំណោះស្រាយថ្មីមួយច្បាប់បានឲ្យដឹងថា ភាគីចិន និងរុស្សីចង់ឲ្យសមាជិកទាំង១៥ ទាំងអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លុបចោលនូវទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង។
ការចង់ឲ្យដកចេញទណ្ឌកម្មពីរបបក្រុងព្យុងយ៉ាងដូចនេះ ត្រូវបានចិន និងរុស្សី អះអាងថា មានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនស៊ីវិល និង ដោះស្រាយវិបត្តិមនុស្សធម៌ នៅក្នុងប្រទេសដ៏ឯកោមួយនេះផងដែរ។
សេចក្តីព្រៀងដំណោះស្រាយថ្មីនេះទៀតសោត ក៏បានដាក់បញ្ចូលមកវិញ នូវសំណើចាស់ចំនួនពីរ ដែលស្នើឡើងដោយក្រុងប៉េកាំង និងម៉ូស្កូ កាលពីឆ្នាំ២០១៩ ដើម្បីដកបម្រាមលើជនជាតិកូរ៉េខាងជើងដែលធ្វើការនៅបរទេស និងដកការហាមឃាត់ មិនឲ្យមានកិច្ចសហប្រតិបត្តិការសាងសង់ផ្លូវដែក និងផ្លូវថ្នល់ឆ្លងកាត់ឧបទ្វីបកូរ៉េជាដើម។
គេនៅចាំបានថា ចិននិងរុស្សីកាលពីឆ្នាំ២០១៩បានជួបពិភាក្សាគ្នា ក្រៅផ្លូវការចំនួនពីរដងរួចមកហើយ ដើម្បីស្វែងរកការដកទណ្ឌកម្មអន្តរជាតិពីកូរ៉េខាងជើង តាមរយៈការបង្កើតចងក្រង ដំណោះស្រាយជាលាយលក្ខណ៍អក្សរមួយ ប៉ុន្តែដំណោះស្រាយនោះ ពុំធ្លាប់បានដាក់ជូនក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីបោះឆ្នោតនោះទេ។ រីឯសេចក្តីព្រៀងដំណោះស្រាយថ្មីនេះ ក៏ពុំទាន់បានបញ្ចូនទៅដល់ដៃរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែរ។
គួរជម្រាបថា កូរ៉េខាងជើងបានស្ថិតនៅក្រោមសម្ពាធអន្តរជាតិ និងទណ្ឌកម្មជាបន្តបន្ទាប់របស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ ២០០៦មកម្ល៉េះ ដោយសារតែភាពរឹងរូសរបស់ខ្លួន ក្នុងការបន្តអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរ ក្បាលគ្រាប់មីស៊ីល និងការផ្គើនសាកល្បងអាវុធដែលខ្លួនផលិតបាន រហូតមកដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា មានតែប្រទេសចិន និងរុស្សីប៉ុណ្ណោះ ដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើង ហើយតែងតែចង់ឲ្យប្រទេសដ៏ឯកោមួយនេះ ភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកឡើងវិញ និងដកចេញនូវរាល់ទណ្ឌកម្មទាំងឡាយ ដើម្បីឲ្យក្រុងព្យុងយ៉ាង ងើបចេញពីវិបត្តិស្បៀងអាហារ និងវិបត្តិសេដ្ឋកិច្ច៕