ប្រទេសជិត ២០០ គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុង សាម អែលស៊ែក (Sharm El-Sheikh) នៅប្រទេសអេហ្ស៊ីបសម្រាប់កិច្ចចរចាស្ដីពីអាកាសធាតុពិភពលោកមួយផ្សេងទៀត ក៏ប៉ុន្តែភាពតានតឹងផ្នែកការទូតរវាងប្រភពដ៏ធំបំផុតទាំង២ នៃឧស្ម័នផ្ទះកញ្ចក់ដែលឡើងកម្ដៅកាន់តែខ្លាំងឡើងនោះ បានគំរាមកំហែងដល់កិច្ចប្រជុំ ដែលត្រូវបានគេស្គាល់ថា COP27 មួយនេះ។
កិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមគ្នារវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោននេះបានជួយជំរុញឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ២០១៥។ ប៉ុន្តែប្រទេសចិនបានផ្អាកការពិភាក្សាទ្វេភាគីទាំងអស់នៅក្នុងខែសីហា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តរបស់អាមេរិក គឺលោកស្រី ណានស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង និងដែលចិនអះអាងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន និងសហរដ្ឋអាមេរិកកាលពីមុនបានបង្កើតកិច្ចសហប្រតិបត្តិការល្អៗនៅក្នុងវិស័យនៃការប្រែប្រួលអាកាសធាតុដោយធ្វើការរួមគ្នា ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចបាននិងចូលជាធរមានផងដែរ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការអាកាសធាតុ ចិន-អាមេរិកមិនអាចញែកដាច់ចេញពីបរិយាកាសដ៏ទូលំទូលាយនៃទំនាក់ទំនងទ្វេភាគីបានទេ ដោយកត់សម្គាល់ថា ការបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ចិនពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក ផេឡូស៊ី ទៅកោះតៃវ៉ាន់នោះបានធ្វើឱ្យប្រទេសចិនគ្មានជម្រើសអ្វីក្រៅតែពីការផ្អាកកិច្ចពិភាក្សានោះតែប៉ុណ្ណោះដូច្នេះហើយភាគីសហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។
ប្រទេសចិនមិនបានផ្អាកកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀតនោះទេ ហើយនឹងបន្តគាំទ្រដំណើរការចរចាអាកាសធាតុពហុភាគីដោយបន្ថែមថា ចិនមានឆន្ទៈក្នុងការទាក់ទង និងសម្របសម្រួលជាមួយគ្រប់ភាគីដើម្បីធានាថា កិច្ចពិភាក្សាអាកាសធាតុ COP27 នេះនឹងទទួលបានជោគជ័យ។
មន្ត្រីជំនាញការបាននិយាយថា ក្ដីរំពឹងទុកនៅមុនពេលកិច្ចចរចាអាកាសធាតុ COP27 នេះហាក់មានកម្រិតទាបរួចទៅហើយចំពេលមានការព្រួយបារម្ភជាសកលអំពីការផ្គត់ផ្គង់ថាមពល ដែលបណ្តាលមកពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយទំនាក់ទំនងចិន-អាមេរិកដែលចេះតែអាក្រក់ទៅៗនោះក៏បានជំរុញឱ្យការរំពឹងទុកទាំងនោះកាន់តែធ្លាក់ចុះថែមទៀតផងដែរ។
លោក ហ្វ្រាង ចូតហ្សូ (Frank Jotzo) នាយកមជ្ឈមណ្ឌលគោលនយោបាយអាកាសធាតុ និងថាមពលនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីបាននិយាយថា កិច្ចសហការរវាងអាមេរិក និងចិនក្នុងការប្តេជ្ញាចិត្តចំពោះអាកាសធាតុនេះគឺជាអ្វីមួយពិតជាបានជួយដល់អាកាសធាតុបានច្រើននាពេលកន្លងមក។
លោក ចូតហ្សូ បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា វាលែងមានទៀតហើយ ហើយពិតជាមិនមានការរំពឹងទុកច្រើនថាវានឹងបង្ហាញខ្លួនឡើងវិញទៀតឡើយ៕
អត្ថបទ៖ សុខ ជា