ជប៉ុននិងចិន

មេដឹកនាំជប៉ុន និងចិនកំពុងសម្លឹងរកឱកាសជួបពិភាក្សាគ្នាទល់មុខនៅពាក់កណ្ដាលខែវិច្ឆិកានេះ


រដ្ឋាភិបាលរបស់ប្រទេសជប៉ុន និងប្រទេសចិនបានចាប់ផ្តើមរៀបចំផែនការសម្រាប់កិច្ចប្រជុំកំពូលមួយរវាងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) នៅពាក់កណ្តាលខែវិច្ឆិកានេះ ដែលវានឹងក្លាយជាជំនួបដំបូងរវាងមេដឹកនាំទាំងពីរ បើគិតចាប់តាំងពីកូវីដ១៩រាតត្បាត និងចាប់តាំងពីលោកស៊ីជីន ពីងបានក្ដោបក្ដាប់តំណែងប្រធានាធិបតីចិនក្នុងអាណត្តិទី៣មក។
មេដឹកនាំជប៉ុន និងចិនកំពុងសម្លឹងរកឱកាសជួបពិភាក្សាគ្នាទល់មុខនៅពាក់កណ្ដាលខែវិច្ឆិកានេះ

កាសែតជប៉ុន Sankei ​បានរាយ​ការណ៍​ដោយ​ដកស្រង់ប្រភព​ជាច្រើន​របស់​រដ្ឋា​ភិបាលថា ជំនួបទ្វេភាគី​រវាង​កំពូលមេដឹកនាំចិន និងជប៉ុននេះ ​នឹងត្រូវធ្វើឡើងស្របពេល​​​ជាមួយសន្និសីទ​អន្តរ​ជាតិ​មួយ ​ដែលនឹង​ត្រូវធ្វើ​ឡើង​នៅតំបន់​​អាស៊ីអាគ្នេយ៍។​

គេនៅចាំបានថា កិច្ចប្រជុំ​កំពូលចិន-ជប៉ុនដោយផ្ទាល់ចុងក្រោយបង្អស់គឺនៅឆ្នាំ២០១៩ជា​ពេលដែលលោកលោក ស៊ី ​បានជួបជាមួយអតីត​​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ី​ហ្សូ អាបេ (Shinzo Abe)​ ក្នុងទីក្រុងប៉េកាំង ហើយ​កាល​ពី​ឆ្នាំ​២០២០​លោក ស៊ី​ ក៏​គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន​ផងដែរ ​ប៉ុន្តែដំណើរ​នោះ​ត្រូវបានពន្យារ​ពេល​ដោយ​សារ​​ការរាតត្បាតនៃវីរុស​កូរ៉ូណា​។

ប្រធានខុទ្ទកាល័យរបស់រដ្ឋាភិបាលជប៉ុនលោក ហ៊ីរ៉ូកាហ្ស៊ុ ម៉ាតស៊ុណូ (Hirokazu Matsuno)​ បាន​ប្រាប់សន្និសីទព័ត៌​មាន​​ជាប្រចាំមួយ​​ថា មក​ដល់​ពេល​នេះ ​មិន​ទាន់​មានការ​សម្រេចចិត្ត​ច្បាស់​លាស់​​នៅ​ឡើយទេ ​​សម្រាប់​កិច្ចប្រជុំកំពូល​​ជា​មួយប្រទេស​ចិន​នេះ ​​​ប៉ុន្តែថា ​វាមានសារៈសំខាន់ក្នុងការ​រក្សាការសន្ទនា​នៅកម្រិត​ផ្សេងៗ។​

លោក ម៉ាត​ស៊ុណូ​ បាននិយាយថា តាមរយៈការខិតខំប្រឹងប្រែង​​របស់​រដ្ឋាភិបាល​​ទាំងពីរ​​នេះ​ប្រទេស​ជប៉ុន​​​មានបំណង​កសាងទំនាក់ទំនង​ប្រកបដោយ​ភាពស្ថាបនា និងស្ថិរភាព​ជាមួយ​ប្រទេសចិន ដែលក្នុងនោះរួម​ទាំង​​​ការរក្សា​​​ការសន្ទនា​​យ៉ាងរឹងមាំ និង​កិច្ចសហប្រតិបត្តិការ​ដោះស្រាយ​បញ្ហា​ប្រឈមរួម​​មួយ​ចំនួន​ផង​ដែរ​​។

កិច្ចប្រជុំរវាង​លោក ស៊ី ​និង​លោក គីស៊ីដា នេះ​​​អាច​​នឹងធ្វើនៅខាង​ក្រៅ​កិច្ចប្រជុំ​កំពូល​របស់​​ក្រុមប្រទេស​​​​សេដ្ឋកិច្ចធំៗ​ចំនួន ២០​ នៅប្រទេសឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ទី​១៥-១៦ ខែវិច្ឆិកា​ ឬក៏អាច​នឹង​​ធ្វើ​​​​នៅក្នុងកិច្ច​ប្រជុំ​​រវាងមេដឹកនាំ​នៃបណ្តាប្រទេសនៃ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ​(APEC) នៅ​ថ្ងៃទី១៨-១៩ ខែវិច្ឆិកា​​នៅ​រដ្ឋ​ធានី​​​បាងកក​​ប្រទេស​ថៃ​។ នេះ​បើ​តាម​ការ​សែត​ Sankei៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ចំនួនយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនធ្លាក់ចុះ ៤០% ក្រោយក្រុមហ៊ុនចាប់ផ្តើមយកតម្លៃសេវា

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ចាក់ថា ក្រោយក្រុមហ៊ុនចាប់ផ្តើមយកតម្លៃសេវាសម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្…

ប្រទេសចិនថា អាមេរិកសមនឹងត្រូវគេស្ដីបន្ទោស ចំពោះការធ្វើឱ្យខូចកិច្ចសហប្រតិបត្តិការអាកាសធាតុ

ព័ត៌មាន
ក្រសួងការបរទេសចិនបាននិយាយថា ទំនាក់ទំនងការទូតស្តីពីការប្រែប្រួលអាកាសធាតុរវាងចិន និងសហរដ្ឋអាមេរិក គឺមិនអាចផ្ដាច់ចេញពីភាពតានតឹងផ្នែកនយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ