ឧស្សាហកម្មថ្នាំជក់របស់ប្រទេសចិន ដែលគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋ China Tobacco ទទួលបានប្រាក់ចំណូលរហូតដល់២១០ពាន់លានដុល្លារកាលពីឆ្នាំ២០២៣ កើនឡើងជាង៤% បើធៀបនឹងឆ្នាំ២០២២ ដែលស្មើនឹង៦ដងនៃប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុន Philip Morris International ដែលជា ក្រុមហ៊ុនថ្នាំជក់ដ៏ធំមួយលើពិភពលោក។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ក្រុមហ៊ុន China Tobacco គឺជាក្រុមហ៊ុនមានសិទ្ធិផ្តាច់មុខលើការលក់ផលិតផលថ្នាំជក់របស់ប្រទេសចិនទាំងមូល។ ទិន្នន័យ ដែលទទួលបានដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Euromonitor បានបង្ហាញថា បរិមាណនៃការលក់បារីរាយនៅក្នុងប្រទេសចិន បានកើនឡើងខ្លាំងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ដោយឈានដល់២,៤៤ទី្រលានដើមក្នុងឆ្នាំ២០២៣ ហើយអាចនឹងបន្តកើនឡើងជារៀងរាល់ឆ្នាំដល់២,៤៨ទ្រីលានដើម នៅឆ្នាំ២០២៨ ខាងមុខ។ ក្រុមហ៊ុនស្រាវជ្រាវនេះបានបន្ថែមថា កំណើននេះបានកើតឡើងស្របពេលមានការកើនឡើងនូវប្រជាប្រិយភាពរបស់បារីមានដើមតូចៗ។
បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ប្រទេសចិនមានអ្នកជក់បារីច្រើនជាងគេបំផុតនៅលើពិភពលោក ពោលគឺប្រមាណជា៣០០លាននាក់ ដែលស្មើនឹងជិតមួយភាគបីនៃអ្នកជក់បារីសរុប។
លោក ហ្គាន ក្វាង (Gan Quan) អនុប្រធានជាន់ខ្ពស់នៃនាយកដ្ឋានគ្រប់គ្រងថ្នាំជក់នៅក្រុមហ៊ុន Vital Strategies បាននិយាយថា ក្រុមហ៊ុនថ្នាំជក់ចិនបាននិងកំពុងកេងប្រវ័ញ្ចលើសុខភាពអ្នកជក់បារី។
ជាមួយគ្នានេះ លោក ជូឌីត ម៉ាកខេ (Judith Mackay)នាយកទីប្រឹក្សាអាស៊ីស្តីពីការគ្រប់គ្រងថ្នាំជក់បានអះអាងថា ជំនឿនៅក្នុងប្រទេសចិន ដែលថាការដាំថ្នាំជក់មានសារៈសំខាន់សម្រាប់កសិករ ហើយពន្ធថ្នាំជក់ គឺជាការរួមចំណែកដ៏សំខាន់ដល់សេដ្ឋកិច្ចជាតិ គឺជាកត្តាជំរុញឲ្យឧស្សាហកម្មថ្នាំជក់នៅចិនកាន់តែសកម្ម៕
ដោយៈ សរ សុជាតិ